រាជធានីភ្នំពេញ៖ និស្សិតកម្ពុជាប្រមាណជិត៦០នាក់ ទទួលបានអាហារូបករណ៍អូស្ត្រាលី បន្តការសិក្សាលើជំនាញជាច្រើន ដើម្បីចូលរួមចំណែកក្នុងការកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមនិសិ្សតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសអូស្ត្រាលី សម្រាប់ឆ្នាំ២០២៦ មុនចេញដំណើរទៅសិក្សា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ជំរុញលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ផ្ដោតសំខាន់លើការខិតខំប្រឹងប្រែងរៀនសូត្រទាំងនៅក្នុងសាលា និងឈ្វេងយល់ចំណេះដឹងបន្ថែម ពីមជ្ឈដ្ឋានខាងក្រៅឱ្យអស់ពីលទ្ធភាព និងសមត្ថភាពដែលខ្លួនមាន ដើម្បីទទួលបានលទ្ធផលល្អប្រសើរ ក្លាយជាទំពាំងដ៏ល្អ ដើម្បីចូលរួមកសាងប្រទេសជាតិជាមួយរាជរដ្ឋាភិបាលនៅពេលវិលត្រឡប់មកមាតុប្រទេសវិញ។
បើតាមក្រសួង,និស្សិតអាហារូបករណ៍ដែលនឹងត្រូវបន្ដការសិក្សានៅប្រទេសអូស្ត្រាលីមានចំនួនសរុប ៥៥រូប ស្រី២៩រូប មានថ្នាក់អនុបណ្ឌិត៥៣រូប និងថ្នាក់បណ្ឌិត២រូប ក្នុងនោះមានមន្ត្រីរាជការមកពី ក្រសួង-ស្ថាប័ននានា អង្គការ សមាគម និងក្រុមហ៊ុនវិស័យឯកជន ដែលនឹងត្រូវសិក្សាលើមុខជំនាញ រួមមាន៖នវានុវត្តន៍ ខ្សែច្រវាក់ផ្គត់ផ្គង់ គោលនយោបាយសាធារណៈ ការវិភាគទិន្នន័យ បរិស្ថាន ច្បាប់ អប់រំ យេនឌ័រ គ្រប់គ្រង ការអភិវឌ្ឍ កសិធុរកិច្ច សហគ្រិនភាព និងនវានុវត្តន៍ សុខភាពសាធារណៈទេសចរណ៍ និងជំនាញផ្សេងៗទៀត៕
ចែករំលែកព័តមាននេះ