រាជធានីភ្នំពេញ ៖ ក្នុងស្មារតីស្រឡាញ់ធម្មជាតិ ជនជាតិជប៉ុន និងជនខ្មែរ ៨០០នាក់ បានរួមគ្នា ដាំកូនឈើចំនួន ១ម៉ឺនដើម លើផ្ទៃដីទំហំ៥ហិកតា នៅក្នុងឧទ្យានធម្មជាតិអង្គរអ៊ីអន នាផ្នែកខាងជើង នៃបារាយណ៍ជ័យតដាក(បារាយណ៍ខាងជើង) នៃប្រាសាទនាគពន្ធ ក្នុងតំបន់ឧទ្យានអង្គរ ។
ការដាំកូនឈើគឺមានសារៈសំខាន់ ដោយវាអាចជួយដល់ជីវចម្រុះធម្មជាតិ ជួយដល់បរិស្ថានឱ្យប្រជាពលរដ្ឋអាចរស់នៅមានសុខភាពល្អ ព្រមទាំងអាចធ្វើឱ្យមាននិរន្តភាព នៃប្រភពទឹកនៅក្រោមដី ដើម្បីជួយទ្រទ្រង់ដល់គ្រឹះប្រាសាទបុរាណនានា ឱ្យមានសុវត្ថិភាពផង។
ថ្លែងក្នុងពិធីដាំដុះ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ សាន់ណារ៉ា ឡងឌី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសុភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ដើមឈើគឺជាជីវិត បើគ្មានដើមឈើ គឺគ្មានប្រភពទឹក គ្មានជីវិតមនុស្ស សត្វ និងជីវចម្រុះ គ្មានបរិស្ថានស្រស់ស្អាត និងគ្មានអ្វីៗទាំងអស់ ។
លោកជំទាវបញ្ជាក់ទៀតថា ៖ “នៅក្នុងតំបន់អង្គរ គឺដើមឈើមានសារសំខាន់យ៉ាងខ្លាំង។ ដើមឈើមានតួនាទី ក្នុងការទាក់ទាញទឹកភ្លៀង រក្សាបាននូវប្រភពទឹកក្រោមដី ស្រូបយកឧស្ម័នកាបូនិកបំប្លែងទៅជាឧស្ម័នអ៊ុកស៊ីហ្សែន និងផ្ដល់ជាម្លប់ដល់អ្នកទេសចរណ៍ និងសត្វផង។ បន្ថែមលើនេះដើមឈើ ក៏ដើរតួនាទីដ៏សំខាន់ផ្សេងទៀត ក្នុងកិច្ចការពារប្រាសាទបុរាណផងដែរ” ។
លោកជំទាវបន្តថា មានន័យប្រាសាទបុរាណខ្មែរជាច្រើន បានសាងសង់លើគ្រឹះ ដែលជាដីខ្សាច់ ហើយត្រូវការចាំបាច់នូវប្រភពទឹកក្រោមដី និងទឹកភ្លៀង សម្រាប់រក្សា និងបញ្ចូលទឹកទៅក្នុងប្រឡាយ ស្រះ បារាយណ៍ កសិន្ទុបុរាណ ដែលនៅព័ទ្ធជុំវិញ ដើម្បីជួយចិញ្ចឹមគ្រឹះប្រាសាទ ឱ្យមានលំនឹង និងកុំឱ្យបាក់ដួលរលំ។ ដើមឈើ ក៏ជួយជារនាំងការពារទប់ទល់ និងការប្រែវប្រួលអាកាសធាតុ ការរីករួមពុកផុយថ្មរបស់ប្រាសាទ និងគ្រោះធម្មជាតិ ខ្យល់ព្យុះ ព្រមទាំងទឹកជំនន់ជាដើម ។
ជាមួយគ្នានោះដែរ លោកជំទាវរដ្ឋលេខាធិការបានលើកឡើងថា ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ អាជ្ញាធរជាតិអប្សរា ដែលមានកិច្ចសហការជាមួយស្ថាប័នផ្សេងៗ បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការដាំដើមឈើចម្រុះ នៅក្នុងតំបន់ឧទ្យានអង្គរ បានចំនួនជាង២លានដើម ។
ចំ
ណែកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម អាត់ស៊ីស៊ិ អ៊ីណូ (Atsushi Ueno) បានថ្លែងថា ជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនអ៊ីអន មិនត្រឹមតែមកវិនិយោគ ដើម្បីជួយសេដ្ឋកិច្ច ផ្ដល់ការងារលើកកម្ពស់ជីវភាពប្រជាពលរដ្ឋខ្មែរទេ គឺក្រុមហ៊ុននេះ ក៏កំពុងចូលរួមការងារសង្គមនៅក្នុងប្រទេសកម្ពុជាជាច្រើន ដូចជាកិច្ចការពារបរិស្ថាន និងកិច្ចការពារសម្បត្តិបេតិកភណ្ឌផងដែរ ។
ជាក់ស្ដែងមូលនិធិអ៊ីអន បានជួយសាងសង់សារមន្ទីរព្រះនរោត្តមសីហនុ នៅក្នុងខេត្តសៀមរាប ដើម្បីដាក់វត្ថុសិល្បៈបុរាណ ដែលរកឃើញពីតំបន់អង្គរផងដែរ ។
លោកថា រាជរដ្ឋាភិបាលជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការល្អៗថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រីកនិងពង្រឹងមិត្តភាពជប៉ុន-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។
សមាជិកក្រុមប្រឹក្សាភិបាលមូលនិធិបរិស្ថានអីអន លោក ណាអូយ៉ា អូកាដា(Naoya Okada)បានថ្លែងនៅក្នុងពិធីប្រារព្ធពិធីដាំដើមឈើលើកទី១ នៅក្នុងឧទ្យានធម្មជាតិអង្គរ រួមគ្នានេះថា គម្រោងដាំដើមឈើ១ម៉ឺនដើមនៅក្នុងឧទ្យានអង្គរថ្ងៃនេះ ក្នុងបំណងដើម្បីការពារក្រុងអង្គរធំដែលជាសម្បត្តិបេតិកភណ្ឌ ការពារបរិស្ថានជួយដល់ជីវិតសត្វ និងមនុស្សឱ្យកាន់តែប្រសើរឡើង។
លោក Naoya Okada បានលើកឡើងថាការដាំកូនឈើនៅថ្ងៃនេះក្រោមកិច្ចសហការរវាងមូលនិធិអ៉ីអន(AEON) ជប៉ុន និងអាជ្ញាធរជាតិអប្សរា ។
លោកក៏បានរំពឹងទុកថាការរួមគ្នាដាំដើមឈើវាងពលរដ្ឋជប៉ុននិងខ្មែរក្នុងថ្ងៃនេះ គឺវាអាចនឹងធ្វើឱ្យធម្មជាតិសំបូរបែបនៅពេលអនាគត។ចាប់តាំងពីឆ្នាំ២០១២មក មូលនិធិអ៉ីអន បានគាំទ្រដល់ការងារលើកកម្ពស់បរិស្ថាននៅក្នុងតំបន់អង្គរ ៕







ចែករំលែកព័តមាននេះ