ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​វា.យ​ប្រ.ហារ​ខ្លាំង​ជាង​ពេល​ណា​ទាំង​អស់​ស្លា.ប់​ម្នាក់​ រ.បួ.ស​២៦នាក់

1 ថ្ងៃ មុន

ទី​ក្រុង​កៀវ៖ បន្ទាប់​ពី​ត្រាំ និង​ពូទីន​ទើប​តែ​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​បាន​មួយ​ថ្ងៃ​ រុស្ស៊ី​ពន្លះ​អ៊ុយ​ក្រែន​មួយ​ប្រាវ​យ៉ាង​ចាស់​ដៃ​ជាង​ពេល​ណា​ៗ​ទាំង​អស់​កាលពី​យប់​មិញ។ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​រុស្ស៊ី​វាយ​ប្រហារ​ស្លាប់​មនុស្ស​ម្នាក់​ និង​របួស​យ៉ាង​តិច​២៦​នាក់​ ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន​ លោក​ហ្សេ​ឡិន​ស្គី ប្រកាស​ថា​លោក​ទើប​តែ​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​ជា​មួយ​លោក​ត្រាំ​។ លោក​ចាត់​ទុក​ថា​នោះ​ជា​ការ​សន្ទនា​ដ៏​មាន​សារៈ​សំខាន់​…

ទី​ក្រុង​កៀវ៖ បន្ទាប់​ពី​ត្រាំ និង​ពូទីន​ទើប​តែ​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​បាន​មួយ​ថ្ងៃ​ រុស្ស៊ី​ពន្លះ​អ៊ុយ​ក្រែន​មួយ​ប្រាវ​យ៉ាង​ចាស់​ដៃ​ជាង​ពេល​ណា​ៗ​ទាំង​អស់​កាលពី​យប់​មិញ។ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​រុស្ស៊ី​វាយ​ប្រហារ​ស្លាប់​មនុស្ស​ម្នាក់​ និង​របួស​យ៉ាង​តិច​២៦​នាក់​ ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន​ លោក​ហ្សេ​ឡិន​ស្គី ប្រកាស​ថា​លោក​ទើប​តែ​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​ជា​មួយ​លោក​ត្រាំ​។ លោក​ចាត់​ទុក​ថា​នោះ​ជា​ការ​សន្ទនា​ដ៏​មាន​សារៈ​សំខាន់​ និង​ប្រកប​ដោយ​សាច់​ការ​​។

ថ្នាក់​ដឹក​នាំ​ទាំង​២​បាន​ជជែក​គ្នា​ពី​ការ​ពង្រឹង​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​,​ ការ​​ផលិត​អាវុធ​រួម​គ្នា​ ​និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​របស់​អាមេរិក​ដើម្បី​​បញ្ចប់​សង្គ្រាម​។ អ្នក​សារ​ព័ត៌​មាន​​​បាន​សាក​សួរ​លោក​ត្រាំ​​​ពាក់​ព័ន្ធ​នឹង​ការ​សន្ទនា​គ្នា​នោះ​។ លោក​ឆ្លើយ​តប​ថា​នោះ​ជា​ការ​សន្ទនា​ដ៏​មាន​សារៈ​សំខាន់​។ ពោល​គឺ​ផ្ទុយ​ពិ​ការ​​សន្ទនា​ជា​មួយ​លោក​ពូទីន​ដែល​លោក​ចាត់​ទុក​ថា​​​គ្មាន​បាន​សាច់​ការ​​អ្វី​ទាល់​តែ​សោះ​។​​ ត្រាំ​ថា​គាត់​ខក​ចិត្ត​យ៉ាង​ខ្លាំង​ជាមួយ​ពូទីន​។ គាត់​ថា​​ពូទីន​ប្រហែល​ជា​គ្មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម​ទេ​។​

ចំពោះ​សំណួរ​ថា​តើ​លោក​អាច​រក​វិធី​បញ្ចប់​សង្គ្រាម​ឃើញ​ទេ​។ លោក​ត្រាំ​ឆ្លើយ​តប​ថា​លោក​មិន​ដឹង​ទេ​។ លោក​មិន​អាច​ជម្រាប​ជូន​ថា​តើ​សង្គ្រាម​នេះ​អាច​ចប់​ ឬ​មិន​ចប់​នោះ​ឡើយ​។ នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ អាមេរិក​សម្រេច​​ចិត្ត​ផ្អឹប​ទុក​គម្រោង​ផ្ដល់​ជំនួយ​យោធា​ទៅ​អ៊ុយ​ក្រែន​ ជា​ពិសេស​ ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​។ ឥឡូ​វនេះ ក្រុម​សម្ព័ន្ធ​មិត្ត​នៅ​ប៉ែក​អឺរ៉ុប​កំពុង​រក​វិធី​ធ្វើ​ម៉េច​ជួយ​បំពេញ​ចំណុច​ចន្លោះ​ប្រហោង​​សម្រាប់​អ៊ុយ​ក្រែន។ លោក​ហ្សេឡិន​​ស្គី​ថ្លែង​ថា​អ៊ុយ​ក្រែន​ក៏​ចង់​សាង​សង់​រោង​ចក្រ​​ផលិត​អាវុធ​នៅ​ក្នុង​ស្រុក​ផង​ដែរ​។ ប៉ុន្តែនេះ​ជា​កិច្ច​ការ​ធំ​ដែល​ត្រូវ​ការ​ពេល​វេលា​យូរ​អង្វែង​ត​ទៅ​មុខ​ទៀត​។​​

ក្រឡេក​ទៅ​មើល​ស្ថាន​ភាព​សង្គ្រាម​វិញ​ម្ដង។​​ អ៊ុយ​ក្រែន​អះ​អាង​ថា​រុស្ស៊ី​វាយ​ប្រហារ​តាម​អាកាស​រយៈ​ពេល​៧​ម៉ោង​ទៅ​លើ​ទី​ក្រុង​តូច​ធំ​របស់​ខ្លួន​ ជា​ពិសេស រដ្ឋ​ធានី​កៀវ​ឥឡូវ​នេះ​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​វាយ​ប្រហារ​ខ្លាំង​ជាង​គេ​។ អាជ្ញា​ធរ​បន្លឺ​សំឡេង​ស៊ីរ៉ែន​ស្រែក​កង​រំពង​ពេញ​រដ្ឋ​ធានី​នៅ​ពេល​រុស្ស៊ី​បាញ់​ផ្ដក់​គ្រាប់​មីស៊ីល និង​វាយ​ប្រហារ​ដោយ​ដ្រូន​ស្រេច​តែ​នឹង​ចិត្ត​របស់​ពួក​គេ​​​។

លោក​ហ្សេឡិន​​ស្គី​ចាត់​ទុក​ថា​នោះ​ជា​រាត្រី​រន្ធត់​ដែល​គ្មាន​នរណា​អាច​ដេក​ពួន​បាន​ឡើយ​ព្រោះ​រវល់​តែ​គេច​ពី​គ្រាប់​កាំ​ភ្លើង​។​​ ជា​រួម​ រុស្ស៊ី​បញ្ជូន​ដ្រូន​៥៥០គ្រឿង​​ និង​មីស៊ីល​ជា​ច្រើន​គ្រាប់​ទៅ​វាយ​ប្រហារ​អ៊ុយ​ក្រែន​កាល​ពី​យប់​មិញ​។ ដ្រូន​ភាគ​ច្រើន​ម៉ាក​សាហ៊ីត​ដែល​ជា​ផលិត​ផល​របស់​អ៊ីរ៉ង់​។ ប៉ុន្តែ​ក៏​មាន​ផង​ដែរ​​មីស៊ីល​១១​គ្រាប់​របស់​រុស្ស៊ី​​​។ ស្ត្រី​ម្នាក់​ឈ្មោះ​អាលីយ៉ា សា​ឡៃ (Alya Shahlai) វ័យ​២៣​ឆ្នាំ​ជា​អ្នក​ថត​រូប​អាពាហ៍​ពិពាហ៍​ថ្លែង​ថា​ផ្ទះ​របស់​ខ្លួន​ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង​ដោយ​ការ​វាយ​ប្រហារ​លើក​នេះ​។

ក្រុម​គ្រួសារ​របស់​នាង​ត្រូវ​ពួន​សម្ងំ​នៅ​ក្នុង​ជម្រក​ក្រោម​ដី​ព្រោះ​សំឡេង​ផ្ទុះ​មាន​សភាព​ខ្លាំង​ក្លា​ណាស់​។ បើ​សិន​ហ៊ាន​​​​ស្នាក់​នៅ​ក្នុង​ផ្ទះត​ទៅ​ទៀត​​ប្រាកដ​ជា​អាសន្ន​ធំ​ជា​មិន​ខាន។ នេះ​សំណាង​ហើយ​ចេះ​ចុះ​ទៅ​ក្រោម​ដី​ទាន់​ កុំ​អី​​ពួក​គេ​ត្រូវ​ក្ស័យ​សង្ខារ​​។ ​ នៅ​ពេល​មើល​ឃើញ​ស្ថាន​ភាព​​មិន​ស្រួល​ ក្រុម​គ្រួសារ​របស់​នាង​ក៏​ចុះ​ទៅ​សម្ងំ​នៅ​ក្នុង​រូង​ក្រោម​ដី​។ ដប់​នាទី​ក្រោយ​មក​ ផ្ទះ​របស់​ពួក​គេ​ត្រូវ​បាន​កម្ទេច​ទាំង​ស្រុង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ