ប្រទេសនីហ្សេរីយ៉ា ៖ សោកនាដកម្មថ្មីមួយកើតមាននៅភាគកណ្ដាលនីហ្សេរីយ៉ា កាលពីថ្ងៃទី២១ តុលា ពេលរថយន្តកាំមីញ៉ុងស៊ីទែនមួយគ្រឿង បានក្រឡាប់លើផ្លូវថ្នល់មួយ ក្នុងរដ្ឋនីហ្សេ មុនពេលផ្ទុះឆេះបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច២៩នាក់ហើយមនុស្ស៤២នាក់រងរបួស។ នេះបើតាមសេចក្ដីរាយការណ៍របស់ភ្នាក់ងារជួយសង្គ្រោះ។
សោកនាដកម្មនេះកើតមាននាវេលាម៉ោង១១ម៉ោងក្នុងស្រុក នៅចន្លោះមូលដ្ឋាន BADEGGI និងESSAN តាមផ្លូវថ្នលថ្នល់ដែលភ្ជាប់ក្រុងប៊ីដាទៅក្រុងអាហ្គាអ៊ី ។ តាមលោកអ៊ីប្រាហ៊ីម ហ៊ូសាអ៊ីនី អ្នកសម្របសម្រួលមូលដ្ឋាន នៃទីភ្នាក់ងារគ្រប់គ្រងការងារសង្គ្រោះថា រថយន្តស៊ីទែននោះដែលដឹកប្រេងឥន្ធនៈបានក្រឡាប់ ហើយមនុស្សម្នាក៏លើកគ្នាទៅដួសយកប្រេង ។ ពេលនោះរថយន្តក៏បានផ្ទុះហើយឆេះ ។
សោកនាដកម្មបែបនេះកើតមានរឿយៗនៅនីហ្សេរីយ៉ាដែលនៅទីនោះផ្លូវថ្នល់មិនសូវល្អនិងពុំមានការគោរពដល់ច្បាប់ចរាចរណ៍។ គ្រោះថ្នាក់ធ្ងន់ធ្ងរតែងកើតមានជាមួយបណ្ដារថយន្តស៊ីទែន ដោយពេលរថយន្តទាំងនោះជួបគ្រោះថ្នាក់មនុស្សម្នាលើកគ្នាទៅដួសយកប្រេង ប្រឈមមុខការប្រថុយជីវិតពេលរថយន្តផ្ទុះឆេះ៕
ចែករំលែកព័តមាននេះ