ខេត្តកំពង់ស្ពឺ ៖ រដ្ឋបាលក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ បានព្រមានចាត់វិធានការតាមច្បាប់ចំពោះម្ចាស់សត្វចិញ្ចឹមទាំងឡាយ ពិសេសសត្វគោ-ក្របី ដែលលែងនៅទីសាធារណៈឱ្យដើរស៊ីពាសវាលពាសកាល ក្នុងទីប្រជុំជន និងបង្កឱ្យមានគ្រោះថ្នាក់ ខូចខាតដល់ទ្រព្យសម្បត្តិរបស់អ្នកធ្វើដំណើរ ។

ការព្រមានបែបនេះ ធ្វើឡើងក្រោយមានការណែនាំចំនួន០២លើក ទៅដល់ម្ចាស់សត្វចិញ្ចឹម(សត្វគោ-ក្របី) ដែលលែងឱ្យដើរពាសវាលពាសកាល ប្រសេចប្រសាច បោចស៊ីដំណាំអ្នកដទៃ ពិសេសស្មៅសួន និងផ្កាតាមសួនសាធារណៈក្នុងក្រុង ។

លោក ទឹម ផានូ អភិបាលក្រុងច្បារមន បានឱ្យដឹងនៅព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ថា រដ្ឋបាលក្រុងបានជូនដំណឹងជាបន្តបន្ទាប់ទៅដល់ប្រជាពលរដ្ឋ និងសាធារណជនទូទៅក្នុងក្រុងច្បារមន ដែលចិញ្ចឹមសត្វពាហនៈ (គោក្របី) លែងចោលឱ្យដើរពាសវាលពាសកាល ប្រសេចប្រសាច បោចស៊ីដំណាំអ្នកដទៃ ស្មៅសួន និងផ្កាតាមសួនសាធារណៈក្នុងក្រុងដោយមិនមានការគ្រប់គ្រងឱ្យបានត្រូវ ។

ការជូនដំណឹងនេះ ដើម្បីរៀបចំសណ្តាប់ធ្នាប់សង្គម លើកស្ទួយសោភ័ណភាពក្រុង និងចូលរួមការពារ ថែរក្សា សមិទ្ធិផលនានា របស់រដ្ឋបាលខេត្ត-ក្រុង ដែលបានខិតខំកែលំអសោភ័ណភាពក្រុងច្បារមនទាំងមូលឱ្យប្រែមុខមាត់ថ្មីជាក្រុងបៃតង។

លោកអភិបាលក្រុងច្បារមន ក៏បានលើកឡើងដោយសង្កត់ធ្ងន់ថា ដើម្បីថែរក្សាសមិទ្ធិផលទាំងឡាយឱ្យបានគង់វង្ស និងដើម្បីរៀបចំសណ្តាប់ធ្នាប់ក្រុងឱ្យមានភាពល្អប្រសើរ រដ្ឋបាលក្រុងត្រូវតែដាក់ចេញនូវវិធានការមួយចំនួនដល់ម្ចាស់សត្វចិញ្ចឹមទាំងអស់ ត្រូវតែបញ្ឈប់ជាបន្ទាន់នូវការលែងសត្វចិញ្ចឹមក្នុងទីសាធារណៈ ហាមដាច់ខាត ការលែងសត្វគោឱ្យដើរស៊ីស្មៅ ផ្កា នៅលើសួនច្បារសាធារណៈក្នុងក្រុងតទៅទៀត ។

ក្នុងករណីមិនអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុង នឹងចាត់វិធានការចុះចាប់សត្វគោ ក្របីទាំងនោះយកមករក្សាទុករង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ និងធ្វើការផាកពិន័យយ៉ាងធ្ងន់ធ្ងរ ។
ជុំវិញការលែងនេះ ក្នុងករណីមានគ្រោះថ្នាក់ជាយថាហេតុ ដែលបង្កឡើងពីសត្វគោ ក្របី ដែលលែងចោល នៅតាមទីសាធារណៈ ម្ចាស់គោ ក្របីនោះត្រូវទទួលខុសត្រូវទាំងស្រុង ក្នុងការទូទាត់សំណងការខូចខាត និងត្រូវទទួលទោសតាមផ្លូវច្បាប់ផងដែរ ៕





ចែករំលែកព័តមាននេះ