ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើរាជធានីភ្នំពេញ​កំពុងរស់នៅលើបឹង​ប៉ុន្មាន? ​ហើយឈ្មោះអ្វីខ្លះ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជើង​ចាស់​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ពេល​នេះ​បាន​ចូល​និវត្តន៍​ទៅ​ហើយ​នោះ បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​ថា រាជធានី​ភ្នំពេញ​ត្រូវ​បាន​សាងសង់​ជា​លើក​ដំបូង នៅ​ក្នុង​សតវត្សរ៍​ទី​១៥ ក្នុង​អំឡុង​រជ្ជកាល​ព្រះបាទ​ស្រី​សុរិយោ​ព័រ​ណ៌ ពញាយ៉ាត ។…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជើង​ចាស់​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ពេល​នេះ​បាន​ចូល​និវត្តន៍​ទៅ​ហើយ​នោះ បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​ថា រាជធានី​ភ្នំពេញ​ត្រូវ​បាន​សាងសង់​ជា​លើក​ដំបូង នៅ​ក្នុង​សតវត្សរ៍​ទី​១៥ ក្នុង​អំឡុង​រជ្ជកាល​ព្រះបាទ​ស្រី​សុរិយោ​ព័រ​ណ៌ ពញាយ៉ាត ។

លោក​ថ្លែងប្រាប់​កោះសន្តិភាព​ទៀត​ថា នៅ​ពេល​ដែល​ព្រះ​អង្គ​បាន​បោះបង់​ចោល រាជធានី​អង្គរ ហើយ​បាន​ទៅ​សាងសង់​រាជធានី​ថ្មី​មួយទៀត នៅ​ទួល​បា​សាន​ក្នុង​ខេត្ត​ស្រី​ស​ឈរ ដែល​សព្វ​ថ្ងៃជា​ស្រុក​ស្រី​សន្ធរ ខេត្ត កំពង់ចាម ហើយ​ព្រះ​អង្គ​គង់នៅ​ទីនោះ​បាន​តែ​មួយ​ឆ្នាំ​គត់ ដោយសារ​តែ​មាន​ទឹកជំនន់​នៅរ​ដួ​វ​វស្សា​លិចលង់ ទើប​ព្រះ​អង្គ​បាន​ផ្លាស់​ប្តូរ និង​កសាង​រាជធានី​ថ្មី​មួយទៀត តាម​បណ្តោយ​មាត់ទន្លេ​ចតុមុខ (​ទន្លេ​មុខ​បួន​) ក្នុង​ឆ្នាំ​១៤៣៤ គឺជា​រាជធានី​ភ្នំពេញ​រហូត​មក​ដល់​ពេល​នេះ ។

លោក​បន្ត​ថា ការ​កសាង​និង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ ចាប់តាំងពី​ករ​កើត​ដំបូង​រហូត​មក​ដល់​បច្ចុប្បន្ន គឺ​ដោយសារ​ការ​ចាក់​ដី​បំពេញ ព្រោះ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ជា​ប្រភេទ​ដី​ទំនាប​ដែល​សម្បូរ​ទៅ​ដោយ​បឹង​តូច​បឹង​ធំ​គ្រប់​ប្រភេទ​នៅ​ជាប់​ៗ​គ្នា ស្ទើរ​ដូច​រន្ធ​បាយខុំ ។មន្ត្រី​ជើង​ចាស់​រូប​នោះ បាន​រៀបរាប់​ទាំង​ស្រពិច ស្រពិល​ថា បើ​តាម​គាត់​នៅ​ចាំ​មិន​ភ្លេច​ទេ​នោះ ចំនួន​បឹង​នៅ​រាជធានី​ភ្នំពេញ មាន​ប្រមាណ​ជិត​៣០​គឺ៖

ទី​១-​បឹង​កេងកង សង្កាត់​បឹង​កេងកង ខណ្ឌ​បឹង​កេងកង ។ ទី​២-​បឹង​ត្របែក​ខាងជើង ក្នុង​ទឹកដី​សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន ។ ទី​៣-​បឹង​ត្របែក​ខាងត្បូង ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។ ទី​៤-​បឹង​រាំង ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។ ទី​៥-​បឹង​កក់ នៅ​ក្នុង​សង្កាត់​បឹង​កក់ ខណ្ឌដូនពេញ ។ ទី​៦-​បឹង​ទំពន់ ក្នុង​សង្កាត់​បឹង​ទំពន់ ខណ្ឌមានជ័យ ។ ទី​៧-​បឹង​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ ។ ទី​៨-​បឹង​ព្រលិត ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា ។ ទី​៩-​បឹង​កប់​ស្រូវ ឬ​បឹង​តា​មោក បឹង​នេះ​ស្ថិត​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ពន់​សាំង សង្កាត់​គោករ​ការ សង្កាត់​ពញា​ពន់ សង្កាត់​សំរោង និង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ស្ថិត​នៅ​ល្ហ​ល​ល្ហេវ​នៅឡើយ ។ ទី​១០-​បឹង​ប្រា សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ។

ទី​១១-​បឹង​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ទី​១២-​បឹង​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ទី​១៣-​បឹង​សាឡា​ង សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។ ទី​១៤-​បឹង​ស្នោ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។ ទី​១៥-​បឹង​តា​ម៉ាត​(​សង្កាត់​ដង្កោ​ខណ្ឌដង្កោ ទី​១៦-​បឹង​ឈូក​(​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។ទី​១៧-​បឹង​ឈូក ឬ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ទី​១៨-​បឹង​ឈូក សង្កាត់​ច្រាំង​ចំរេះ​ទី​១ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ និង​សង្កាត់​បឹង​ឈូក ខណ្ឌឫស្សីកែវ ។ទី​១៩-​បឹង​ក្រពើ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។ ទី​២០-​បឹង​ទួល​ពពែ សង្កាត់​ដង្កោ ខណ្ឌដង្កោ

ទី​២១-​បឹង​រាជសីហ៍ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។ ទី​២២-​បឹង​អូរ​អង្កាម សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។
ទី​២៣-​បឹង​ខាំ​ពង សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វា ។ទី​២៤-​បឹង​ទទឹងថ្ងៃ ឬ​បឹង​ចុង​ជញ្ជីង សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។ ទី​២៥-​បឹង​ក្បាលដំរី សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។ទី​២៦-​បឹង​សំរោង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ កំពុង​ប្រទាញ​ប្រ​ទង​ក្លាយ​មេម៉ាយ​ចាយរាង​នៅឡើយ ។ ទី​២៧-​គឺ​បឹង​កន្សែង។

ប្រភព​ខ្លះ​នៅ​ចាំ​បាន​ថា ដូច​ជា​នៅ​មានឈ្មោះ​បឹង​ខ្លះ​ទៀត ដែល​មិនសូវ​ចាំ​ច្បាស់លាស់ ដែល​គ្មាន​ការ​កត់ត្រា​ទុកជា​ឯកសារ​ផ្លូវការ​ណាមួយ​ទម្លាយ​ឱ្យ​ដឹង​នៅឡើយ​ទេ ដូច​ជា​បឹង​តេ​ជោ នៅ​ទីតាំង​សាលា​បាក់​ទូក​ជាប់​បូ​រី​កីឡា ។ ចំណែក​ទីតាំង​បូ​រី​កីឡា គឺជា​ទីទួល​មួយ ដែល​សម័យ​កាលនោះ​ជាទី​តាំង​កប់​សព ។

លុះ​ក្រោយមក​ក្នុង​ឱកាស​ស្ថាបនា កីឡដ្ឋាន​អូ​ឡាំ​ពិ​ក នា​ឆ្នាំ​១៩៦២ នៃ​សម័យ​សង្គមរាស្ត្រនិយម ត្រូវ​បាន​ប្រកាស​ឱ្យ​គ្រួសារ​ទាំងឡាយ​ដែល​បញ្ចុះសព​នៅ​ទីនោះ​រុះរើ​គាស់​សព​ចេញ ដើម្បី​ស្ថាបនា​បូ​រី​មួយ សម្រាប់​កីឡាករ​ស្នាក់​នៅ ទើប​ឱ្យឈ្មោះ​ថា «​បូ​រី​កីឡា​» ។

មន្ត្រី​ចូល​និវត្តន៍​រូប​នោះ​បាន​បញ្ជាក់​ថា ការ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ដោយ
សារ​ការ​ចាក់​ដី​បំពេញ គឺ​ទាមទា​ឲ្យ​មានការ​លុប​បឹង​ព្រែក និង​ប្រឡាយ​ជាដើម ដែល​ត្រូវ​ជុំនួស​ដោយ​ការ​សាងសង់​ប្រឡាយ ដាក់​លូ​ធំ​ៗ និង​ស្ថាបនា​ស្ថានីយ​បូមទឹក​ដើម្បី​បង្ហូរទឹក​ចេញ​ទៅ​ក្រៅ​ក្រុង ទើប​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​របស់​យើង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស និង​ល្អ​ប្រណីត​មិន​ចាញ់​ទីក្រុង​នៅ​បណ្តា​ប្រទេស​ជឿនលឿន​នៅ​លើ​ពិភពលោក​ឡើយ ។

ជាក់ស្តែង ​បច្ចុប្បន្ន ក្នុង​ចំណោម​បឹង​ជិត​៣០​នោះ ត្រូវ​បាន​ចាក់​ដី​លុប នៅ​សល់​តែ​បឹង​ចំនួន​៤ គឺ​បឹង​ត្របែក បឹង​កប់​ស្រូវ បឹង​ទំពន់ និង​បឹង​ជើងឯក​ដែល​សេដ្ឋី​ខ្លះ​នោះ​កំពុង​ចាក់​ដី និង​លក់​ត​ៗ​គ្នា​ជាដើម​ទុន​វាល់​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ ។ ប៉ុន្តែ​បឹង​ទំពន់ និង​បឹង​ជើងឯក​នេះ ក៏​ត្រូវ​បាន​រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើការ​អភិវឌ្ឍន៍ ដែល​បាន​និង​កំពុង​លុប​បឹង​នេះ​ជា​បន្តបន្ទាប់ ។

មាន​អ្នក​នៅ​ចាំ​ខ្លះ​ៗ​ថា ទីតាំង​វត្ត​កោះ គឺជា​ជម្រៅ​នៃ​បឹង​មួយ​ឈ្មោះ​បឹង​រាំង ត្រូវ​បាន​ចាក់​បំពេញ​ក្នុង​ឆ្នាំ​១៩៥៧-១៩៥៨ ដែល​មាន​កុដិ​ខ្លះ​សង់​អំពី​បេតុង បាន​កប់​ដី​អស់​មួយ​ជាន់ ពេល​លុប​បឹង ។ រីឯ​បឹង​កេងកង​ដែល​ស្ថិត​នៅ​តំបន់​មុខ​រោង​ភាពយន្ត​គិរី​រម្យ ក៏​ចាក់​លុប​រួចរាល់ ប្រហែលជា​នៅ​ក្នុង​១៩៦០ ។

ទោះបី​កំពុង​បូម​ដី​ចាក់​លុប​ក្តី ក្នុង​បឹង​ទាំងមូល​ពេញ​ទៅ​ដោយ​សំណង់ ផ្ទះ​ឈើ​នៅ​ពាសពេញ ដែល​ផ្ទះ​នីមួយ​ៗ សង់​ជា​ជួរ មាន​ស្ពានឈើ​ឆ្លងកាត់​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​រកេតរកូត លើ​ផ្ទៃ​បឹង ដែល​មើលទៅ​ដូច​រស់នៅ​លើ​ផ្ទៃ​ទឹក​ដ៏​ល្វឹងល្វើយ ។ ចំណែក​ទីទួល​រឹង​មាំ និង​ខ្ពស់​មាន​តែ​វត្ត​ភ្នំ និង​តំបន់​ព្រះ​បរមរាជវាំង ដែល​ស្ថិត​នៅ​ចំ​ទន្លេ​៤​មុខ​ហៅ «​ចតុមុខ​» តែ​ប៉ុណ្ណោះ ។

ទោះបី​ភ្នំពេញ​ក្លាយជា​រាជធានី ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​ក៏​ដោយ ក៏​ឈ្មោះ​បឹង​ទាំងឡាយ​ដែល​រាជការ​បាន​ចាក់​លុប​ពី​អតីតកាល​ក៏​នៅ​រក្សា​បាន​ឈ្មោះ​បឹង​ដដែល ដូច​ឈ្មោះ​បឹង​ខាងលើ​បាន​ក្លាយជា​ឈ្មោះ​សង្កាត់ ឈ្មោះ​ខណ្ឌ រហូត​មក​ដល់​បច្ចុប្បន្ន ។

ការ​ស្រាវជ្រាវ​ស្វែងរក​បរិមាណ​បឹង និង​ឈ្មោះ​ដូច​បាន​ផ្សាយ​នៅ​ពេល​នេះ អាច​មិន​ទាន់​សុ​ក្រិ​ត្យ អាច​នៅ​ខ្វះចន្លោះ ខ្លះ​ៗ​ជា​មិន​ខាន ។ ព័ត៌មាន​នេះ​គ្រាន់តែ​ជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ដោយ​ផ្ទាល់​របស់​កោះសន្តិ ភាព​តែ​ប៉ុណ្ណោះ ។ ប្រ​សិន​មានការ​ខ្វះខាត ឬ​មិន​គ្រប់គ្រាន់​មាន​ខ្វះចន្លោះ​ដោយ​ប្រការ​ណាមួយ សូម​លោក​អ្នក​អាន​ជាទី​គោរព ស្រឡាញ់​មេត្តា​យោគយល់​ដោយ​ក្តី​អនុគ្រោះ ។

កោះសន្តិភាព​យល់​ឃើញ​ថា យ៉ាងណា​ក៏​ដោយ ព័ត៌មាន​នេះ​អាច​ជា​ឯកសារ​មួយ សម្រាប់​ការ​ស្រាវជ្រាវ​បន្ត​ផង​ដែរ ៕​ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ