ទីក្រុងយេរូសាឡឹម៖ អនុប្រធានាធិបតីអាមេរិក លោកជេឌីវេន បានធ្វើដំណើរទៅដល់អ៊ីស្រាអែលដើម្បីជួយទប់ទល់សភាពការណ៍នៃបទឈប់បាញ់មិនឱ្យបរាជ័យទៅវិញខណៈដែលបទឈប់បាញ់នេះពោរពេញដោយភាពផុយស្រួយ។ អ៊ីស្រាអែល និងហាម៉ាស់ចោទប្រកាន់គ្នាទៅវិញទៅមកថាជាអ្នករំលោភបទឈប់បាញ់។ ទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែលបើកយុទ្ធនាការវាយប្រហារតាមអាកាសស្លាប់ក្រុមប៉ាឡេស្ទីនរាប់សិបនាក់។ និយាយដល់ចំណុចនេះធ្វើឱ្យគេដាក់ជាចម្ងល់ថាតើផែនការសន្តិភាពដែលផ្ដួចផ្ដើមដោយលោកត្រាំអាចជួយពង្រឹងសន្តិភាពយូរអង្វែងនៅហ្កាហ្សា និងមជ្ឈិមបូព៌ាបានដែរឬទេ។
នៅថ្ងៃនេះផងដែរ អ៊ីស្រាអែលអះអាងថាខ្លួនកំណត់អត្តសញ្ញាណរបស់សាកសពចំណាប់ខ្មាំងម្នាក់ទៀតដែលត្រូវក្រុមហាម៉ាស់ប្រគល់ឱ្យកាលពីយប់មិញ។ ហាម៉ាស់ថាខ្លួននៅតែប្ដេជ្ញាអនុវត្តតាមស្មារតីនៃបទឈប់បាញ់ជានិច្ច។ លោកវេននឹងបន្តស្នាក់នៅអ៊ីស្រាអែលរហូតដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយត្រៀមជួបប្រមុខដឹកនាំអ៊ីស្រាអែល លោកណឺតាន់យ៉ាហ៊ូ។
លោកនឹងផ្ដល់បទសម្ភាសជូនអ្នកសារព័ត៌មាន ហើយនឹងជួបសួរសុខទុក្ខក្រុមគ្រួសារចំណាប់ខ្មាំងដែលបានដោះលែងវិញ និងក្រុមគ្រួសារចំណាប់ខ្មាំងដែលបានស្លាប់ និងដែលមិនទាន់ទទួលបានសាកសពនៅឡើយទេ។ កាលពីព្រឹកមិញ មន្ត្រីជាន់ខ្ពស់អាមេរិក២រូបបានជួបចំណាប់ខ្មាំង៩នាក់ដែលត្រូវក្រុមហាម៉ាស់ដោះលែងកាលពីសប្ដាហ៍មុន។
ក្រុមហាម៉ាស់ប្ដេជ្ញាអនុវត្តតាមបទឈប់បាញ់
ក្រោយហេតុការណ៍បាញ់តដៃគ្នាកាលពីដើមសប្ដាហ៍នេះ ក្រុមអ្នកចរចារបស់ហាម៉ាស់បញ្ជាក់ជំហរជាថ្មីថាក្រុមរបស់ខ្លួនប្ដេជ្ញាបិទបញ្ចប់ភ្លើងសង្គ្រាមដែលបានឆាបឆេះរយៈពេលពីរឆ្នាំនោះជាស្ថាពរ។ ប្រធានក្រុមអ្នកចរចារបស់ហាម៉ាស់ លោកខាលីល អាល់ ហាយ៉ា (Khalil al-Hayya) ដែលកំពុងស្នាក់នៅទីក្រុងគែ ប្រទេសអេហ្ស៊ីប ប្រាប់ថា «ចាប់តាំងពីថ្ងៃដែលយើងចុះហត្ថលេខាលើបទឈប់បាញ់នោះ យើងតាំងចិត្ត និងប្ដេជ្ញាយ៉ាងមុតមាំថាត្រូវតែបន្តអនុវត្តឱ្យបានចប់ចុងចប់ដើម។
លោកថ្លែងបន្តទៀតថាកិច្ចប្រជុំកំពូលដែលរៀបចំនៅប្រទេសអេហ្ស៊ីបក្រោមអធិបតីភាពរបស់ប្រធានាធិបតីអេហ្ស៊ីប និងលោកត្រាំនោះជាការប្រកាសជាអន្តរជាតិថាសង្គ្រាមនៅហ្កាហ្សាបានឈានដល់ទីបញ្ចប់។ លោកថាក្រុមហាម៉ាស់ទទួលបានការធានាពីក្រុមប្រទេសសម្រុះសម្រួលការចរចា និងពីលោកត្រាំ។ ហេតុនេះយើងជឿទុកចិត្តថាសង្គ្រាមនឹងបញ្ចប់ជារៀងរហូត។
ប្រធានក្រុមអ្នកចរចារូបនេះថ្លែងបន្តទៀតថាអ៊ីស្រាអែលបានអនុវត្តតាមកិច្ចព្រមព្រៀង និងអនុញ្ញាតឱ្យដឹកជំនួយមនុស្សធម៌ចូលតំបន់ហ្កាហ្សាពិតមែន។ ប៉ុន្តែលោកបានស្នើសុំឱ្យក្រុមប្រទេសសម្របសម្រួលដាក់សម្ពាធលើអ៊ីស្រាអែលបន្ថែមទៀតដើម្បីដឹកជញ្ជូនសម្ភារៈសម្រាប់សង់ទីជម្រក ថ្នាំពេទ្យ និងរបស់របរសម្រាប់ទប់ទល់នឹងអាកាសធាតុត្រជាក់នៅរដូវរងា។
អ៊ីស្រាអែលវាយប្រហារសងសឹកស្លាប់ប៉ាឡេស្ទីន៤៥នាក់
អ៊ីស្រាអែលអះអាងថាកាលពីថ្ងៃអាទិត្យ ក្រុមជនប្រដាប់អាវុធបានបាញ់ប្រហារទៅលើទាហានរបស់ខ្លួនបណ្ដាលឱ្យស្លាប់២នាក់នៅតំបន់រ៉ាហ្វា (Rafah)។ អ៊ីស្រាអែលវាយបកវិញស្លាប់ក្រុមប៉ាឡេស្ទីន៤៥នាក់។ ក្រសួងសុខាភិបាលប៉ាឡេស្ទីនអះអាងថាចាប់តាំងពីបទឈប់បាញ់ចូលជាធរមានរហូតមកដល់ពេលនេះ មនុស្ស៨០នាក់បានស្លាប់។ អ៊ីស្រាអែលក៏វាយប្រហារនៅទីក្រុងហ្កាហ្សា និងខាន់យុននីសផងដែរកាលពីថ្ងៃចន្ទ។ អ៊ីស្រាអែលថាពេលនោះ យុទ្ធជនរបស់ក្រុមម្ខាងទៀតដើរឆ្លងបន្ទាត់ពណ៌លឿង។ សកម្មភាពរបស់ពួកគេមានលក្ខណៈគំរាមកំហែងចំពោះទាហានអ៊ីស្រាអែល។ ដូច្នេះអ៊ីស្រាអែលក៏វាយប្រហារដើម្បីការពារខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានអេភី និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ