ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយក្រែន​ និង​អឺរ៉ុប​ចេញ​សារ​បដិសេធ​ការ​កា.ត់​ទឹ​ក​ដី​ឱ្យ​រុស្ស៊ី​ដើម្បី​ជា​ថ្នូរ​នឹង​សន្តិ​ភាព

2 ម៉ោង មុន

ទី​ក្រុង​កៀវ​៖ ថ្នាក់​ដឹក​នាំ​អ៊ុយ​ក្រែន​ និង​អឺរ៉ុប​ចោទ​ប្រកាន់​ថា​លោក​ពូទីន​កំពុង​យក​ជើង​រា​ទឹក​នៅ​ពេល​គេ​កំពុង​ខិត​ខំ​ផ្នែក​ការ​ទូត​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​។ ពួកគេ​ក៏​សូម​ជំទាស់​ទុក​ជា​មុន​ថា​អ៊ុយ​ក្រែន​មិន​អាច​បណ្ដោយ​ឱ្យ​កាត់​ទឹក​ដី​របស់​ខ្លួន​ដើម្បី​ជា​ថ្នូរ​នឹង​សន្តិ​ភាព​ទេ​។ ការ​កាត់​ទឹក​ដី​ឱ្យ​រុស្ស៊ី​នេះ​ជា​ភាសា​ពេញ​និយម​ដែល​លោក​ត្រាំ​ឧស្សាហ៍​និយាយ​ជា​ចំហ​ក្ដី ជា​កំបាំង​ក្ដី​ជា​ច្រើន​លើក​ច្រើន​សា​រួច​​មក​ហើយ​​។​ ថ្នាក់​ដឹក​នាំ​អឺរ៉ុប​៨​ប្រទេស​​រួម​ជា​មួយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​សហ​ភាព​អឺរ៉ុប​មួយ​ចំនួន​ផង​ដែរ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​បង្ហាញ​ថា​ពួក​គេ​នឹង​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​បង្កក​ទុក​របស់​រុស្ស៊ី​ដែល​មាន​តម្លៃ​រាប់​សិប​ពាន់​លាន​​ដុល្លារ​ដើម្បី​ជួយ​ជ្រោម​ជ្រែង​អ៊ុយ​ក្រែន​រហូត​ទាល់​តែ​ឈ្នះ​សង្គ្រាម​។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ប្ដេជ្ញា​ចិត្ត​នេះ​ក៏​មាន​មតិ​ខ្លះ​ដាក់​ជា​សំណួរ​ថា​តើ​អឺរ៉ុប​ធ្វើ​ដូច្នេះ​​ត្រូវ​ច្បាប់​ដែរ​ឬ​ទេ​? ហើយ​បើ​យកទ្រព្យ​សម្បត្តិ​រុស្ស៊ី​ទៅ​ទិញ​កាំ​ភ្លើង​បាញ់​រុស្ស៊ី​វិញ​បែប​​នេះ​អាច​នឹង​មាន​ផល​វិបាក​កើត​ឡើង​ដែរ​ឬ​ទេ​?​ សេចក្ដី​ថ្លែង​ការណ៍​នោះ​បញ្ជាក់​ថា​​អឺរ៉ុប​​​នៅ​តែ​គាំទ្រ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​ត្រាំ​ដើម្បី​បញ្ចប់​សង្គ្រាម​។…

ទី​ក្រុង​កៀវ​៖ ថ្នាក់​ដឹក​នាំ​អ៊ុយ​ក្រែន​ និង​អឺរ៉ុប​ចោទ​ប្រកាន់​ថា​លោក​ពូទីន​កំពុង​យក​ជើង​រា​ទឹក​នៅ​ពេល​គេ​កំពុង​ខិត​ខំ​ផ្នែក​ការ​ទូត​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​។ ពួកគេ​ក៏​សូម​ជំទាស់​ទុក​ជា​មុន​ថា​អ៊ុយ​ក្រែន​មិន​អាច​បណ្ដោយ​ឱ្យ​កាត់​ទឹក​ដី​របស់​ខ្លួន​ដើម្បី​ជា​ថ្នូរ​នឹង​សន្តិ​ភាព​ទេ​។ ការ​កាត់​ទឹក​ដី​ឱ្យ​រុស្ស៊ី​នេះ​ជា​ភាសា​ពេញ​និយម​ដែល​លោក​ត្រាំ​ឧស្សាហ៍​និយាយ​ជា​ចំហ​ក្ដី ជា​កំបាំង​ក្ដី​ជា​ច្រើន​លើក​ច្រើន​សា​រួច​​មក​ហើយ​​។​

ថ្នាក់​ដឹក​នាំ​អឺរ៉ុប​៨​ប្រទេស​​រួម​ជា​មួយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​សហ​ភាព​អឺរ៉ុប​មួយ​ចំនួន​ផង​ដែរ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​បង្ហាញ​ថា​ពួក​គេ​នឹង​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​បង្កក​ទុក​របស់​រុស្ស៊ី​ដែល​មាន​តម្លៃ​រាប់​សិប​ពាន់​លាន​​ដុល្លារ​ដើម្បី​ជួយ​ជ្រោម​ជ្រែង​អ៊ុយ​ក្រែន​រហូត​ទាល់​តែ​ឈ្នះ​សង្គ្រាម​។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ប្ដេជ្ញា​ចិត្ត​នេះ​ក៏​មាន​មតិ​ខ្លះ​ដាក់​ជា​សំណួរ​ថា​តើ​អឺរ៉ុប​ធ្វើ​ដូច្នេះ​​ត្រូវ​ច្បាប់​ដែរ​ឬ​ទេ​? ហើយ​បើ​យកទ្រព្យ​សម្បត្តិ​រុស្ស៊ី​ទៅ​ទិញ​កាំ​ភ្លើង​បាញ់​រុស្ស៊ី​វិញ​បែប​​នេះ​អាច​នឹង​មាន​ផល​វិបាក​កើត​ឡើង​ដែរ​ឬ​ទេ​?​

សេចក្ដី​ថ្លែង​ការណ៍​នោះ​បញ្ជាក់​ថា​​អឺរ៉ុប​​​នៅ​តែ​គាំទ្រ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​ត្រាំ​ដើម្បី​បញ្ចប់​សង្គ្រាម​។ តាម​គម្រោង លោក​ និង​លោក​ពូទីន​នឹង​ជួប​គ្នា​នៅ​ទី​ក្រុង​ប៊ូដាប៉ែស (Budapest) ប្រទេស​ហុង​គ្រី​ឆាប់​ៗ​នេះ​។ លោក​​ត្រាំ​​ថ្លែង​ថា​អាច​នឹង​ជួប​គ្នា​នៅ​ក្នុង​រង្វង់​២​សប្ដាហ៍​ទៀត​​​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ គេ​មិន​ទាន់​ដឹង​ច្បាស់​អំពី​ពេល​វេលា​ជួប​គ្នា​នៅ​ឡើយ​ទេ​។ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា​គម្រោង​ជួប​គ្នា​​​មិន​ចាំ​បាច់​តក់​ក្រហល់​ពេក​ទេ​។ លោក​យល់​ថា​គួរ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ត្រៀម​ខ្លួន​ឱ្យ​បាន​ស្រេច​បាច់​។​​ លោក​ចង់​មាន​ន័យ​ថា​រៀប​ចំ​របៀប​វារៈ និង​ផែន​ការ​ឱ្យ​បាន​ហ្មត់​ចត់​ជា​ជាង​ជួប​គ្នា​គ្រាន់​តែ​ដើម្បី​ជួប​។

ប្រធានា​ធិបតី​អ៊ុយ​ក្រែន​ លោក​ហ្សេ​ឡិន​ស្គី កត់​សម្គាល់​ថា​នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ លោក​ពូទីន​ចាប់​ផ្ដើម​វិល​ទៅ​រក​ការ​ដោះ​ស្រាយ​បញ្ហា​តាម​មធ្យោបាយ​ការ​ទូត​វិញ​ម្ដង​។ កាល​ពី​សប្ដាហ៍​មុន លោក​ពូទីន និង​លោក​ត្រាំ​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​ព្រោះ​គាត់​ផ្អែម​មាត់​ដែរ​នៅ​ពេល​លោក​ត្រាំ​ប្រកាស​ថា​បើ​រុស្ស៊ី​មិន​ព្រមចូល​តុ​​ចរ​ចា​​ទេ​ គាត់​អាច​​នឹង​ផ្ដល់​មីស៊ីល​ថូម៉ាហក​ទៅ​​ឱ្យ​អ៊ុយ​ក្រែន​។ ប៉ុន្តែ​នៅ​ពេល​សម្ពាធ​នេះ​ចាប់​ផ្ដើម​ធូរ​ស្រាល​ជាង​មុន រុស្ស៊ី​​លែង​​ប្រើ​មធ្យោបាយ​ការ​ទូត​ត​ទៅ​ទៀត​ ហើយ​ក៏​​​ផ្អាក​​ការ​សន្ទនា​គ្នា​​តែ​ម្ដង។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​សារ​របស់​លោក​​ហ្សេឡិនស្គី​នៅ​​លើ​តេឡេ​ក្រាម​។

លោក​ហ្សេឡិន​ស្គី​ថ្លែង​បន្ត​ទៀត​ថា​យើង​ចាំ​បាច់​ត្រូវ​តែ​បញ្ចប់​សង្គ្រាម​នេះ​ឱ្យ​បាន​ ហើយ​មាន​តែ​ការ​ដាក់​សម្ពាធ​តែ​ប៉ុណ្ណោះ​ទើប​អាច​នាំ​មក​នូវ​សន្តិ​ភាព​។ លោក​​​ថ្លែង​នៅ​ចុង​បញ្ចប់​ថា​ថ្នាក់​ដឹក​នាំ​ប្រទេស​នានាប្ដេជ្ញា​គាំទ្រ​គោល​​ការណ៍​ច្បាប់​​​ដែល​ចែង​​ថា​បន្ទាត់​ព្រំ​ដែន​អន្តរ​ជាតិ​មិន​ត្រូវ​កែ​ប្រែ​ដោយ​កម្លាំង​យោធា​ជា​ដាច់​ខាត។ ចង់​មាន​ន័យ​​ថា​មិន​អាច​ប្រើ​កង​ទ័ព​ទៅ​វាយ​យក​ទឹក​ដី​គេ​ស្រស់​ៗ​បាន​ឡើយ​​។

លោក​ត្រាំ​ឥឡូវ​នេះ​ចាប់​ផ្ដើម​ប្រើ​ប្រាស់​សារ​នយោបាយ​មាន​លក្ខណៈ​បត់​បែន​យ៉ាង​សម្បូរ​បែប​។ កាល​ពី​ពេល​ថ្លែង​នៅ​អង្គ​ការ​សហ​ប្រជា​ជាតិ​ លោក​ហាក់​ដូច​ជា​និយាយ​លើក​ជើង​អ៊ុយ​ក្រែន​​យ៉ាង​ខ្លាំង​ដល់​ថ្នាក់​ប្រកាស​ថា​អ៊ុយ​ក្រែន​អាច​វាយ​យក​ទឹក​ដី​របស់​ខ្លួន​ត្រឡប់​មក​វិញ​ទាំង​អស់​។ កាល​នោះ ក្រុម​ប្រទេស​ដែល​គាំទ្រ​អ៊ុយ​ក្រែន​ខំ​នាំ​គ្នា​អរ​ដោយ​នឹក​ស្មាន​ថា​លោក​ត្រាំ​លែង​ត្រូវ​លោក​ពូទីន​ពង្វក់​បាន​ទៀត​ហើយ​។ ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​មុន​ពេល​ជួប​លោក​ហ្សេឡិន​ស្គី​នៅ​សេត​វិមាន​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន លោក​​ត្រាំ​ និង​លោក​ពូទីន​បាន​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​។

សារ​ព័ត៌​មាន​វ៉ាស៊ីន​តោន​ប៉ុស្តិ៍​ចុះ​ផ្សាយ​ថា​នៅ​ក្នុង​ការ​សន្ទនា​គ្នា​នោះ ​លោក​ពូទីន​ដាក់​លក្ខ​ខណ្ឌ​​​​​ឱ្យ​អ៊ុយ​ក្រែន​ប្រគល់​តំបន់​ដុន​បាស់ និង​លូហាន​ទាំង​អស់​ទៅ​​​ឱ្យ​​រុស្ស៊ី។​ ជា​ថ្នូរ​ត្រឡប់​​ទៅ​​វិញ រុស្ស៊ី​យល់​ព្រម​កាត់​តំបន់​ហ្សា​ប៉ូរីហ្សៀ និង​ខឺសុន​​មួយ​ផ្នែក​ទៅ​​ឱ្យ​អ៊ុយក្រែន​វិញ​​។ ​កាល​ពី​យប់​មិញ លោក​ត្រាំ​ថ្លែង​ថា​អ៊ុយ​ក្រែន​គួរ​តែ​ទទួល​យក​លក្ខ​ខណ្ឌ​របស់​លោក​ពូទីន​។ បើ​មិន​ដូច្នេះ​ទេ​ រុស្ស៊ី​នឹង​វាយ​ប្រ​ហារ​អ៊ុយ​ក្រែន​រហូត​ដល់​រលាយ​ក្លាយ​ជា​ផេះ​។ កាល​ពី​យប់​ថ្ងៃ​អាទិត្យ លោក​ត្រាំ​ស្នើ​ឱ្យ​ពុះ​ច្រៀក​តំបន់​ដុន​បាស់ (Donbas) ជា​កង់​ៗ​។ រុស្ស៊ី​ត្រូវ​ទទួល​បាន​ចំណែក​ធំ​ជាង​គេ​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​អេភី (AP) និង​ប្រភព​ដទៃ​ទៀត​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ