រាជធានីភ្នំពេញ ៖ សាកសពបុរសម្នាក់ ដែលច្រកក្នុងបាវ យកទៅបោះចោលនៅក្បែរទំនប់សណ្តស្ទឹងព្រែកត្នោត បន្ទាប់ពីត្រួតពិនិត្យ សមត្ថកិច្ច បញ្ជាក់ថា សាកស.ព ត្រូវបានឃាតករសម្លាប់ដោយកាប់ វាយក្បាល និងដងខ្លួនជាច្រើនកន្លែង ។
ហេតុការណ៍នេះបង្កមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅចំណុចចិញ្ចើមផ្លូវលំ ជាប់របងដីឡូតិ៍ទុកចោលក្បែរទំនប់សណ្តរស្ទឹងព្រែកត្នោត ភូមិគងណយ សង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សាកស.ពបុរសរូបនោះ ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ មានលក្ខណៈហើមស្អុយ ត្រូវបានឃាតករសម្លាប់រួច ច្រកការ៉ុងអង្ករពីក្បាលដល់ចង្កេះ និងច្រកបាវមួយទៀត ពណ៌ក្រហម ឆ្នូតស ចងមាត់ជិត រួចច្រកនៅក្នុងកាបូបថង់កៅស៊ូរ៉ូតបិទ ។
តាមសាក្សី បានអោយដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុ អ្នកដំណើរធ្វើដំណើរឆ្លងកាត់តាមផ្លូវលំ ប្រទះឃើញមានក្លិនស្អុយ សង្ស័យទើបផ្ដល់ដំណឹងឲ្យសមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យ ។ ពេលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ បានហែកបាវមើលឃើញជាសាកសពមនុស្សប្រុស មានសភាពហើស្អុយរលួយ រួចក៏រាយការណ៍ទៅនគរបាលជំនាញចុះត្រួតពិនិត្យ ។
តាមព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែតុលា មានក្មេងម្នាក់ បានប្រទះឃើញរថយន្តដឹកស៊ីទែនប្រេង មួយគ្រឿង ដោយមានបុរសពីរនាក់បានលើកបាវមួយ ដែលមានពណ៌ក្រហម ហើយយកទៅទម្លាក់ចោលនៅកន្លែងកើតហេតុ។ ភ្លាមៗ គេពុំបានចាប់អារម្មណ៍ឡើយ ដោយស្មានថាជាបាវដាក់សំរាម ដែលគេដឹកយកទៅទម្លាក់ចោល។ លុះរំលងបានមួយយប់ ស្រាប់តែមានអ្នកដំណើរឆ្លងកាត់ ធុំក្លិនស្អុយ ហើយចោលភ្នែកមើលទើបដឹងថា ជាសាកសព ហើយបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។ នៅព្រឹកនោះ សមត្ថកិច្ចនគរបាលមូលដ្ឋាន ក៏ដូចជានគរបាលជំនាញ ក៏បានចុះទៅឡោមព័ទ្ធទីតាំងកន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យសព ។
តាមការត្រួតពិនិត្យសព ត្រូវឃាតករ ច្រកបាវអង្ករ ទម្ងន់៥០គីឡូក្រាម ច្រកចាប់ពីក្បាល រហូតដល់ចង្កេះ រួចដាក់ច្រកក្នុងបាវមួយទៀត ពណ៌ក្រហម ឆ្នូតស ចងមាត់បាវជិត រួចច្រកនៅក្នុងកាបូបថង់កៅស៊ូរ៉ូតបិទ។ នៅក្នុងបាវជាមួយសាកសព សមត្ថកិច្ចរកឃើញមានភួយ ខោ អាវ កាបូបស្ពាយមួយ មានសម្ភារៈមួយចំនួន។ ចំណែកសាកសព មានស្នាមជាំហើមនៅក្បាលខាងក្រោយ បែកលលាដ៍ក្បាល និងមានស្នាមដាច់រយះជាច្រើនកន្លែង។ រីឯងដងខ្លួន មានស្នាមរបួសដាច់រយះនៅចំហៀងខ្លួន ខាងស្ដាំ ចំនួន៣កន្លែង និងធ្លាយពោះវៀនចេញក្រៅ។ ចំណែកដៃជើងស្នាមរបួសដាច់រយះជាច្រើនកន្លែង ។
បន្ទាប់ពីត្រួតពិនិត្យយ៉ាងល្អិនល្អន់ លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យ អមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានបានថា ជនរងគ្រោះស្លាប់ដោយវាយ កាប់ក្បាល និងខ្លួនប្រាណ ជាករណីឃាតកម្ម។ ជនរងគ្រោះស្លាប់ រយៈពេល៣ថ្ងៃមកហើយ។ ទោះបីជាយ៉ាងណា គេពុំដឹងថា ជនរងគ្រោះ ត្រូវបានឃាតករសម្លាប់នៅកន្លែងណានោះទេ រួចច្រកបាវដឹកយកទៅបោះចោលតែម្ដង ៕




ចែករំលែកព័តមាននេះ