រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រ១គ្រឿងបានបើកបរក្នុងល្បឿនលឿនទៅដល់ត្រង់ចំណុចភ្លើងស្តុបមួយកន្លែង អ្នកបើកបរបានបួងចង្កូតបត់ឆ្វេងទាំងរថយន្តកំពុងលឿន ជាហេតុធ្វើឲ្យរថយន្តមានសភាពឃ្លេងឃ្លោង រួចក៏ក្រឡាប់ទាំងកំរោល ។ ខណៈនោះបានបណ្ដាលឲ្យរថយន្តនោះរងការខូចខាតយ៉ាងដំណំ ហើយសំណាងល្អ ដែលអ្នកបើកបររបួសស្រាល និងមិនបង្កឲ្យអ្នកដំណើរណាម្នាក់រងរបួស ឬស្លាប់ឡើយ ។
ឧប្បត្តិហេតុនេះបានកើតឡើង កាលពីវេលាម៉ោង៨និង៤០ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅត្រង់ចំណុចភ្លើងស្តុបតាំងរនាម លើមហាវិថីស៊ី ជីនពីង កែងផ្លូវលេខ៤២ ស្ថិតនៅក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។
បើតាមបុរសម្នាក់បាននិយាយថា នៅវេលាម៉ោងខាងលើ មានរថយន្តកុងតឺន័រ១គ្រឿង ពណ៌សអត់ស្លាកលេខបើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាមផ្លូវលេខ៤២ចេញពីក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងទិសដៅពីលិចទៅកើត ។ លុះពេលធ្វើដំណើរទៅដល់ត្រង់ចំណុចភ្លើងស្តុបតាំងរនាម បានឆ្លងមហាវិថីស៊ី ជីនពីង រួចបត់ឆ្វេង ហើយដោយអ្នកបើកបរបួងចង្កូតបត់ខ្លាំងពេកអត់ព្រមបន្ថយល្បឿនរថយន្ត ទើបធ្វើឲ្យរថយន្តកំពុងបើលលឿននិងផ្ទុកធ្ងន់ផង មានសភាជឃ្លេងឃ្លោង រួចក៏ក្រឡាប់ទាំងកំរោលតែម្ដង ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា រថយន្តខាងលើនេះក្រឡាប់ព្រោះតែអ្នកបើកបរបើកព្រហើនពេក ទៅដល់ចំណុចត្រូវឆ្លងផ្លូវ និងបត់ឆ្វេងមិនព្រមបន្ថយល្បឿន ហើយបួងចង្កូតបត់ទាំងរថយន្តកំពុងលឿនទើបក្រឡាប់បែបនេះតែម្ដង ។ នេះសំណាងហើយដែលមិនក្រឡាប់សង្កត់លើអ្នកដំណើរតាមផ្លូវដែលកំពុងឈប់នៅចំណុចភ្លើងស្តុបនោះ បង្កឲ្យមានសោកនាដកម្មកើតឡើង ហើយអ្នកបើកបរខ្លួនឯងនោះ ក៏មិនស្លាប់ឬរងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុ ដោយសារតែរថយន្តមិនបានប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងអ្នកដទៃទៀត ទើបនគរបាលខណ្ឌកំបូលបានឲ្យម្ចាស់ហៅរថយន្តមកស្ទូចទៅស្ទូចលើកយករថយន្តនោះទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង៕



ចែករំលែកព័តមាននេះ