ខេត្តបាត់ដំបង៖ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ អាជ្ញាធរខេត្តបាត់ដំបងបានត្រៀមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ប្រមាណ១១៥កន្លែង ដើម្បីទទួល ភ្ញៀវទេសចរជាតិ អន្តរជាតិដើរលេងលំហែកម្សាន្ត។
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងនៅថ្ងៃទី១១ ខែកញ្ញានេះថា មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ថាទីតាំងទេសចរណ៍ខាងលើនេះមានរមណីយដ្ឋានទេសចរណ៍ចំនួន២២កន្លែង សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ចំនួន៤កន្លែង តំបន់គោលដៅទេសចរណ៍ចំនួន៥៤កន្លែង សារមន្ទីរចំនួន២កន្លែង ទេសចរណ៍បែបសាសនាចំនួន២៩កន្លែង និងគោលដៅកសិ-ទេសចរណ៍ចំនួន៤កន្លែង។
លោក ហម អារុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានថ្លែងថាក្រោយ ពីទទួលបានការ ណែនាំពី ថ្នាក់ក្រសួងក៏ដូចជាខេត្ត លោកបានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយពង្រឹងគុណភាពសេវាកម្មទេសចរណ៍ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងគោលដៅចូលរួមលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជាតាមរយៈការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព ភាពទាក់ទាញ ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ។ពិសេសនោះគឺមិនត្រូវដំឡើងថ្លៃសេវានានានោះទេ។
លោក ហម អរុណ ក៏បានណែនាំបន្ថែមដល់ប្រតិបត្តិករទេសចរណ៍ត្រូវក្រើនរំលឹកអំពីសីលធម៌ សុជីវធម៌ និងអភិវឌ្ឍន៍សមត្ថភាពបុគ្គលិកអំពីការផ្តល់សេវាល្អ បដិសណ្ឋារកិច្ចល្អ និងជំនាញដែលចាំបាច់ពាក់ព័ន្ធនឹងអាជីវកម្មសេវាកម្មទេសចរណ៍ ព្រមទាំងរៀបចំឱ្យបុគ្គលិកមានឯក សណ្ឋានត្រឹមត្រូវទៅតាមផ្នែកនីមួយៗ។
បន្ថែមពីនោះជាពិសេសស្នើសុំឱ្យមានការរំលេចលក្ខណៈជាខ្មែរត្រូវយកចិត្តទុកដាក់ចំពោះការរក្សាអនាម័យបន្ទប់ទឹក ដោយត្រូវដាក់វេនសម្អាតជាប្រចាំឱ្យបានញឹកញាប់ និងមានសម្ភារៈគ្រប់គ្រាន់មានជាអាទិ៍ សាប៊ូលាងដៃ កន្សែងជូតដៃ ក្រដាសជាដើម និង សូមបែងចែករវាងបន្ទប់ទឹកបុរស-នារី ដើម្បីរក្សាឱ្យមានសុវត្ថិភាព៕
ចែករំលែកព័តមាននេះ