ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​ដាំ និង​ថែទាំ​ដំឡូងជ្វា​ដើម្បី​ទទួល​បាន​ទិន្នផល​ខ្ពស់

4 ឆ្នាំ មុន
  • ភ្នំពេញ

ដំឡូងជ្វា​ជា​ដំណាំ​មើម​មួយ​ប្រភេទ​ដែល​កសិករ​និយម​ដាំ​នៅ​ប្រទេស​កម្ពុជា ព្រោះ​ដំឡូងជ្វា​សម្បូរ​ដោយ​វីតាមីន​អា និង​ជាតិ​ម្សៅ​ដូច​អង្ករ​ដែល​អាច​យក​ទៅ​បរិភោគ​ជំនួស​បាយ​បាន ចំណែក​ស្លឹក​គេ​យក​ទៅ​ធ្វើ​ជា​បន្លែ និង​ចំណី​សត្វ​ផង​ដែរ ។ យោង​តាម​រយៈ​គេហទំព័រ​ផ្លូវការ​របស់​ក្រសួងកសិកម្ម​បាន​បង្ហាញ​ពី​របៀប​ដាំ និង​ថែទាំ​ដំឡូងជ្វា ដើម្បី​ទទួល​បាន​ទិន្នផល​ខ្ពស់ ដែល​មាន​ដូច​ខាងក្រោម​នេះ…

ដំឡូងជ្វា​ជា​ដំណាំ​មើម​មួយ​ប្រភេទ​ដែល​កសិករ​និយម​ដាំ​នៅ​ប្រទេស​កម្ពុជា ព្រោះ​ដំឡូងជ្វា​សម្បូរ​ដោយ​វីតាមីន​អា និង​ជាតិ​ម្សៅ​ដូច​អង្ករ​ដែល​អាច​យក​ទៅ​បរិភោគ​ជំនួស​បាយ​បាន ចំណែក​ស្លឹក​គេ​យក​ទៅ​ធ្វើ​ជា​បន្លែ និង​ចំណី​សត្វ​ផង​ដែរ ។

យោង​តាម​រយៈ​គេហទំព័រ​ផ្លូវការ​របស់​ក្រសួងកសិកម្ម​បាន​បង្ហាញ​ពី​របៀប​ដាំ និង​ថែទាំ​ដំឡូងជ្វា ដើម្បី​ទទួល​បាន​ទិន្នផល​ខ្ពស់ ដែល​មាន​ដូច​ខាងក្រោម​នេះ ៖

១-​ការ​ជ្រើសរើស​ដី និង​រដូវ​កាល​ដាំ​ដុះ ៖ ដំឡូងជ្វា​ជា​ដំណាំ​ប្រភេទ​យក​មើម ដូច្នេះ​ការ​ជ្រើសរើស​ដី​សំរាប់​ដាំ​ដុះ វា​ជា​ការ​សំខាន់​ណាស់ ។ ដី​ដែល​សម​ស្រប​សំរាប់​ដំឡូងជ្វា គឺ​តំបន់​ដីក្រហម ដី​ភ្នំ ដីល្បាប់​ទន្លេ ឬ​ស្ទឹង និង​ដីល្បាប់​ខ្សាច់ ។ ចំណែកឯ​ដីស្រែ​ក៏​អាច​ដាំ​ដុះ​បាន​ដែរ គឺ​ដាំ​នៅ​បន្ទាប់​ពី​ប្រមូល​ផល​ហើយ ។ ដំឡូងជ្វា​គេ​អាច​ដាំ​បាន​នៅ​គ្រប់​រដូវ​កាល ។ នៅ​រដូវភ្លៀង​គេ​ត្រូវ​ដាំ​នៅ​លើ​ដី​ទួល ឬ​ដី​មិន​លិច​ទឹក និង​ជាំ​ទឹក ។ ពេលវេលា​ដែល​ល្អ​សម​ស្រប​សំរាប់​ដាំដំឡូង​មី គឺ​នៅ​ដើមរដូវ​ភ្លៀង ។

២-​ការ​ធ្វើ​ដី ៖ បើសិន​អ្នក​ដាំដំឡូង​នៅ​លើ​ដីស្រែ ដែល​ទើប​ប្រមូល​ផល​រួច អ្នក​ត្រូវ​ភ្ជួរ​ដី​ចោល​ឱ្យ​បាន​២​សា ។​១០​ថ្ងៃ​បន្ទាប់​មក​អ្នក​ត្រូវ​បាច​ជីលា​មក​គោមួយ​រទេះ​ក្នុង​ផ្ទៃដី​១០​ម៉ែត្រការ៉េ រួច​ហើយ​អ្នក​ត្រូវ​រាស់​ត្រឡប់​ដី​ភ្លាម រួច​ទុក​ដី​ចោល​រយៈពេល​៣​ថ្ងៃ ។ ក្រោយមក​ទៀត​អ្នក​ត្រូវ​យក​នង្គ័ល​ភ្ជួរ​ប្រណម​រង​ឱ្យ​បាន​ជើង​រង​១​ម៉ែត្រ ខ្នង​រង​៧០​សង្ទីម៉ែត្រ រួច​យក​ចប​ជួយ​ថែម​ដី​ខ្លះ​ទៀត ដើម្បី​បំពេញ​ដី​រង​ឱ្យ​ស្អាត​ល្អ ។ អ្នក​មិន​ត្រូវធ្វើ​រង​តូច​ពេក​ទេ ពីព្រោះ​ដំឡូង​ចុះ​មើម​​មិន​បាន​ល្អ ។ ដំឡូងជ្វា​ជា​ដំណាំ​ដែល​មាន​ឫស​វែង ដូច្នេះ​អ្នក​គួរ​ភ្ជួរ​ដី​ឱ្យ​បាន​ជម្រៅ​ប្រហែល​ពី​២០​ទៅ​៣០​សង្ទីម៉ែត្រ រួច​ហើយ​ហាល​ដី​ឱ្យ​បាន​ពី​៧​ទៅ​១០​ថ្ងៃ រួច​ច្របល់​ជី​ឱ្យ​បាន​សព្វ​ល្អ ។

៣-​ការ​ជ្រើសរើស​ទង​សំរាប់​ដាំ ៖ ត្រូវ​ជ្រើសរើស​ទង​ណា​ដែល​ថ្លោស និង​ខ្ចី​ល្មម ហើយ​ដែល​មាន​អាយុ​ពី​៤០​ទៅ​៥០​ថ្ងៃ និង​មាន​ថ្នាំង​ញឹក​ល្អ ។ ប្រវែង​ទង​ដែល​សម​ស្រប​ល្អ​សម្រាប់​ដាំ​នោះ​គឺ​មាន​ប្រវែង​ពី​១០​ទៅ​៣០​សង្ទីម៉ែត្រ ហើយ​មិន​ត្រូវ​យក​ទង​ណា​ដែល​មាន​ឫស​ដុះ​ច្រើន​នៅ​តាម​ថ្នាំង​នោះ​ទេ ម្យ៉ាងទៀត​ត្រូវ​កាត់​ស្លឹក​នៅ​ជាប់​ទង​ចោល​មួយ​ចំនួន ប៉ុន្តែ​ត្រូវ​ទុក​ខ្លះ ។

៤-​ការ​រក្សា​ពូជ​ទុក​សំរាប់​ដាំ ៖ ប្រសិនបើ​ដាំដំឡូង​ជ្វា​នៅ​រដូវ​សម្រក ត្រូវ​ដាំ​ពូជ​ស្រាល ហើយ​ត្រូវ​ត្រៀម​ពូជ​ទុក​តាំងពី​ខែកក្កដា ដោយ​គ្រាន់តែ​ដាំដំឡូង​ទុក​នៅ​លើ​ដី​ទួល ឬ​នៅ​តាម​រាន​ខ្ពស់​ៗ ដែល​ដី​មាន​ជីជាតិ​ល្អ ហើយ​មិន​ត្រូវ​ឱ្យ​ដំឡូង​ត្រូវ​កំ​ដៅ​ថ្ងៃ​ពេក​ទេ គឺ​ដើម្បី​រក្សា​ដើម​ដំឡូង​ឱ្យ​នៅ​ខ្ចី​ល្អ ដើម្បី​ទទួល​បាន​ផល​ច្រើន ។

៥-​វិធី​ដាំ ៖ ការ​ដាំដំឡូង​ជ្វា វា​អាស្រ័យ​ទៅ​តាម​ប្រភេទ​ដី ប្រសិនបើ​ដី​ល្អជា​ដី​មាត់ទន្លេ អ្នក​អាច​ដាំ​បាន​ពីរ​ជួរ​នៅ​លើ​រង​មួយ ប៉ុន្តែ​បើ​នៅ​លើ​ប្រភេទ​ដីស្រែ​អ្នក​ដាំ​តែ​មួយ​ជួរ​នៅ​លើ​រង​មួយ​ជា​ការ​ល្អ ។ ចន្លោះ​នៃ​ការ​ដាំ​ពី​ដើម​មួយ​ទៅ​ដើម​មួយ​ប្រវែង​ពី​៣០​ទៅ​៥០​សង្ទីម៉ែត្រ ហើយ​ចន្លោះ​ពី​រង​មួយ​ទៅ​រង​មួយ​គឺ​ប្រវែង​១​ម៉ែត្រ ។ ត្រូវ​ដាក់​ទងដំឡូង​កប់​ដី​ឱ្យ​ផ្អៀង​ប្រហែល​៤៥​ដឺ​ក្រេ ដោយ​ឱ្យ​ចុង​ទងដំឡូង​ផុត​ពី​ដី​មួយ​ថ្នាំ ឬ​ពីរ​ថ្នាំ ។

៦-​ការ​ថែទាំ ៖ ការ​ថែទាំ​វា​ជា​ការងារ​សំខាន់​ណាស់​ដើម្បី​ទទួល​បាន​ទិន្នផល​ខ្ពស់ ។ នៅ​ពេល​អ្នក​ដាំដំឡូង​រួច ភ្លាម ត្រូវ​យក​ចំបើង ឬ​ស្មៅ​ក្រៀម ឬ​កំប្លោក​គ្រប​ពីលើ​រង​ឱ្យ​ជិត ដើម្បី​ការពារ​កុំឱ្យ​ក្តៅ​ពេក ឆាប់​ខ្សោះ​ទឹក​ពីក្រោម​ដី ហើយ​ម្យ៉ាងវិញទៀត ដើម្បី​ការពារ​ដៃ​ដំឡូង​កុំឱ្យ​ប៉ះ​ទៅ​នឹង​ដី​នាំ​ឱ្យ​វាចា​ក់ឫស​ច្រើន ។ បើសិន​ដំឡូង​ល្អ​ខ្លាំង​ពេក​អ្នក​ត្រូវ​ឧស្សាហ៍​បេះ​ត្រួយ ឬ​ក៏​ត្រូវ​កាត់​រំលែក​ដើម​ខ្លះ ដើម្បី​ឱ្យ​មើម​របស់​វា​ថ្លោស​ល្អ ហើយ​អ្នក​អាច​យក​មើល​ដែល​កាត់​នោះ​ទៅ​ធ្វើ​ជា​ចំណី​របស់​សត្វ ។ ទង​ដៃ​ដំឡូង​មិន​ត្រូវ​ឱ្យ​វារ​លើស​ពី​២​ម៉ែត្រ​ឡើយ ។ អ្នក​មិន​ត្រូវ​ស្រោច​ទឹក​ឱ្យ​ជោកជាំ​ពេក​ទេ ពីព្រោះ​វា​អាច​នាំ​ឱ្យ​ដី​ក្តាំង ។ បើ​រាំងភ្លៀង​យូរ​ពេក អ្នក​ត្រូវ​ជ្រួយដី​ឱ្យ​ម៉ដ្ឋ ពូន​រង​ថែម​ឱ្យ​កម្ពស់​៣០​សង្ទីម៉ែត្រ ។ អ្នក​ត្រូវ​សំអាត​ស្មៅ​ចោល​ពេល​ដំឡូង​នៅ​តូច ហើយ​គួរ​ជ្រួយ​ពូន​ជុំវិញ​គល់ ដើម្បី​ឱ្យ​ដំឡូង​ចុះ​មើល​ល្អ ។ អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ជ្រួយដី​មិន​ត្រូវ​ឱ្យ​ដាច់​ឫស​របស់​ដំឡូង​ឡើយ ពីព្រោះ​វា​ប៉ះពាល់​ដល់​ការ​ចុះ​មើម​របស់​ដំឡូង​។

៧-​ការ​ប្រមូល​ផល ៖ អ្នក​អាច​ប្រមូល​ផល​ដំឡូងជ្វា​បាន​នៅ​ពេល​ដំឡូងជ្វា​បាន​អាយុ​ពី​៩០​ទៅ​១៥០​ថ្ងៃ​បន្ទាប់​ពី​ដាំ​រួច ។ ម្យ៉ាងទៀត​នៅ​ពេល​ដំឡូងជ្វា​ជិត​គ្រប់​ខែ​ប្រមូល​ផល គួរ​ឧស្សាហ៍​ឆ្កឹះ​គល់​ឱ្យ​ចំ​មើម ដើម្បី​ពិនិត្យ​មើល​មើមដំឡូង ដើម្បី​ឱ្យ​ដឹង​ថា តើ​មើមដំឡូង​មាន​គឹ​ង​ស៊ី​ឬទេ បើ​គឹ​ង​មិន​ទាន់​ស៊ី​មើមដំឡូង​ទេ អ្នក​អាច​ពន្យារពេល​ប្រមូល​ផល​មួយ​រយៈ​ទៀត ដើម្បី​មើម​កាន់តែ​ធំ​ល្អ ។ ប្រសិនបើ​អ្នក​ដាំដំឡូង​នៅ​រដូវប្រាំង អ្នក​មិន​ត្រូវ​ទុក​ឱ្យ​យូរ​ពេក​ទេ ពីព្រោះ​វា​អាច​នាំ​ឱ្យ​គឹ​ង​ស៊ី​មើម​របស់​ដំឡូង អ្នក​អាច​ប្រមូល​ផល​ដំឡូង​ដោយ​គាស់​នឹង​ចប​ចំពោះ​ផ្ទៃដី​តូច​ៗ បើ​អ្នក​ដាំ​ជា​លក្ខណៈ​ចម្ការ​ធំ​ៗ​អ្នក​អាច​ប្រមូល​ផល​ដំឡូង​ដោយ​ភ្ជួរ ហើយ​ដើរ​រើស​មើម​តែ​ម្តង ៕ (កែសម្រួលដោយ ៖ ធីតា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ