ខេត្តក្រចេះ ៖ ជនស៊ីវិលមួយក្រុម កាលពីយប់វេលាម៉ោង១១យប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បានផ្ទុះអាវុធជាច្រើនគ្រាប់ ឃាត់គោយន្តប្រជាពលរដ្ឋដឹកឈើគ្រឿងផ្ទះ២៧កន្ទុយ បង្កការភ្ញាក់ផ្អើលទាំងយប់ ស្ថិតនៅភូមិចម្រើន ឃុំថ្មី ស្រុកចិត្របុរី ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ នៅវេលាយប់ចន្លោះម៉ោងខាងលើ គេបានឮសំឡេងផ្ទុះអាវុធជាច្រើនគ្រាប់ និងបានឃាត់ខ្លួនមនុស្សម្នាក់ផងដែរ ។ ភ្លាមៗនោះ គេពុំទាន់ដឹងថា មានរឿងអ្វីកើតឡើងនោះទេ តែក្រោយបន្តិចទើបដឹងថា ការផ្ទុះអាវុធនោះជាការបាញ់ ដើម្បីឃាត់គោយន្តកន្ត្រៃមួយគ្រឿងដែលប្រជាពលរដ្ឋបានដឹកឈើគ្រឿងផ្ទះចំនួន២៧កន្ទុយចេញមកពីទឹកដីខេត្តមណ្ឌលគិរី ឆ្លងកាត់ចូលខេត្តក្រចេះ ។
ប្រភពដដែលបន្តថា ក្នុងពេលកើតហេតុនោះ គេបានឃើញជនស្លៀកពាក់ស៊ីវិលមិនមែនជាឯកសណ្ឋានសមត្ថកិច្ចចំនួន៤ទៅ៥នាក់ ដៃកាន់កាំភ្លើងវែងខ្លីធ្វើដំណើរដោយរថយន្តឡិចស៊ីស470 និងរថយន្តឡិចស៊ីស 300 ។
តាមប្រភពព័ត៌មានមួយទៀតឲ្យដឹងថា ពលរដ្ឋក្នុងហេតុការណ៍នោះមានចំនួនពីរនាក់ម្នាក់ត្រូវបានក្រុមជនស៊ីវិលចាប់វ៉ៃខ្នោះចំណែកម្នាក់ទៀតរត់គេចខ្លួនក្នុងពេលកើតហេតុ។ ជួបការសម្ភាសន៍ជាមួយជនរងគ្រោះ ក្រោយការដោះលែងបានរៀបរាប់ថា ពួកគេបានដឹកឈើជាង២០កន្ទុយពីចំណុចទីតាំងខាងលើ ដើម្បីយកទៅធ្វើផ្ទះ ប៉ុន្តែមកដល់ចំណុចទីតាំងកើតហេតុជួបប្រទះនឹងក្រុមជនស៊ីវិលមួយក្រុមជិះរថយន្ត២គ្រឿងដេញតាមគោយន្តរបស់ខ្លួនក៏បានដកកាំភ្លើងខ្លីមួយដើម និងកាំភ្លើងវែងមួយដើមទៀតបាញ់មកលើគោយន្តកំពុងតែធ្វើដំណើរនោះ និងស្រែកបញ្ជាឲ្យឈប់ ប៉ុន្តែដោយសារមានការភិតភ័យក៏ខំប្រឹងបើកគោយន្តកន្ត្រៃរត់ទៅមុខក៏ត្រូវបានក្រុមជនទាំងនោះបើករថយន្តមកកាក់ពីមុខ ភ្លាមនោះកាច់ចង្កូតគេចពីរថយន្តក៏ក្រឡាប់គោយន្តនៅនិងកន្លែងតែម្តង។ ភ្លាមនោះ រត់គេចម្នាក់និងត្រូវចាប់ខ្លួនម្នាក់ ។

ការចាប់ខ្លូនពីម៉ោង១១យប់ រហូតដល់ម៉ោង២រំលងអធ្រាត្រ ទើបដោះខ្នោះចេញពីដៃ និងបញ្ជាឲ្យបើកគោយន្តកន្ត្រៃនោះទៅដាក់នៅទីតាំងស្នាក់ការរដ្ឋបាលព្រៃឈើរួចក៏បានដោះលែងឲ្យត្រឡប់មកវិញនៅពេលទៀបភ្លឺ ។
ក្រោយកើតហេតុ នៅព្រឹកថ្ងៃទី១១ កញ្ញា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចអធិការដ្ឋាន នគរបាលស្រុកចិត្របុរី និងកម្លាំងអាវុធហត្ថស្រុក រួមប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន ចុះទៅធ្វើការស៊ើបអង្កេតស្រាវជ្រាវត្រួតពិនិត្យក្នុងចំណុចទីតាំងកើតហេតុរកឃើញសំបកកន្ទុះគ្រាប់កាំភ្លើងរក្សាទុកជាវត្ថុតាង ហើយបច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាក្រុមជនស៊ីវិលទាំងនោះផងដែរ ។
នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតលោក ឃ្លាំង រដ្ឋ ឲ្យដឹងនៅល្ងាចថ្ងៃទី១១ កញ្ញា នេះថា គោយន្តកន្ត្រៃដឹកឈើខាងលើនោះ កំពុងរក្សាទុកនៅស្នាលបណ្ដុះកូនឈើខ្សា ។ លោកបានបញ្ជាក់ថា គោយន្តដឹកឈើនោះកម្លាំងកូនចៅរបស់ព្រះរាជអាជ្ញាជាអ្នកចាប់។ លោក ប៊ុននឿន អធិការនគរបាលស្រុកចិត្របុរី កោះសន្តិភាពមិនអាចទាក់ទងសុំព័ត៌មានអំពីលទ្ធផលនៃការចុះពិនិត្យនោះបានទេ ដោយសារទូរសព្ទចូល៣លើកពុំមានអ្នកទទួល។
លោក ហ៊ន ប៉ូច ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះបានបញ្ជាក់តាមប្រព័ន្ធតេឡេក្រាមថា ករណីខាងលើនេះអធិការស្រុក កំពុងធ្វើការងារកំពុងកសាងរឿងបញ្ជូនតុលាការ ។ ពលរដ្ឋបានលើកឡើងថា ក្រុមជនស៊ីវិលទាំងនោះ បានបង្កើតបណ្ដាញគ្រប់ទិសទីដើម្បីប្រមូលលុយគ្រប់ច្រកល្ហក ពួកគេមិនបានជួយដល់សង្គមអ្វីនោះឡើយ ផ្ទុយទៅវិញគឺមានតែការគាបសង្កត់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ។ ពលរដ្ឋទាំងនោះ បានស្នើសុំឲ្យអាជ្ញាធរខេត្តក៏ដូចជាប្រមុខថ្នាក់ដឹកនាំស៊ើបអង្កេតនិងចាត់វិធានការលើជនស៊ីវិលទាំងនោះនាំទៅផ្ដន្ទាទោសតាមច្បាប់នឹងរកឲ្យឃើញអ្នកបញ្ជាពីក្រោយខ្នងក្រុមជនស៊ីវិលនោះផងដែរ។

ពលរដ្ឋបាននិយាយថា ជនស៊ីវិលទាំងនោះគឺជាកូនចៅចំណិតៗរបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ហើយជនស៊ីវិលទាំងនោះក៏ធ្លាប់បានអះអាងដែរថាពួកខ្លួនជាកម្លាំងរបស់ព្រះរាជអាជ្ញារង ក្នុងពេលចុះប្រមូលលុយពីប្រជាពលរដ្ឋដឹកឈើបន្តិចបន្តួចទៅប្រើប្រាស់ និងឈ្មួញរកស៊ីដឹកឈើក្តី ។
ប្រជាពលរដ្ឋបន្ថែមថាពួកគេតែងធ្វើសកម្មភាពធ្វើទុក្ខបុកម្នេញដល់ប្រជាពលរដ្ឋជាមួយនឹងការប្រើប្រាស់កម្លាំងបាយនិងអាវុធជាដើម។ដូចជាកាលថ្មីៗកន្លងទៅពួកគេបានប្រើប្រាស់កាំភ្លើងបាញ់ម្តងរួចទៅហើយលើក្រុមលេងល្បែងជល់មាន់ ហើយស្ទើរទូទាំងខេត្តក្រចេះនរណាក៏ដឹងថាក្រុមជនស៊ីវិលទាំងនោះជាកូនចៅរបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនោះដែរ។
លោក សុធា ពិសិដ្ឋ ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តក្រចេះបានប្រាប់កោះសន្តិភាពនាព្រឹកថ្ងៃទី ១២ កញ្ញា២០២៥ ដោយលោកបានបដិសេធទាំងស្រុងរាល់ការចោទប្រកាន់ថាជនស៊ីវិលបាញ់បោះសេរីទាំងនោះជាកម្លាំងរបស់លោក ។ លោកបានបញ្ជាក់ថាករណីខាងលើដាច់ដោយឡែកពីគ្នា ដោយកាលពីវេលាម៉ោង ១០យប់ថ្ងៃទី១០កញ្ញាមានជនស៊ីវិលមួយក្រុមបាញ់បោះសេរីពិតប្រាកដមែន ដោយឡែកនៅវេលាម៉ោងជាងបួនទៀបភ្លឺ មានការរាយការណ៍លោកក៏បានបញ្ជាឲ្យកម្លាំងរបស់លោកទៅ
កាន់កន្លែងកើតហេតុក៏ប្រទះឃើញគោយន្តដឹកឈើនិងបានបញ្ជាឲ្យមានការចាត់ចែងនាំទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើបណ្ដោះអាសន្ន ។ លោកបន្ថែមថា បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងតាមស៊ើបអង្កេតស្រាវជ្រាវ ដើម្បីឃាត់ខ្លួនជនស៊ីវិលទាំងនោះកសាងសំណុំរឿងបញ្ជូនទៅតុលាការផងដែរ ៕
ចែករំលែកព័តមាននេះ