ខេត្តកណ្ដាល ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា រថយន្តបែនមួយគ្រឿងមានដឹកដីពេញទ្រុងបានបើកជ្រុលទៅបុកលោកអនុប្រធានភូមិម្នាក់កំពុងបើកបរម៉ូតូធ្វើដំណើរតាមផ្លូវ បណ្ដាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នកបើកបររថយន្តប្រុងបើកគេចខ្លួនដែរ ប៉ុន្តែរត់មិនរួចត្រូវបានអ្នកភូមិចាប់ខ្លួនបានប្រគល់ជូននគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីចាត់ការតាមច្បាប់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅតាមផ្លូវលំភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

រថយន្តបង្កម៉ាកហុីណូ ប្រភេទបែនដឹកដី ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ ៣A-០៣១២ បើកបរដោយឈ្មោះ ផុន សុធា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិបឹងគ្រុំក្រោម ឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្ដាល ។ ចំណែកជនរងគ្រោះដែលស្លាប់ឈ្មោះបុិច ទូច ភេទប្រុស អាយុ៥៧ឆ្នាំ ជាអនុប្រធានភូមិមានទីលំនៅក្នុងភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមធុនសេ១២៥ ពណ៌ទឹកខ្មៅ ពាក់ស្លាកលេខ កណ្ដាល ១B-១១៥៨ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ស្របទិសគ្នាជាមួយរថយន្តបែនដឹកដីមួយគ្រឿងនេះ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ រថយន្តបែនដឹកដីបានបត់ស្ដាំចូលទៅផ្លូវលំមួយទៀតក៏បានបុកនិងកិនជានរងគ្រោះបណ្ដាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។

តាមប្រភពព័ត៌មានបានបន្តថា ក្រោយពេលកើតហេតុ រថយន្តបានឈប់ ហើយអ្នកបើកបរបម្រុងរត់គេចខ្លួន ប៉ុន្តែត្រូវបានអ្នកភូមិចាប់បានរួចប្រគល់ជូននគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា)







ចែករំលែកព័តមាននេះ