រាជធានីភ្នំពេញៈបុរសជាសន្តិសុខម្នាក់ ធ្លាក់ខ្លួនឈឺហើយស្លាប់នៅក្នុងបន្ទប់ជួលបន្ទាប់ពីចុះចោលប្រពន្ធនឹងកូនប្រុស ស្រី ៣នាក់ ទៅរស់នៅជាមួយស្រី ស្នេហ៍បាន៤ខែ។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង ៣០នាទីយប់ថ្ងៃទី ២១ ខែ តុលាឆ្នាំ ២០២៥ នៅចំណុច បន្ទប់ជួលលេខ B03ជាន់ទី១ ភូមិ ព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ ។
បុរសរូបនោះឈ្មោះនី ថេម អាយុ ៦៣ ឆ្នាំមុខរបរ សន្តិសុខស្នាក់នៅកន្លែងកើតហេតុ ខាងលើនិងមានស្រុកកំណើត ឃុំ គស់ ស្រុក ត្រាំកក់ខេត្ត តាកែវ។
តាមស្ត្រី ឈ្មោះទាំ មុំ អាយុ៤៦ឆ្នាំ ត្រូវជាសង្សារបានអោយដឹងថា នៅវេលាល្ងាចថ្ងៃទី ២១ ខែតុលា ខ្លួនបានហៅបុរសជាសង្សារបាននាំគ្នា ហូបបាយតែគាត់មិនហូបហើយ ដេកចុចទូរស័ព្ទលេង ដោយចេះតែថប់ដង្ហើមខ្លាំង ហើយយកថ្នាំលេបក៍បានស្រួលវិញ ។ លុះនៅវេលាម៉ោងប្រមាណ១១និង៣០នាទីយប់សង្សាររបស់ខ្លួនមានអាការៈរើឡើងវិញ។ចេះតែថប់ដង្ហើមហើយតោងក្រោកឈរទៅបន្ទប់ទឹកដោយនិយាយ ប្រាប់ថា ខ្លួន ប្រហែលមិនរស់ទេ ។ ក្រោយមកក៍បានទំលាក់ខ្លួនដេកលើឥដ្ឋការ៉ូក៍ផុត ដង្ហើមទៅ។
តាមស្ត្រីរូបនោះ បានឲ្យដឹងទេថា សង្សាររបស់ខ្លួនមានប្រពន្ធនឹងកូនប្រុសស្រី៣នាក់ ហើយបានប្រាប់គាត់ថា លែងលះគ្នាឲ្យចុះចោលផ្ទះមករស់នៅជាមួយគាត់ រយៈពេល៤ខែមកហើយ នៅចំណុចបន្ទប់ជួលខាងលើ។បន្ទាប់ពីសង្សាររបស់ខ្លួនស្លាប់ ស្ត្រីរូបនោះមិនបានទៅប្ដឹងសមត្ថកិច្ចភ្លាមៗនោះទេ។លុះនៅ វេលាម៉ោង០៨និង៣០នាទីព្រឹកឡើងថ្ងៃទី២២ខែតុលាឆ្នាំ២០២៥ក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ចហើយបង្កឲ្យមានការភ្ញាក់ផ្អើលឡើង។
នៅព្រឹកនោះដែរ សមត្ថកិច្ចមូលដ្ឋានក៏បានទាក់ទងទៅនគរបាលជំនាញចុះទៅត្រួតពិនិត្យសព។
តាមការត្រួតពិនិត្យ លោក ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញបានសន្និដ្ឋានបានថា បុរសរូបនោះស្លាប់ដោយសារគាំងបេះដូង (មានជំងឺលើសសម្ពាធឈាមនិងជំងឺហឺត) ។ បន្ទាប់ពីត្រួតពិនិត្យរួចសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យកូន នាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕



ចែករំលែកព័តមាននេះ