ខេត្តក្រចេះ ៖ នាថ្ងៃទី០៥ កក្កដា ២០២៥ កម្លាំងសមត្ថកិច្ចនគរបាលកំពុងបន្តនីតិវិធីពាក់ព័ន្ធករណីជនសង្ស័យម្នាក់ ក្នុងករណីអំពើឃាតកម្មមិនបានសំរេចប្រព្រឹត្ត កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។

ពាក់ព័ន្ធករណីខាងលើនេះ កម្លាំងសមត្ថកិច្ចនគរបាលបានយកចិត្តទុកដាក់ស្រាវជ្រាវនិងកំណត់អត្តសញ្ញាណជនសង្ស័យក្រោយប្រព្រឹត្តបទល្មើសរួចរត់គេចខ្លួន។ បន្ទាប់ដឹងពីតម្រុយនៃទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ នារសៀលវេលាម៉ោង១៧និង១០នាទីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកស្នួល បានសហការជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ កំរិតស្រាលនៃស្នងការដ្ឋាននគរបាល ខេត្តក្រចេះ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះឡោមព័ទ្ធដល់ទីតាំងលាក់ខ្លួន និងឃាត់ខ្លួនជនសង្ស័យបានម្នាក់។

យោងតាមផេករបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ជនសង្ស័យម្នាក់ដែលត្រូវបានឃាត់ខ្លួនគឺបានជាប់ពាក់ព័ន្ធនិងបទល្មើសអំពើឃាតកម្ម (មិនបានសម្រេច) ប្រព្រឹត្តឡើងកាល ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង២១និង១០នាទី នៅចំណុចភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ដែលបណ្តាលអោយជនរងគ្រោះម្នាក់រងរបួសធ្ងន់ធ្ងរ ។ ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានចាប់យកសម្ភារវត្ថុតាងរួមមាន៖កាំបិតផ្គាក់ដងខ្លី០១ដើម,ទូរស័ព្ទ០១គ្រឿងម៉ាកអុិនចុចពិល ពណ៌ផ្ទៃមេឃ និងម៉ូតូចំនួន០១គ្រឿងម៉ាកវ៉េវRSX ពណ៌ក្រហម (គ្មានផ្លាកលេខ)។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងខាងលើ បានបញ្ចូនទៅការិយាល័យ ជំនាញខេត្តចាត់ការបន្តតាមនីតិវិធី ។ ទាក់ទិនករណីខាងលើ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះបានបញ្ជាក់យ៉ាងខ្លីតាមប្រព័ន្ធតេឡេក្រាមថា សមត្ថកិច្ចកំពុងបន្តនីតិវិធី ៕

ចែករំលែកព័តមាននេះ