រាជធានីភ្នំពេញ ៖ ភាគីកម្ពុជានិងភាគីថៃនឹងរៀបចំកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយរំពឹងនឹងទទួលបានលទ្ធផលជាផ្លែផ្កា និងចូលរួមចំណែកទៅដល់ការលើកកម្ពស់សន្តិភាព ។ នេះបើតាមឯកឧត្តម ឧបនាយករដ្ឋមន្ត្រីទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ។

នៅព្រឹកថ្ងៃទី២២ តុលា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ ចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ដែលមានឧត្តមនាវីទោ Ahmad Shafirudin Bin Abu Bakar ជំនួយការនាយសេនាធិការទទួលបន្ទុកអភិវឌ្ឍន៍ផែនការ និងយុទ្ធសាស្ត្រ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និងអនុព័ន្ធយោធាកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីទទួលស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

យោងតាមបណ្តាញសង្គមហ្វេសប៊ុក ឯកឧត្តម ទៀ សីហា បានឲ្យដឹងថា កម្ពុជារំពឹងយ៉ាងមុតមាំថា ភាគីទាំងពីរនឹងអាចពិភាក្សាគ្នាក្នុងបរិយាកាសមិត្តភាព ការស្ថាបនា និងប្រកបដោយសុឆន្ទៈខ្ពស់លើបញ្ហាអាទិភាពទាំងឡាយដោយគោរពយ៉ាងខ្ជាប់ខ្ជួនតាមស្មារតីនៃកិច្ចព្រមព្រៀងដែលភាគីទាំងពីរសម្រេចកន្លងមក ជាពិសេស ពាក់ព័ន្ធនឹងការកែសម្រួលនូវយុទ្ធោបករណ៍និងសម្ភារយោធាធុនធ្ងន់ ដែលត្រូវអនុវត្តនៅក្រោមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
ឯកឧត្តមថា ចំពោះបញ្ហាផ្សេងទៀតដូចជាការដោះមីនមនុស្សធម៌, កិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែនរួមបញ្ចូលទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សង្ឃឹមថាកិច្ចពិភាក្សារវាងភាគីទាំងពីរនឹងទទួលបានលទ្ធផលជាវិជ្ជមាន។

ឯកឧត្តមបញ្ជាក់ថា«ក្នុងន័យនេះ កម្ពុជាជឿជាក់ថា កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នឹងទទួលបានលទ្ធផលជាផ្លែផ្កា និងចូលរួមចំណែកទៅដល់ការលើកកម្ពស់សន្តិភាពកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស»។
ជាការកត់សម្គាល់ កិច្ចប្រជុំGBCលើកទី២ កម្ពុជា-ថៃនៅម៉ាឡេស៊ីគឺចំថ្ងៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺជាកិច្ចព្រមព្រៀងគ្នា នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលមានភាគីជម្លោះកម្ពុជាចំនួន៤ បានចុះហត្ថលេខា ដោយមានវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ៕

ចែករំលែកព័តមាននេះ