ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការយូណេស្កូ ប្ដេជ្ញាជួយអភិវឌ្ឍជនបទនៅកម្ពុជា ឱ្យរីកចម្រើនយ៉ាងឆាប់រហ័ស

12 ម៉ោង មុន

រាជធានីភ្នំពេញ៖ ប្រធានអង្គការ UNESCO ប្រចាំ​កម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្តចូលរួមចំណែកអភិវឌ្ឍជនបទនៅកម្ពុជា ឱ្យរីកចម្រើនយ៉ាងឆាប់រហ័ស។ យោងតាមការចុះផ្សាយរបស់ក្រសួងអភិវឌ្ឍន៍ជន បានឱ្យដឹងថា នៅថ្ងៃទី១១ ខែកញ្ញា…

រាជធានីភ្នំពេញ៖ ប្រធានអង្គការ UNESCO ប្រចាំ​កម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្តចូលរួមចំណែកអភិវឌ្ឍជនបទនៅកម្ពុជា ឱ្យរីកចម្រើនយ៉ាងឆាប់រហ័ស។

យោងតាមការចុះផ្សាយរបស់ក្រសួងអភិវឌ្ឍន៍ជន បានឱ្យដឹងថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតជូន ឯកឧត្តម Sardar Umar Alam ប្រធានអង្គការ UNESCO ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូ អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តវេនពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៅកម្ពុជា ដើម្បីសំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមករបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈចក្ខុវិស័យ “ការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ដោយបានដាក់ចេញនូវកម្មវិធីអាទិភាព ចំនួន ៥ ដែលធ្វើឱ្យតំបន់ជនបទមានសមាហរណកម្ម មានការអភិវឌ្ឍឆាប់រហ័ស និងធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាព។

ក្នុងគ្រោះនោះដែរ ឯកឧត្តម Sardar Umar Alam បានមានប្រសាសន៍កោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើន ដែលក្រសួងអភិវឌ្ឍន៍ជនបទសម្រេចបាននាពេលកន្លងមក។ ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថានេះជាលើកទី១ ហើយសម្រាប់ឯកឧត្តម ដែលបានជួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដែលកន្លងមក UNESCO ធ្លាប់បានសហការជាមួយក្រសួង-ស្ថាប័ន្ថជាតិចំនួន១២ រួចមកហើយលើការងារអភិវឌ្ឍន៍ និងអភិរក្សក្នុងវិស័យវប្បធម៌ វិស័យអប់រំ វិស័យទេសចរណ៍ និងវិទ្យាសាស្ត ហើយតាមរយៈជំនួបថ្ងៃនេះ ឯកឧត្តម ពិតជាទទួលបានបទពិសោធថ្មីបន្ថែមទៀតលើវិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជា។

ឯកឧត្តម ក៏បានបង្ហាញអំពីការតាំងចិត្ត ក្នុងការចូលរួមចំណែកធ្វើកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងលើការងារអភិវឌ្ឍន៍នៅជនបទដែល UNESCO អាចចូលរួមបានដូចជាការងារអភិវឌ្ឍន៍ភូមិគំរូគន្លឹះជាដើម។

ជាមួយគ្នានេះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានលើកឡើងថាក្រសួងអភិវឌ្ឍន៍គាំទ្រយ៉ាងពេញទំហឹង និងសហការជាមួយ UNESCO ដើម្បីធ្វើឱ្យតំបន់ជនបទនៅកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ