ឃុំត្រស់នៃស្រុករមាសហែក ខេត្តស្វាយរៀង…ស្ថិតនៅជាប់ព្រំដែនវៀតណាម…អ្នកស្រុកទីនោះនិយាយថា…គួរដូរពីឈ្មោះ «រមាសហែក» ដាក់ឈ្មោះថ្មីថា «ជ្រូកហែក» វិញទើប ត្រឹមត្រូវតាមសម័យកាលដែលកំពុងកើតមាន ។
បានជាអ្នកស្រុកពោលដូច្នោះ ពីព្រោះនៅទូទាំងឃុំមួយឈ្មោះឃុំត្រស់ ដែលស្ថិតនៅជាប់ព្រំដែនប្រទេសវៀតណាម មានរោងចិញ្ចឹមជ្រូករបស់ក្រុមហ៊ុនមួយ…«ម៉ៅផ្តាច់ព្រលឹង»តែម្តង គឺមាន២៧ទីតាំង ។ ទីតាំងចិញ្ចឹមឬរោងដែលមន្ត្រីខ្លះថា ជាកសិដ្ឋានចិញ្ចឹមជ្រូក មានខ្លះស្ថិតនៅចម្ងាយមិនដល់មួយគីឡូម៉ែត្រទេពីខ្សែបន្ទាត់ព្រំដែន ខ្លះទៀតមានចម្ងាយជាងមួយគីឡូម៉ែត្រ ។
រដ្ឋអំណាចនៃឃុំត្រស់ ប្រាប់កោះសន្តិភាពថា ជ្រូកដែលដឹកចេញពីប្រទេសវៀតណាមទាំងយប់ទាំងថ្ងៃតាមម៉ូតូហូរហែមកបាត់ដំណឹងនៅតាមកសិដ្ឋានខាងលើនេះ មិនបានចូលជ្រៅមកដីខ្មែរទេ ដែលពួកគេនិយាយថា ទីតាំងចិញ្ចឹមទាំងប៉ុន្មាននៅតាមបន្ទាត់ព្រំដែនប្រមូលទិញយកទាំងអស់ ។
ក្រោយពេលផ្សាំមួយរយៈមក ជ្រូកនៅទីនោះបានដឹកចេញម្តងៗ រាប់រយរាប់ពាន់ក្បាល ឆ្ពោះមករាជធានីភ្នំពេញ ក្នុងនាមជ្រូកចិញ្ចឹមក្នុងស្រុក ។ សូម្បីតែអាជ្ញាធរ មានសមត្ថកិច្ចដែលត្រួតពិនិត្យ ក្នុងប្រទេសតាមដងផ្លូវជាតិលេខ១ និងលេខ៨ ក៏វង្វេងដែរ ព្រោះគេថាជាជ្រូកចិញ្ចឹមក្នុងស្រុក ។
កន្លងមកមានការចោទប្រកាន់ពីមហាជនថា ជ្រូកមកពីប្រទេសវៀតណាមទាំងយប់ទាំាំងថ្ងៃ ដោយចោទសមត្ថកិច្ចថា បណ្តោយឱ្យជ្រូកយួនហូរចូល ពេលដែលអាជ្ញាធរកម្ពុជាប្រកាសបិទជាញឹកញាប់ ។ ទោះបីប្រកាសបិទមិនឱ្យជ្រូកយួនដែលរាតត្បាត ដោយជំងឺប៉េស្តជ្រូកអាហ្វ្រិកក៏ដោយ ឃើញនៅតែហូរចូលដដែលពីព្រំដែនខេត្តស្វាយរៀង តាមរយៈស្រុករមាសហែក ធ្វើឱ្យមន្ត្រីទាំងឡាយនៅព្រំដែនស្ទើរគ្មានវាចានឹងឆ្លើយតប ។
និយាយដោយសច្ចធម៌ជ្រូកដែលដឹកពីព្រំដែនវៀតណាមទាំងយប់ទាំងថ្ងៃនោះ ដែលមានចំនួនមួយខែៗពីរាប់ពាន់ទៅរាប់ម៉ឺនក្បាលនោះជាជ្រូកនៅស្រុករមាសហែកយ៉ាងពិតប្រាកដ ។ គឺគេដឹកចេញមិនចេះអស់ទេ ហើយការចិញ្ចឹមវាដូចជា «ឆាប់ធំ»ពេក មិនខុសពីទិញជ្រូកយួនធំៗចូល ហើយដឹកចេញបន្ត ដូច «កន្ទេលធំបន្លំដេក» ឬដូច «ក្បាលទំពែកបន្លំកោ»នោះឡើយ ។ សូម្បីអ្នកកាសែត ក៏ត្រូវបានហាមឃាត់មិនឱ្យចូលទៅមើលកសិដ្ឋានត្បាញអាយនេះដែរ គឺការពាររឹងមាំណាស់ ។
ដើម្បីមានយុត្តិធម៌ក្នុងសង្គម…ឬដើម្បីកម្ចាត់ចោលឈ្មួញទុច្ចរិត ដែលពោរពេញទៅដោយមហិច្ឆតាបែបនេះ តើរាជរដ្ឋាភិបាលអាចលុបបំបាត់កសិដ្ឋានស្រមោល ដែលកំពុងបោះទីតាំងនៅជាប់ព្រំដែនវៀតណាមបានដែរឬអត់ ? តាមមតិមហាជននានា នៅខេត្តស្វាយរៀងបានប្រាប់កោះសន្តិភាពថា ឈ្មោះស្រុក «រមាសហែក»នៃខេត្តស្វាយរៀង គួរតែដូរមកឈ្មោះស្រុក «ជ្រូកហែក» វិញទើបវាសមស្របតាមសភាពការណ៍ជាក់ស្តែងនាបច្ចុប្បន្នកាលនេះ ។
ក្រុមអ្នកវិភាគខ្លះថា ប្រសិនបើ «លុបចោល»នូវរោងចិញ្ចឹមជ្រូកជិត៣០កន្លែងតាមព្រំដែនវៀតណាមនៃខេត្តស្វាយរៀង ឱ្យមានប្រសិទ្ធភាពនោះ ការបិទជ្រូកយួនចូលប្រាកដជាមានតម្លាភាពមិនខានឡើយ ។
កោះសន្តិភាពមិនអាចទាក់ទងសុំការបំភ្លឺណាមួយបានទេពីកសិដ្ឋានត្បាញអាយទាំងឡាយនោះ ព្រោះសូម្បីតែទៅជិត ទៅមើលក៏ត្រូវហាមឃាត់ដែរ ។
ឱ ! កន្ទេលធំបន្លំដេកអើយ…អ្នកបន្លំដេកបែបនេះយូរឆ្នាំមកហើយ មានសេចក្តីសុខសាន្តល្អណាស់ ។ និយាយដោយត្រង់ទៅ គឺទើបតែធ្លាយជំងឺប៉េស្តជ្រូកអាហ្វ្រិកឆ្លងពីប្រទេសវៀតណាមទេ ទើប «ពាងប្រហុក»ដែលពេញទៅដោយ «ដង្កូវ» បែកធ្លាយហូរចេញមកក្រៅ ។
សួរថា តើចាំបាច់អីទៅបង្កើតកសិដ្ឋានចិញ្ចឹមជ្រូកនៅជាប់ព្រំដែនវៀតណាម ? ហេតុអ្វីមិនបង្កើតកសិដ្ឋាននៅកណ្តាលប្រទេស ជាពិសេសនៅជុំវិញរាជធានីភ្នំពេញ ដែលងាយស្រួលក្នុងការបញ្ចេញលក់…ដែលមិនបាច់ចំណាយការដឹកជញ្ជូនឆ្ងាយ ?
អីចឹងហើយបានជាអ្នកស្រុករមាសហែកសុំឱ្យរាជរដ្ឋាភិបាលដូរឈ្មោះពី «ស្រុករមាសហែក»មក «ស្រុកជ្រូកហែក»វិញ ដើម្បីរត់ឱ្យទាន់សម័យកាលបច្ចុប្បន្ននេះ ។ តើនៅមានឈ្មួញទុច្ចរិតប៉ុន្មានក្រុមហ៊ុនទៀតដែលទៅបើក «កសិដ្ឋានចិញ្ចឹមជ្រូក» នៅតាមព្រំដែននៃប្រទេសរបស់យើង ?
គ្មានវាចានឹងថ្លែងឡើយ…មានរាប់មិនអស់ទេ…ហេ ! ហេ !
ចែករំលែកព័តមាននេះ