សពកងទ័ពមួកខៀវម្នាក់ ដែលពលីជីវិតនៅអាហ្វ្រិកកណ្តាល បានមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញហើយ
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ សពពលបាលឯក ប្រាក់ ដា នៃកងអនុសេនាធំ…
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ សពពលបាលឯក ប្រាក់ ដា នៃកងអនុសេនាធំ…
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ សពពលបាលឯក ប្រាក់ ដា នៃកងអនុសេនាធំ វិស្វកម្មពហុជំនាញលេខ៤៨៦ បេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA) ដែលបានពលីដោយសារជំងឺគ្រុនចាញ់ បានមាតុភូមិនិវត្តន៍ ដល់ប្រទេសកម្ពុជាវិញហើយ ។
ពិធីទទួលសពពលបាលឯក ប្រាក់ ដា បានធ្វើឡើងនៅព្រលានយន្តហោះតេជោអន្តរជាតិ (KTI) ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងវត្តមានថ្នាក់ដឹកនាំក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ព្រមទាំងថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងក្រុមគ្រួសារ សាច់ញាតិរបស់សពពលបាលឯក ប្រាក់ ដា ជាច្រើនរូបទៀត ។
នាឱកាសនោះដែរ ឧនាយករដ្ឋមន្ត្រី ទៀ សីហា សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពពលបាលឯក ប្រាក់ ដា សមាជិកកងវិស្វកម្មពហុជំនាញលេខ៤៨៦ ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ពលបាលឯក ប្រាក់ ដា សមាជិកកងវិស្វកម្មពហុជំនាញលេខ៤៨៦ បានពលីក្នុងអំឡុងពេលបំពេញបេសកកម្មនៅ សាធារណរដ្ឋអាហ្វ្រិកកណ្តាល “MINUSCA” ដោយសារជំងឺគ្រុនចាញ់ ។
ឧនាយករដ្ឋមន្ត្រី ទៀ សីហា បានថ្លែងយ៉ាងដូច្នេះថា ៖ «ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានក្តីរំជួលចិត្តឥតឧបមាដោយបានទទួលដំណឹងអំពីមរណភាពរបស់ពលបាលឯក ប្រាក់ ដា សមាជិកកងវិស្វកម្មពហុជំនាញលេខ៤៨៦ ដែលបានពលីក្នុងអំឡុងពេលបំពេញបេសកកម្មនៅ សាធារណរដ្ឋអាហ្វ្រិកកណ្តាល “MINUSCA” កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ដោយសារជំងឺគ្រុនចាញ់ ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ខ្ញុំសូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះ អាល័យជាទីបំផុតជាមួយក្រុមគ្រួសារពលបាលឯក ប្រាក់ ដា ព្រោះការបាត់បង់នេះ គឺជាការបាត់បង់នូវកុលបុត្រខ្មែរ និងធនធានមនុស្សដ៏ឆ្នើមមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព ដែលបានរួមចំណែកលើកតម្កើងកិត្យានុភាព នៃកងកម្លាំងមួកខៀវកម្ពុជាលើឆាកតំបន់ និងអន្តរជាតិ។ ទោះបីរូបកាយ ពលបាលឯក ប្រាក់ ដា បានបាត់បង់ទៅក៏ពិតមែនតែកុសលកម្ម កិត្តិយស សេចក្តីថ្លៃថ្នូររបស់លោក នឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្តញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធពលបាលឯក ប្រាក់ ជា សូមឆាប់បានចាប់ កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។ សូម ក្រុមគ្រួសារនៃសពពលបាលឯក ប្រាក់ ដា ទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំពីខ្ញុំ» ។
អនុសេនីយ៍ត្រី ប្រាក់ ដា ត្រូវបានក្រុមគ្រួសាររៀបចំបុណ្យទក្ខិណានុប្បទាន និងការគោរពវិញ្ញាណក្ខន្ធ ប្រព្រឹត្តទៅនៅគេហដ្ឋាន នៃសព ភូមិកណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ៕
ចែករំលែកព័តមាននេះ