ខេត្តកំពង់ឆ្នាំង ៖ បុរស៣នាក់បានរងរបួសជាទម្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ លើកំណត់ផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រលេខ៩៩និងលេខ១០០ ស្ថិតនៅក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល នៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ ២BR.៦៦៣០ បើកបរដោយឈ្មោះ ចាប វិច្ចរ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិសំរោងអណ្ដែត ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ និងអ្នករួមដំណើរ២នាក់ទៀត(ប្រុសទាំង២) ក្នុងដំណើរពីជើងទៅត្បូង ។

លុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតមកស្ដាំដៃធ្លាក់ផ្លូវ ទៅបុកលូបេតុងផុងក្បាលរថយន្តជ្រមុជចូលលូ បណ្ដាលឲ្យរងរបួសទាំងអ្នកបើកបរ និងអ្នករួមដំណើរទាំង៣នាក់ធ្ងន់ធ្ងរ ។ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទៅពិនិត្យ និងវាស់វែង រួចបញ្ជូនជនរងគ្រោះទាំង៣នាក់ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងជាបន្ទាន់ ។ ចំណែករថយន្តបានយកទៅរក្សាទុក រង់ចាំការដោះស្រាយតាមនីតិវិធី (បង្កខូចខាតទ្រព្យសម្បត្តិសាធារណៈ) ។

សមត្ថកិច្ចដាក់ការសង្ស័យករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ អាចបណ្ដាលមកពីអ្នកបើកបរ ងោកមួយភ្លែត ៕
ចែករំលែកព័តមាននេះ