រាជធានីភ្នំពេញ ៖ ខុសពីពេលកន្លងមក ដែលចប់ការប្រកួតរមែងមានការសម្រាកមួយ ឬ២សប្ដាហ៍ ដើម្បីឱ្យក្រុមការងារមានពេលរៀបចំការប្រកួតរដូវកាលថ្មី សម្រាប់ការប្រកួតប្រដាល់រដូវកាលទី៥ ប៉ុស្តិ៍លេខ៥ គឺគ្រាន់តែបញ្ចប់ភ្លាម ក៏បើករដូវកាលទី៦ភ្លាម ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ដោយបើកឆាកកាលពីរាត្រីថ្ងៃទី១៣ កក្កដា ឆ្នាំ២០១៩។

ក្រោមការរៀបចំកម្មវិធីប្រកាសបង្ហាញកីឡាករល្អៗជាគូពានរង្វាន់ថ្មីភ្លាមៗ ក៏មានការប្រកួតឈ្នះចាញ់ដើម្បីចម្រាញ់យកកីឡាករណាខ្លាំងឡើងទៅវគ្គបន្ត។ នេះជាកម្មវិធីប្រកួតកីឡាប្រដាល់កំពូលជើងឯក TV 5 BOXING KNOCK OUT SERIES(K-Cement) រដូលកាលទី៦ ប្រភេទទម្ងន់៦០គីឡូក្រាម។

សប្តាហ៍ថ្មីនេះ ការប្រកួតគូពានរង្វាន់កីឡាករ លន់ សៀកឡេង មកពីក្លិបថ្នល់ទទឹងគុនខ្មែរខេត្តកណ្តាល ប៉ះជាមួយកីឡាករ នួន រ៉ាថេន មកពីក្លិបតាឯកដំបងដែកមានឬទ្ឋិខេត្តព្រៃវែង។មួយគូដណ្តើមពានរង្វាន់នេះ បានធ្វើឲ្យទស្សនិកជន គណៈអធិបតីកញ្ជ្រោលតាមមិនណយនោះទេ ក្នុងពេលល្បិចស្នៀតវយុទ្ធគុនចេញមកប្លែកៗ បើកក្បាលបើកឆាកប្រយុទ្ធទាក់ទាញ សូម្បីអ្នកមកមើលនាំគ្នាឈរចេញកាយវិការឆ្វេងស្តាំតាមអស់ហើយ។

ការបើកប្រកួតភ្លាម កីឡាករ សៀក ឡេង និងរ៉ា ថេន សង្គ្រប់ដាក់គ្នាកែងទៅកែងមក អុកជង្គង់ចេញផ្លែយ៉ាងសាហាវ ហើយពេលខ្លះអ្នកទាំង២ឌឺដងដាក់គ្នាធ្វើឲ្យការប្រដាល់កាន់តែក្តៅឡើងថែមទៀត។ រយៈពេល៣ទឹកពេញ រ៉ាថេន មានឱកាសវាយចូលចំគោលដៅច្រើន សូម្បីតែអ្នកមើលក៏ឃើញថា ឈ្នះប្រាកដក៏ត្រូវបានប្រកាសឲ្យទទួលជោគជ័យឆ្ពោះទៅវគ្គទី២។

កីឡាករ រ៉ាថេន និយាយថា ខ្លួនធ្លាប់ប្រកួតក្នុងប្រភេទទម្ងន់៥៧ចាញ់ ជុំទី២។ ម្តងនេះ លោករំពឹងថា ជុំថ្មីក្រោមការខិតខំហ្វឹកហាត់យ៉ាងដិតដល់ និងយកឈ្នះការប្រកួតជាបន្តបន្ទាប់។លោកមិនអាចមើលរំលងដៃគូបាននោះទេ មានតែឱកាសហាត់រៀនយកក្បាច់ប្លែកៗមកប្រកួតដើម្បីប្រជែងដៃគូ។ (កែសម្រួលដោយ ៖ បុប្ផា)







ចែករំលែកព័តមាននេះ