ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ហូ​ឡង់ រក​ឃើញ​ថា ការ​ហាម​ប្រើ​ទូរ​សព្ទ​ដៃ​នៅ​សាលារៀន ជួយ​បង្កើន​ការ​ផ្តោតអារម្មណ៍​សិក្សា​របស់​សិស្ស

23 ម៉ោង មុន

ទីក្រុង​អាំ​ស្ទែរ​ដាំ ៖ ការ​ហាមឃាត់​ប្រើប្រាស់​ទូរ​សព្ទ​ដៃ និង​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ផ្សេង​ទៀត នៅ​តាម​សាលារៀន​ក្នុង​ប្រទេស​ហូ​ឡង់ បាន​ធ្វើ​ឲ្យ​ការ​ផ្តោតអារម្មណ៍​សិក្សា​របស់​សិស្ស មាន​ភាព​ប្រសើរ​ឡើង នេះ​បើ​យោង​តាម​ការ​សិក្សា​មួយ ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ហូ​ឡង់ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ…

ទីក្រុង​អាំ​ស្ទែរ​ដាំ ៖ ការ​ហាមឃាត់​ប្រើប្រាស់​ទូរ​សព្ទ​ដៃ និង​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ផ្សេង​ទៀត នៅ​តាម​សាលារៀន​ក្នុង​ប្រទេស​ហូ​ឡង់ បាន​ធ្វើ​ឲ្យ​ការ​ផ្តោតអារម្មណ៍​សិក្សា​របស់​សិស្ស មាន​ភាព​ប្រសើរ​ឡើង នេះ​បើ​យោង​តាម​ការ​សិក្សា​មួយ ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ហូ​ឡង់ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២៥ ។

​ការ​ស្ទង់​មតិ​នៅ​តាម​សាលារៀន​ឯកជន និង​វិទ្យាល័យ ចំនួន ៣១៧ បាន​បង្ហាញ​ថា មតិ​ចំនួន ៣ ភាគ ៤ ថា​ការ​ហាមឃាត់​នេះ បាន​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​ការ​ផ្ចង់អារម្មណ៍​របស់​សិស្ស​។ លើស​ពី​នេះ មតិ​ជិត ២ ភាគ ៣ បាន​កត់សម្គាល់​ឃើញ​ពី​ភាព​ប្រសើរ​ឡើង នៃ​បរិយាកាស​សង្គម​នៅ​ក្នុង​សាលារៀន​របស់​ពួក​គេ ហើយ ១ ភាគ ៣ បាន​សង្កេត​ឃើញ​ពី​ការ​អនុវត្ត​រៀនសូត្រ​កាន់តែ​ប្រសើរ​ឡើង ក្នុង​ចំណោម​សិស្ស​ទាំងអស់ ។​

លោកស្រី Marielle Paul រដ្ឋលេខាធិការ​ក្រសួង​អប់រំ បាន​ថ្លែង​ថា “​ការ​ហាមឃាត់​នេះ មាន​ផល​រំខាន​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​មានការ​យកចិត្តទុកដាក់​ចំពោះ​មេរៀន​កាន់តែ​ច្រើន និង​សិស្ស​ដែល​ចូល​ចិត្ត​រាប់អាន​គ្នា​ផង​ដែរ​។ ការ​មិន​ឲ្យ​មាន​ទូរ​សព្ទ​ដៃ​នៅ​ក្នុង​ថ្នាក់រៀន កំពុង​មាន​ផល​វិជ្ជមាន​ដ៏​ល្អ​អស្ចារ្យ​។ វា​ពិតជា​ល្អ​ណាស់ ដែល​សាលារៀន​កំពុង​ដាក់​កម្លាំងកាយ​កម្លាំងចិត្ត​លើ​រឿង​នេះ​” ។

​ការ​ហាមឃាត់​នេះ បាន​ចាប់ផ្តើម​អនុវត្ត​តាំងពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៤ ហើយ​ក៏​អនុវត្ត​ចំពោះ​សាលា​បឋម​សិក្សា​ផង​ដែរ ។ យ៉ាងណា
​សាលារៀន​ភាគច្រើន ក៏​អនុញ្ញាត​សម្រាប់​ឧបករណ៍​គាំទ្រ​ផ្នែក​វេជ្ជសាស្ត្រ ដូច​ជា​ឧបករណ៍​ជំនួយការ​ស្តាប់ ដែល​ភ្ជាប់​ទៅ​នឹង​ឧបករណ៍​ចល័ត ។

សូម​រម្លឹក​ដែរ​ថា អំឡុង​ខែកក្កដា ឆ្នាំ​២០២៣ រដ្ឋាភិបាល​ប្រទេស​ហូ​ឡង់ បាន​ប្រកាស​ថា ទូរ​សព្ទ និង​ឧបករណ៍​ចល័ត រួម​ទាំង​ថេ​ប្លេ​ត និង​នាឡិកា​ឆ្លាត​វៃ នឹង​ត្រូវ​ហាមឃាត់​ពី​ថ្នាក់រៀន ដើម្បី​កុំឱ្យ​មានការ​រំខាន​ដល់​ការ​សិក្សា​របស់​សិស្ស ។

គំនិត​ផ្តួចផ្តើម​នេះ កំពុង​ត្រូវ​បាន​ណែនាំ​ដោយ​មានការ​សហការ​ជាមួយ​សាលារៀន ហើយនឹង​ចូល​ជា​ធរមាន​នៅ​ដើមឆ្នាំ​ក្រោយ​(​ឆ្នាំ​២០២៤) ។ យ៉ាងណា​ក៏​ដោយ វា​នឹង​មាន​ករណី​លើកលែង​មួយ​ចំនួន បូក​រួម​ទាំង​សិស្ស​ដែល​មាន​តម្រូវការ​ផ្នែក​វេជ្ជសាស្ត្រ ឬ​ពិការ​ភាព និង​សម្រាប់​ថ្នាក់​ដែល​ផ្តោត​លើ​ជំនាញ​ឌី​ជី​ថ​ល ។

រដ្ឋមន្ត្រីក្រសួង​អប់រំ កាល​ជំនាន់​នោះ ធ្លាប់​លើក​ឡើង​ថា ៖ «​ទោះបីជា​ទូរ​សព្ទ​ចល័ត​តែង​នៅ​ជាប់​ជាមួយ​យើង​ក៏​ដោយ ប៉ុន្តែ​វា​មិនមែន​ជា​របស់​នៅ​ក្នុង​ថ្នាក់រៀន​នោះ​ទេ​។ សិស្ស ត្រូវ​តែ​ផ្តោតអារម្មណ៍​ចំពោះ​ការ​រៀន ហើយ​ត្រូវ​ទទួល​ឱកាស​រៀនសូត្រ ឱ្យ​បាន​ល្អ​បំផុត​។ ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ក៏​បាន​បញ្ជាក់​ថា ទូរ​សព្ទ​ដៃ​រំខាន​ដល់​ការ​រៀនសូត្រ​របស់​សិស្ស​» ។

ការ​សិក្សា​ជា​ច្រើន បាន​រក​ឃើញ​ថា ការ​កំណត់​ម៉ោង​លេង​ឧបករណ៍​ចល័ត ឬ​ទូរ​សព្ទ​របស់​កុមារ ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​យល់​ដឹង និង​ការ​ផ្តោតអារម្មណ៍​កាន់តែ​ប្រសើរ​ឡើង​។ រដ្ឋាភិបាល​បាន​និយាយ​ថា វា​អាស្រ័យ​លើ​សាលា​នីមួយ​ៗ ក្នុង​ការ​យល់ព្រម​លើ​ច្បាប់​ជាមួយ​គ្រូ ឪពុក​ម្តាយ និង​សិស្ស ថា​តើ​ពួក​គេ​ចង់​ហាមឃាត់​ឧបករណ៍​ទាំងអស់​ចេញពី​សាលារៀន​ដែរ ឬទេ ?

លទ្ធផល នឹង​ត្រូវ​បាន​ពិនិត្យ​ឡើង​វិញ នៅ​ចុងឆ្នាំ​សិក្សា ២០២៤/២០២៥ ដើម្បី​មើល​ថា តើ​វា​ដំណើរការ​បាន​ល្អ​ប៉ុណ្ណា ? តើ​ត្រូវការ ដាក់​ការ​ហាមឃាត់​នេះ ក្នុង​ផ្លូវច្បាប់​ដែរ ឬទេ ? ។ រហូត​មក​ឆ្នាំ​នេះ សាលារៀន​នៅ​ប្រទេស​ហូ​ឡង់​ទទួល​បាន​ផ្លែផ្កា​ហើយ ដោយ​ការ​ហាមឃាត់​ទូរ​សព្ទ និង​ឧបករណ៍​អេ​ឡិច​ត្រូ​និក គឺ​ពិតជា​ជួយ​ដល់​ការ​ពង្រឹង​ការ​សិក្សា និង​បរិយាកាស​ក្នុង​បន្ទប់រៀន ។

សូម​ជម្រាប​ថា ប្រទេស​ផ្សេង​ទៀត រួម​ទាំង​ប្រទេស​ហ្វាំ​ង​ឡង់ អង់គ្លេស និង​បារាំង ក៏​បាន​ស្នើ​ផង​ដែរ នូវ​ការ​ហាមប្រាម​ទូរ​សព្ទ​ចល័ត ដើម្បី​បង្កើន​ការ​រៀនសូត្រ​របស់​សិស្ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ