ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្បករ​ខ្មែរជាង១០០នាក់​ ទទួលបានការបណ្ដុះបណ្ដាលក្រមសីលធម៌ វិជ្ជាជីវៈសំដៅជំរុញលើកកម្ពស់កិត្យានុភាពជាតិ

13 ម៉ោង មុន

រាជធានីភ្នំពេញ៖ សិល្បករ​ខ្មែរជាង១០០នាក់​ ទទួលបានការបណ្ដុះបណ្ដាលក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បី​លើកកម្ពស់​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិឲ្យបានគង់វង្ស និងជំរុញលើកកម្ពស់កិត្យានុភាពជាតិ​។ យោងតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌…

រាជធានីភ្នំពេញ៖ សិល្បករ​ខ្មែរជាង១០០នាក់​ ទទួលបានការបណ្ដុះបណ្ដាលក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បី​លើកកម្ពស់​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិឲ្យបានគង់វង្ស និងជំរុញលើកកម្ពស់កិត្យានុភាពជាតិ​។

យោងតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ បានឲ្យដឹងថា នៅថ្ងៃ​ទី២១ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី « ក្រមសីលធម៌ វិជ្ជាជីវៈអ្នកសិល្បៈ » ក្រោមអធិបតីភាព លោកជំទាវ ឆឹង ស៊ីមន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

បើតាមក្រសួង, វគ្គបណ្តុះបណ្តាលនេះមានវត្ថុបំណងផ្តោតជាសំខាន់លើការលើកកម្ពស់ការថែរក្សា ការពារសិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិឲ្យបានគង់វង្ស ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។ទប់ស្កាត់ផលប៉ះពាល់ដែលមានលក្ខណៈអវិជ្ជមានចំពោះសិល្បៈប្រពៃណីជាតិ។លើកកម្ពស់ឥរិយាបថ អត្តចរិត វោហារស័ព្ទ សំណេរ និងប្រឌិតញាណរបស់អ្នកសិល្បៈ ស្របតាមវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដ៏ល្អផូរផង់របស់ជាតិ។ លើកកម្ពស់សីលធម៌ គុណធម៌ សច្ចធម៌ និងសេចក្តីថ្លៃថ្នូរនៃអ្នកប្រកបមុខរបរពាក់ព័ន្ធនិងវិស័យសិល្បៈ វប្បធម៌ ដើម្បីឧត្តមភាពបុគ្គល សង្គម និងដើម្បីជាគំរូដ៏ល្អប្រសើរសម្រាប់អ្នកបន្តវេន និងបង្កើតសមត្ថភាពច្នៃប្រតិដ្ឋប្រកបដោយទំនួលខុសត្រូវ និងមានវិជ្ជាជីវៈខ្ពស់ មិនលួច ឬថតចម្លងស្នាដៃអ្នកដទៃ។

គួរបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពីសំណាក់សិល្បករ សិល្បការិនី អ្នកនិពន្ធ អ្នកសម្តែង ទាំងក្នុងនិងក្រៅប្រព័ន្ធមកពីសមាគម និងក្រុមសិល្បៈប្រមាណ ១២០នាក់៕