ខេត្តបាត់ដំបង ៖ លំនៅឋានដ៏ធំមួយខ្នង ត្រូវអគ្គិភ័យលេបត្របាក់យកអស់គ្មានសល់ រួមទាំងទ្រព្យសម្បត្តិផង កាលពីវេលាម៉ោង០៣និង៣៥នាទីរសៀលថ្ងៃទី០៥ ខែកក្កដានេះ នៅចំណុចភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ។
មន្ត្រីពន្លត់អគ្គិភ័យ បានរាយការណ៏ថា លំនៅឋានដែលត្រូវភ្លើងឆេះអស់គ្មានសល់នោះ ធ្វើពីថ្មក្រោម ឈើខាងលើ និងប្រក់ស័ង្កសី មានទំហំ ៦ម៉ែត្រ គុណ៩ម៉ែត្រ ដែលមានឈ្មោះ អឿ ហាន ស្រីអាយុ៦២ឆ្នាំ ជាម្ចាស់ផ្ទះ ។
មន្ត្រីដដែលបានប្រាប់ថា បើតាមការអះអាងពីម្ចាស់ផ្ទះ អគ្គិភ័យដ៏កាចសាហាវនេះ ផ្ដើមចេញពីការឆ្លងចរន្តអគ្គិសនី ហើយបានឆាបឆេះយ៉ាងលឿនបំផុត ជាហេតុធ្វើឲ្យម្ចាស់ផ្ទះ និងអ្នកភូមិ មិនអាចជួយរំដោះសម្ភារៈ ឬអីវ៉ាន់នៅក្នុងបានឡើយ ។
រថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចចំនួន០២គ្រឿង បានចេញអន្តរាគមន៏ភ្លាមៗ តែបានត្រឹមតែជួយបាញ់ទប់ស្កាត់ មិនឲ្យឆ្លងរាលដាលប៉ុណ្ណោះ ព្រោះអគ្គិភ័យបានឆេះលឿនពេក ៖ នេះបើតាមមន្ត្រី ដែលចុះជួយអន្តរាគមន៏ បាននិយាយពីកិច្ចប្រតិបត្តិការជួយសង្គ្រោះ ។
បើតាមសមត្ថកិច្ច បាននិយាយបន្តថា មានរបស់របរតិចតួចណាស់ ដែលជនរងគ្រោះ និងប្រជាពលរដ្ឋបានជួយរំដោះផុតពីចំណីភ្លើង ក្រៅពីនោះ ក្លាយជាផេះទាំងអស់។ ប៉ុន្តែភ្លាមៗនោះ គេមិនទាន់ដឹងពីទំហំ នៃការខាតបង់នៅឡើយទេ ព្រោះមន្ត្រីជំនាញ និង អាជ្ញាធរ កំពុងធ្វើការសួរនាំជនរងគ្រោះ។ យ៉ាងណាក្ដី បើតាមសមត្ថកិច្ច បានរាយការណ៏បឋមថា ក្រៅពីខូចខាតអស់ផ្ទះមួយខ្នងទាំងស្រុង សម្ភារៈ និងទ្រព្យសម្បត្តិផ្សេងៗទៀត ក៏ក្លាយជាផេះគ្មានសល់ដែរ ៕






ចែករំលែកព័តមាននេះ