​ជំងឺ​ប៉េ​ស​ជ្រូក​អា​ហ្វ្រិក កំពុងអុកឡុកខ្លាំង​នៅខេត្ត​ត្បូងឃ្មុំ


ខេត្ត​ត្បូងឃ្មុំ​៖ ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​ បាន​ផ្ទុះ​ឡើង​នៅក្នុង​ភូមិ​ចំនួន​ពីរ គឺ​ភូមិ​កំពូល​សេរី និង​ភូមិ​សោយ
ឃុំ​មៀន ស្រុក​អូរ​រាំង​ឪ ដោយបាន​ងាប់ជា​បន្តបន្ទាប់ និង​កើន​ដល់​ជិត​៨០​ក្បាល​ហើយ ចាប់តាំង​ពី​ថ្ងៃ​ទី​២៣​មិថុនា ​ដល់​ថ្ងៃ​ទី​១១​ កក្កដា ២០១៩ ។ ជាមួយ​នោះ​ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​និង​ស្ថាប័ន​ជំនាញ​បាន​នៅ​ប្រចាំការ​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​រាល់ថ្ងៃ​ផង​ដែរ ។

ជាមួយ​នោះ ​អ្នក​ចិញ្ចឹម​ជ្រូក​មួយ​ចំនួន បាន​សុំ​លក់​ជ្រូក​រស់​ក្រែង​បាន​លុយ មក​សង​ធនាគារឯកជន​ខ្លះ​តែ​មិន​ត្រូវ​បាន​ជំនាញ​អនុញ្ញាត​នោះ​ទេ ព្រោះ​បើ​ដឹក​ចេញពី​តំបន់​ផ្ទុះ​ទៅ​កាន់​កន្លែង​ផ្សេង គឺ​ដូច​យក​មេរោគ​ទៅ​ជាមួយនឹង​ធ្វើ​ឲ្យ​ជំងឺ​នេះ​កាន់តែ​រីកសាយ​ភាយ​។

បុរស​ឈ្មោះ​ឃុន ស៊ុ​យ វ័យ​៥៨​ឆ្នាំ នៅ​ភូមិ​បុស​ល្ហុង ឃុំ​អំ​ពិត​តា​ពក ប្រាប់​ថាៈ គាត់​បាន​ចាប់ផ្តើម​ចិញ្ចឹម
ជ្រូក​ក្នុង​រយៈ​ប្រហែល​៤​ឆ្នាំ​មក​ហើយ ចិញ្ចឹម​ម្តង​មាន​ជ្រូក​ជិត​១០​ក្បាល ដោយ​លក់​ឲ្យ​ឈ្មួញ​យក​ទៅកាប់​សាច់​លក់​លើ​ទីផ្សារ ទទួល​បាន​ផល​ចំណេញ​ឲ្យ​កូន​ៗ​បាន​រៀនសូត្រ មានចំនេះ​ដឹង​ខ្ពស់​នឹង​គេហើយ​មិន​ដែល​អី​ ក៏​បាន​ចិញ្ចឹម​បន្ត​មក​ដល់​សព្វ​ថ្ងៃនេះ​។

បុរសឃុន ស៊ុ​យ បន្ត​ថា ស្រាប់​មក​ដល់​ក្នុង​ខែកក្កដា​២០១៩ ជ្រូក​របស់​គាត់​បាន​ចាប់ផ្តើម​ឈឺ​បន្តបន្ទាប់​ លុះ​ពេល​ចាក់​ថ្នាំ​បាន​ធូរ​២​ទៅ​៣​ថ្ងៃ​ក៏​ងាប់​ជ្រូក​ក្នុង​១​ក្បាល ដោយ​មាន​ទង្ង​ន់​ពី​៧០​ទៅ​៨០​គីឡូក្រាម​ហើយ​បែរជា​ត្រូវ​ងាប់​ក្នុង​ចំណោម​៧​ក្បាល​នៅ​សល់​តែ​២​ក្បាល​ប៉ុណ្ណោះ គាត់​សង្ស័យ​កើត​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១១​កក្កដា បាន​មក​សុំ​ថ្នាំ​សម្រាប់​យក​ទៅ​បាញ់​សម្លាប់​មេរោគ​នៅ​ទ្រុង​ជ្រូក​។​

ចំពោះ​ជ្រូក​ងាប់​តំបូង​គិត​យក​ទៅ​លក់​ក្រែង​បាន​លុយ​ខ្លះ ក្រោយ​ពី​ស្តាប់​ការ​ពន្យល់​របស់​ជ​នា​ញ​ពេទ្យសត្វ​រួច​មក​គាត់​មិន​បាន​លក់​ទៅ​ណា​ទេ ដោយ​បាន​ជីកដី​កប់​ដាក់​កំបោរ​សម្លាប់​មេរោគ​ជាសវាង​កុំ​ឲ្យ​ឆ្លង​ទៅ​តំបន់​ផ្សេង ហើយពី​ផ្ទះ​របស់​គាត់​មក​ភូមិ​សោយ មាន​ចំងាយ​ប្រមាណ​៣​គីឡូម៉ែត្រ​គឺ​ស្ថិត​នៅ​ក្នុង​រង្វង់​ហាម​មិន​ឲ្យ​ចរាចរ​សត្វ​។ គា​តា់​ជំពាក់​បំណុល​ធនាគារឯកជន​ចំនួន​ជាង​១០០០​ដុល្លារ​និង​ចំណី​សត្វ​ចំនួន​១​លាន​រៀល នៅ​ពេល​ខាង​មុខ​បើ​ជំងឺ​នេះ​ស្ងប់ស្ងាត់ គាត់​និង​ចាប់ផ្តើម​ចិញ្ចើម​ឡើង​វិញ​ព្រោះ​ជីវភាព​ពឹងផ្អែក​លើ​របរ​នេះ​ផង​ដែរ ។

អ្នកស្រី យី គឹ​ម​ស៊ា​ន អាយុ​៤៥​ឆ្នាំ​នៅ​ភូម​សោយ ឃុំ​មៀន ប្រាប់​ថា គាត់​បាន​ចាប់ផ្តើម​ចិញ្ចឹម​ជ្រូក​ក្នុង
​អំឡុង​តាំងពី​ឆ្នាំ​១៩៩៣​មក​ម្លេះ ដោយ​មាន​ពេល​ខ្លះ​ដាក់​ជ្រូក​ក្រោម​៥០​ក្បាល​ក៏​មាន​ដែរ​និង​បាន​ទទួល
ផល​ចំណេញ​គ្រាន់បើ សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួ​សារបាន​ធូរស្រាល​មួយ​កំរិត​។​កន្លង​មក​ធ្លាប់​ជួបជំងឺ​ត្រចៀក​ខៀវ​តែ​មិន​បាន​ខាតបង់​ប្រាក់​ច្រើន​នោះ​ទេ ទើប​មក​ដល់​ក្នុង​ឆ្នាំ​២០១៩​ជ្រូក​របស់​គាត់​បានឈឺ​ងាប់​បន្តបន្ទាប់​ដោយ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក អស់​១២​ក្បាល​នៅ​សល់​៦​ក្បាល ដោយ​បាន​បំបែក​ដាក់​នៅ​ទ្រុង​ផ្សេង គាត់​ចង់​លក់​ជ្រូក​ដែល​មិន​ឈឺ​ចេញ​គ្រាន់​នឹង​បាន​ថវិការ​ខ្លះ សម្រាប់​សង​ធនាគារ​ឯកជន​ដោយ ​ក្នុង​១​ខែ​ៗ​បង់​ជាង​៣០០​ដុល្លារ ។

លោក​ងួ​ន ប៊ុ​ណ្ណា​ន អភិបាលស្រុក​អូរ​រាំង​ឪ​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា រដ្ឋបាល​ស្រុក​អូរ​រាំង​ឪ​បាន​ទទួល​លិខិត
មួយ​ច្បាប់​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ពី​ការ​ផ្ទុះ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​នៅ​ឃុំ​មៀន
ស្រុក​អូរ​រាំង​ឪ ភ្លាម​ៗ​រូប​លោក​បាន​ចុះ​ទៅ​ដល់​កន្លែង​ផ្ទុះ​ក្រោម​កិច្ចសហការ​ជាមួយនឹង​ជំនាញ​ប​សុ​ព្យា
បាល​ខេត្ត​ដោយ​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ ចែក​ខិតប័ណ្ណ​ដល់​ប្រជាជន​ឲ្យ​បាន​យល់​ដឹង​និង​ចេះ​ពី​ពិធី
ការពារ​មិន​ឲ្យ​ឆ្លង ។

​សូម​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​កំពូល​សេរី​និង​ភូមិ​សោយ ក្នុង​ឃុំ​មៀន មានការ​យោគយល់​ប្រសិនណាបើ​មាន​ជ្រូក​ងាប់ ត្រូវ​ប្រញាប់​រាយ​ការ​ណ៏​មក​ស្ថាប័ន​ជំនាញ​ដើម្បី​វិធានការ​យក​ទៅកប់​ចោល​ក្នុង​រណ្តៅ​ឫ​ដុត​បំផ្លាញ​ចោល ធ្វើ​យ៉ាងណា​រួម​គ្នា​ទប់ស្កាត់​កុំ​ឲ្យ​រីកសាយ​ភាយ​មេរោគ​ទៅ​តំបន់​ខាងក្រៅ​។​ហើយ​យប់​ៗ​បាន​ដាក់​កម្លាំង​សមត្ថកិច្ច ឲ្យ​យាម​នៅ​ប្រចាំការ​តាម​គោលដៅ​ចំនួន​៤ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មាន​ចរាចរ​សត្វ​នៅ​ក្នុង​តំបន់ហាមឃាត់ ៕ (សម្រួលដោយ៖ ស្រីណា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ