ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុរេន​កម្ពុជា ​លើក​ដំបូង​ចំនួន​ជាង​១៧​តោន​ នាំ​ទៅ​កាន់​ទីផ្សារ​​ប្រទេស​ចិន

56 វិនាទី មុន

រាជធានី​ភ្នំពេញ ៖ ផ្លែ​ទុរេន​ស្រស់​កម្ពុជា ជើង​ដំបូង​ជាង​១៧​តោន ត្រូវ​បាន​នាំ​ចេញ​ជា​ផ្លូវការ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន បន្ទាប់​ពី​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ និង​ការ​បញ្ជាក់​គុណភាព​ពី​ក្រសួងកសិកម្ម ស្រប​តាម​ពិធីសារ នៃ​ការ​នាំ​ចេញ​រួច​មក នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​ក្រសួងកសិកម្ម…

រាជធានី​ភ្នំពេញ ៖ ផ្លែ​ទុរេន​ស្រស់​កម្ពុជា ជើង​ដំបូង​ជាង​១៧​តោន ត្រូវ​បាន​នាំ​ចេញ​ជា​ផ្លូវការ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន បន្ទាប់​ពី​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ និង​ការ​បញ្ជាក់​គុណភាព​ពី​ក្រសួងកសិកម្ម ស្រប​តាម​ពិធីសារ នៃ​ការ​នាំ​ចេញ​រួច​មក នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ ​និង​នេសាទ ​។

លោក ឃឹម ហ្វី​ណ​ង់ អ្នកនាំពាក្យ​ក្រសួងកសិកម្ម​ បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៥​ថា
ទុរេន​ទាំងនេះ​ នឹង​ដឹក​ចេញ​តាម​ច្រក​សមុទ្រ​ នៅ​ថ្ងៃស្អែក និង​គ្រោង​ទៅ​ដល់​ប្រទេស​ចិន ​ក្នុង​រយៈពេល​៩​ថ្ងៃ​ទៀត​។ បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ យើង​នឹង​មាន​ទុរេន ​៣​កុងតឺន័រ​ទៀត ត្រៀម​ដឹក​ជញ្ជូន​នាំ​ចេញ​បន្ថែម​ នៅ​ស​ប្តា​ហ៍​ក្រោយ ​។

លោក​បាន​បញ្ជាក់​ថា ​៖ “​នេះ​គឺជា​ការ​ជោគជ័យ​ថ្មី​មួយទៀត​ សម្រាប់​ការ​នាំ​ចេញ​ផ្លែ​ឈើ​ស្រស់​របស់​កម្ពុជា ​ទៅ​កាន់​ទីផ្សារ​ដ៏​មាន​សក្តានុពល​មួយ​នេះ ហើយ​ក៏​ជា​សមិទ្ធផល ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​ទាំង​ពីរ និង​វិស័យ​ឯកជន​។ សូម​ចូលរួម​អបអរសាទរ​ដល់​កសិករ ​និង​ម្ចាស់​ចម្ការ​ទាំងអស់​គ្នា​ផង​” ​។

សូម​ជម្រាប​ថា​ ទុរេន​កម្ពុជា ​ជើង​ដំបូង​១៧​តោន ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​ចិន តាម​កំពង់​ផែ​ក្រុងព្រះសីហនុ ក្រោយ​រដ្ឋបាល​គយ​ចិន​ទទួលស្គាល់​ចំការ​ទុរេន ១១២​ចំការ និង​រោងចក្រ​វេច​ខ្ចប់​ប្រមាណ ៣០​រោងចក្រ​ ។ នេះ​ជា​សមិទ្ធផល​ថ្មី​មួយ​សម្រាប់​កម្ពុជា ​ហើយ​ទុរេន​ជា​ផលិតផល​ខេត្ត​ត្បូងឃ្មុំ​ ។

ការ​នាំ​ចេញ​ផ្លែ​ទុរេន​កម្ពុជា ទៅ​លក់​នៅ​លើ​ទីផ្សារ​របស់​ប្រទេស​ចិន បាន​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន អេ​ច អេ​ហ្វ ហ្វ្រូ​ត ឯ​.​ក (HF FRUIT LTD.) បាន​សហការ​ជាមួយ​ក្រុមហ៊ុន​នៅ​ប្រទេស​ចិន បន្ទាប់​ពី​ក្រុម​បាន​សម្ពោធ​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២៥ នៅ​ខេត្ត​ត្បូងឃ្មុំ​ ។

មុន​នាំ​ចេញ រដ្ឋបាល​គយ​ចិន​ បាន​ពិនិត្យ​គុណភាព អនាម័យ ភូតគាម​អនាម័យ និង​សុវត្ថិភាព​យ៉ាង​ម៉ត់ចត់ នូវ​ផ្លែ​ទុរេន​ស្រស់​ដែល​មក​ពី​ចំការ​ចំនួន ១១២ និង​រោងចក្រ​វេច​ខ្ចប់ ៣០​ ។ តាម​គម្រោង ក្រុមហ៊ុន អេ​ច អេ​ហ្វ ហ្វ្រូ​ត ឯ​.​ក នឹង​បន្ត​នាំ​ចេញ​ទុរេន​រាប់​សិប​តោន​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន តាម​រយៈ​ការ​ប្រមូល​ទិញ​ពី​កសិករ ដែល​ដាំ​ទុរេន​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ទាំងអស់ ដោយ​កំណត់​ទិញ​ទៅ​តាម​ទំហំ​ផ្លែ ប្រភេទ​ផ្លែ និង​គុណភាព​ នៃ​ផ្លែ​ទុរេន តាម​តម្លៃ​ទីផ្សា​ជាក់ស្តែង​ ។

សូម​ជម្រាប​ថា ប្រទេស​កម្ពុជា មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ទុរេន​ ចំនួន​ប្រមាណ​ជាង ១០,០០០ហិ​កតា ក្នុង​នោះ​ផ្ទៃដី​ប្រមូល​ផល មាន​ចំនួន​ជាង ៧០០​ហិ​កតា ដែល​អាច​ទទួល​បរិមាណ​ផល​ប្រមាណ​ជាង ១២០,០០០​តោន​ក្នុង​១​ឆ្នាំ​។ ដោយឡែក​សម្រាប់​ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ទុរេន​ទូ​ទាំង​ខេត្ត សរុប​ប្រមាណ ៩៥០​ហិ​កតា ផ្ទៃដី​ប្រមូល​ផល​ចំនួន ៦៨៥ហិ​កតា និង​ទទួល​បាន​បរិមាណ​ផល​ប្រមាណ ១០,០០០ តោន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ