ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តស្ទឹងត្រែងប្រែក្លាយតំបន់មាត់ទន្លេសេកុង ឲ្យទៅជាកន្លែងកម្សាន្តសាធារណៈដ៏ទាក់ទាញ

15 ម៉ោង មុន

​ស្ទឹងត្រែង៖ អាជ្ញាធរខេត្តស្ទឹងត្រែង ប្រែក្លាយតំបន់មាត់ទន្លេសេកុង ឲ្យទៅជាកន្លែងកម្សាន្តសាធារណៈដ៏ទាក់ទាញ ក៏ដូចជាស្រូបទាញភ្ញៀវទេសចរ​បន្ថែមទៀត។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថានៅព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ…

​ស្ទឹងត្រែង៖ អាជ្ញាធរខេត្តស្ទឹងត្រែង ប្រែក្លាយតំបន់មាត់ទន្លេសេកុង ឲ្យទៅជាកន្លែងកម្សាន្តសាធារណៈដ៏ទាក់ទាញ ក៏ដូចជាស្រូបទាញភ្ញៀវទេសចរ​បន្ថែមទៀត។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថានៅព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ រដ្ឋបាលខេត្តស្ទឹងត្រែង រួមជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំពិធីប្រុងពាលីបើកការដ្ឋានអនុវត្តគម្រោងកែលម្អសោភណភាពក្រុងស្ទឹងត្រែង ដើម្បីប្រែក្លាយតំបន់មាត់ទន្លេសេកុង ឲ្យទៅជាកន្លែងកម្សាន្តសាធារណៈដ៏ទាក់ទាញ។

​គម្រោងកែលម្អសោភណភាពក្រុងនេះ គឺជាផ្នែកមួយនៃ គម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់ទន្លេមេគង្គ ជំហានទី ៤ ដែលទទួលបានហិរញ្ញប្បទានពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។ ការងារសាងសង់នឹងត្រូវអនុវត្តតាមបណ្ដោយដងទន្លេសេកុង ចាប់ពីរង្វង់មូលព្រះភិរុណ រហូតដល់ស្ពានព្រះរាជដំណាក់ ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដែលមានប្រវែងសរុប ៧០០ ម៉ែត្រ ។

​យោងតាមគម្រោងដែលបានបង្ហាញ ការងារសំខាន់ៗដែលត្រូវអនុវត្តក្នុងរយៈពេល ១ ឆ្នាំ រួមមាន៖ ការងារក្រាលកម្រាលថ្មក្រាលនីត ទំហំ ៥,៦៩៨ ម៉ែត្រការ៉េ។ដំឡើងអំពូលសូឡាបំភ្លឺ តាមមាត់ទន្លេចំនួន ៨០ បង្គោល។ ​ដំឡើងកៅអីអង្គុយសាធារណៈ ចំនួន ៥៥ ។ សាងសង់បន្ទប់ទឹកសាធារណៈ ចំនួន ២ កន្លែង។ ដំឡើងឧបករណ៍លេងសម្រាប់កុមារ ចំនួន ១៦ គ្រឿង និង ឧបករណ៍ហាត់ប្រាណ ចំនួន ១៥ គ្រឿង។ បំពាក់ធុងសំរាម ចំណុះ ២៤០ លីត្រ ចំនួន ២០០ ធុង។

បន្ថែមពីលើនេះ គម្រោងសំខាន់ៗផ្សេងទៀតដែលកំពុងអនុវត្តក្រោមហិរញ្ញប្បទានរបស់ ADB រួមមាន ការស្ថាបនាទីលានទុកដាក់សំរាមថ្មី , ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និង ការបិទទីលានចាក់សំរាមចាស់ ជាដើម។

​គម្រោងនេះត្រូវបានគេរំពឹងថា នឹងជួយលើកកម្ពស់សោភ័ណភាពក្រុងស្ទឹងត្រែង ក៏ដូចជាផ្តល់ជាទីកន្លែងកម្សាន្តប្រកបដោយផាសុកភាពសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ