ទីក្រុងវ៉ាស៊ីនតោន៖ ក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើការយ៉ាងដុតដៃដុតជើងដើម្បីតាមស្វែងរកនារីវ័យក្មេងៗជាច្រើនរូបបាត់ខ្លួននៅក្នុងហេតុការណ៍គ្រោះទឹកជំនន់ដែលហក់ឡើងយ៉ាងឆាប់រហ័សនៅរដ្ឋតិចសាសន៍ ប្រទេសអាមេរិក។ រហូតមកដល់ពេលនេះ គេរកឃើញសាកសពជនរងគ្រោះយ៉ាងតិច២៤នាក់។ នៅសល់មនុស្សបាត់ខ្លួនច្រើននាក់ទៀត។ នៅក្នុងចំណោមនោះក៏មាននារីវ័យក្មេងៗជាងម្ភៃនាក់ដែលធ្វើដំណើរបោះតង់សម្រាកវិស្សមកាលរដូវក្ដៅ។ ភ្លៀងធ្លាក់ខ្លាំងដោយសារឥទ្ធិពលនៃខ្យល់ព្យុះដ៏ធំមួយ។
មូលហេតុដែលជំនន់ទឹកភ្លៀងលើកនេះវាយប្រហារខ្លាំងដោយសារទឹកទន្លេក្វាដាលូប (Guadalupe) ឡើងលិចច្រាំង និងជន់លិចត្រើយទាំងសងខាង។ រថយន្តត្រូវទឹកជំនន់កៀរយកទៅទាំងអស់។ អាជ្ញាធរប្រើប្រាស់កម្លាំងរាប់រយនាក់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះលើកនេះ។ ក្នុងនោះ ១៦៧នាក់ជួយសង្គ្រោះតាមឧទ្ធម្ភាគចក្រ។ មនុស្សបាត់ខ្លួនពិតប្រាកដប៉ុន្មាននាក់មិនទាន់ដឹងច្បាស់នៅឡើយទេ។ ប៉ុន្តែសមត្ថកិច្ចប៉ាន់ស្មានថាប្រហែលចន្លោះពី២៣ទៅ២៥នាក់ដែលមកបោះតង់សម្រាកវិស្សមកាលរដូវក្ដៅនៅតាមមាត់ទន្លេ។
អ្នកដែលជាឪពុកម្ដាយ និងក្រុមគ្រួសារអ្នកបាត់ខ្លួនបានបង្ហោះសារនៅលើបណ្ដាញសង្គមដើម្បីចង់ដឹងអំពីជោគវាសនារបស់អ្នកទាំងនោះ។ សាក្សីនិយាយកន្លែងបោះតង់នោះត្រូវបានបំផ្លាញយ៉ាងខ្ទេចខ្ទីគ្មានសល់ទេដោយសារអានុភាពនៃទឹកជំនន់។ ឧទ្ធម្ភាគចក្រមួយគ្រឿងហោះទៅជួយសង្គ្រោះអ្នកបោះជំរំ។ ទិដ្ឋភាពនៅពេលនោះគួរឱ្យព្រឺព្រួចណាស់។
សាក្សីនិយាយថាខ្យល់ព្យុះបានវាយកម្ទេចក្រណាត់កៅស៊ូតង់ជាចម្រៀកៗ។ នៅពេលក្រុមអ្នកជួយសង្គ្រោះទៅដល់ ពួកគេចងខ្សែភ្ជាប់នឹងនារីវ័យក្មេងទាំងនោះ ចំណែកក្មេងៗនៅក្នុងកៅស៊ូតង់ក៏ចេះតែដើរកាត់ស្ពានមានទឹកលិចត្រឹមជង្គង់។ ករណីទឹកជំនន់វាយប្រហារមួយប្រាវនេះធ្វើឱ្យអ្នកស្រុក អ្នកបោះជំរំ និងអាជ្ញាធរមូលដ្ឋានភ្ញាក់ផ្អើលយ៉ាងខ្លាំង។
អាជ្ញាធរបានចេញមុខការពារវិធានការរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងគ្រោះធម្មជាតិលើកនេះ។ ពួកគេយល់ថាមិនអាចធ្វើអ្វីឱ្យលើសពីនេះទៀតទេ។ មានន័យថាខំប្រឹងដែរប៉ុន្តែធ្វើម្ដេចបើភ្លៀងធ្លាក់លើកនេះមានសភាពខ្លាំងក្លាពេក។ ភ្លៀងត្រឹមតែប៉ុន្មានម៉ោងស្មើនឹងបរិមាណទឹកភ្លៀងរយៈពេលជាច្រើនខែ៕
ចែករំលែកព័តមាននេះ