ខេត្តតាកែវ៖ ក្រុមហ៊ុនស្ថាបនា ព្រែកជីកហ្វូណនតេជោ ប្តេជ្ញាសាងសង់ព្រែកជីកហ្វូណនតេជោឲ្យបានរឹងមាំ ខណៈគម្រោងព្រែកជីកនេះចាប់ផ្តើមដំណើរការសាងសង់នាចុងឆ្នាំ២០២៥នេះ។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថានៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងសហការី អញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្ម ថ្នល់និងស្ពានចិន (China Road and Bridge Corporation – CRBC) ជាក្រុមហ៊ុនស្ថាបនា ព្រែកជីកហ្វូណនតេជោ កិច្ចប្រជុំធ្វើនៅសាលាប្រជុំតូចសាលាខេត្តតាកែវ។
ជំនួបពិភាក្សានេះ បានផ្តោតសំខាន់លើកិច្ចការមួយចំនួន រួមមាន៖ វឌ្ឍនភាពការងារសាងសង់ព្រែកជីកហ្វូណនតេជោ, កិច្ចសហការជាមួយអាជ្ញាធរដែនដី, ក្រុមហ៊ុនស្ថាបនា ព្រែកជីកហ្វូណនតេជោ ប្តេជ្ញាសាងសង់ព្រែកជីកហ្វូណនតេជោឲ្យបានរឹងមាំ និង គម្រោងព្រែកជីកហ្វូណនតេជោ ចាប់ផ្តើមដំណើរការសាងសង់នាចុងឆ្នាំ២០២៥នេះ។
សូមជម្រាបជូនថា គម្រោងព្រែកជីកហ្វូណន តេជោ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមក្ដីរំពឹងថា តាមរយៈគម្រោងប្រវត្តិសាស្រ្តនេះ មិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជា ប៉ុណ្ណោះទេ ថែមទាំងផ្ដល់ផលប្រយោជន៍ដល់តំបន់ និងពិភពលោកផងដែរ ព្រោះកម្ពុជានឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយការជន់លិចនៅភាគខាងត្បូងប្រទេស ព្រមទាំងធ្វើឱ្យប្រសើរឡើង និងលើកកម្ពស់ការតភ្ជាប់បៃតងតាមកំពង់ផែទឹកសាបទៅកាន់កំពង់ផែសមុទ្រនៅកម្ពុជា និងការតភ្ជាប់ជាមួយតំបន់អាស៊ានជាដើម។
គម្រោងព្រែកជីកហ្វូណនតេជោ សាងសង់ស្ទើរទាំងស្រុង លើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកតាំងពីសម័យហ្វូណន ក្នុងនោះផ្លូវទឹកធម្មជាតិដែលមានស្រាប់មានប្រវែង ១៣៥ គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីប្រវែង ៧ គីឡូម៉ែត្រ និងផ្លូវទឹកជីកតម្រង់ប្រវែង ៣៨ គីឡូម៉ែត្រ។
គម្រោងព្រែកជីកហ្វូណនតេជោនឹងសាងសង់សន្ទះផ្លូវទឹក ៣ កន្លែង ស្ថិតនៅខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ ការជ្រាបចូលនៃទឹកប្រៃ ទៅក្នុងបណ្ដាផ្លូវទឹកសាប និងអាចកំណត់បរិមាណ នៃអត្រាលំហូរទឹកសាប ដែលត្រូវហូរចេញទៅសមុទ្រ។
គម្រោងនេះ នឹងត្រូវប្រើពេលសាងសង់ ៤៨ ខែ គ្រោងបញ្ចប់នៅឆ្នាំ ២០២៨ ដែលប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧ ពាន់លានដុល្លារ៕
ចែករំលែកព័តមាននេះ