ខេត្តកំពង់ស្ពឺ ៖ យុវជនជាចៅម្នាក់ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួន បន្ទាប់ពីទាញកាំបិតប៉័ងតោកាប់ក្បាលជីតាខ្លួនឯងកំពុងសម្រានលក់កណ្តាលអាធ្រាត្រ ព្រោះតែខឹងជីតាស្តីបន្ទោសរឿងលួចយកបារីរបស់គាត់ជក់ ចៅចិត្តស្លុយទប់កំហឹងមិនបាន ក៏កាប់ជីតាស្រែកផ្អើលឆោឡោទាំងយប់។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅក្នុងភូមិព្រៃក្តី ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចស្រុកសំរោងទងបាននិយាយឱ្យដឹងថា កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ឈ្មោះ សុន ង៉ែត ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិព្រៃក្តី ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរលាំងចក ទៅលើឈ្មោះ ផាន សុភ័ណ្ឌ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំរលាំងចក ស្រុក ស្រុកសំរោងទង ត្រូវជាក្មួយ។ ដោយកាលពីវេលាម៉ោង០១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២១ខែតុលាឆ្នាំ២០២៥ ឈ្មោះសុន ង៉ែត ខាងលើ កំពុងសម្រាកនៅក្រោមផ្ទះស្រាប់តែលឺសម្លេងលោកឪពុក ឈ្មោះ ឈៀ ខេន អាយុ៨០ឆ្នាំ រស់នៅក្នុងខ្ទមជិតផ្ទះរបស់ខ្លួនចម្ងាយប្រហែល៤ម៉ែត្រ។ ពេលបានលឺសម្លេងស្រែកជួយផង ជួយផងនោះ រូបគាត់ក៏បានចេញទៅមើល ឃើញឈ្មោះ សុភ័ណ្ឌ (យុវជនដៃដល់ និងត្រូវជាក្មួយ) បានកាន់កាំបិតបុ័ងតោនៅដៃ ហើយឪពុកមានរងរបួសក្បាលហូរឈាម ហើយបានប្រាប់ថាឈ្មោះ សុភ័ណ្ឌ បានយកកាំបិតកាប់មកលើរូបគាត់ ភ្លាមៗនោះក្រុមគ្រួសារបានដឹកបញ្ជូនលោកតាវ័យ៨០ឆ្នាំយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺទាំងយប់ ។
សមត្ថកិច្ចស្រុកសំរោងទងបាននិយាយបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងពីស្ត្រីខាងលើ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌស្រុកសំរោងទង សហការជាមួយនគរបាលប៉ុស្តិ៍ឃុំក៏បានឃាត់ឈ្មោះ ផាន សុភ័ណ្ឌ មកធ្វើការសាកសួរ។ បន្ទាប់ពីសួរនាំយុវជនដៃដល់(ជាចៅតិរច្ឆាន)ខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតបុ័ងតោកាប់ទៅលើជីតារបស់ខ្លួន ពិតប្រាកដមែន។ មូលហេតុដែលធ្វើឱ្យរូបគេយកកាំបិតប៉័ងតោកាប់ទៅលើជីតារបស់ខ្លួនឯងនោះ ក៏ព្រោះតែខឹងជីតាស្តីបន្ទោសរឿងយកបារីរបស់គាត់ទៅជក់។
សមត្ថកិច្ចស្រុកសំរោងទងបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនយុវជនដៃដល់ជាចៅតិរច្ឆានខាងលើដកហូតកាំបិតបុ័ងតោចំនួន០១ នគរបាលជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕


ចែករំលែកព័តមាននេះ