ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ គេសង្កេតឃើញថា បុរសជាអាជីវករផ្សារសាមគ្គីហៅប៉ាហ៊ីម្នាក់ មិនត្រឹមតែលក់ដូររបស់របរគ្រឿងទេសនៅក្នុងផ្សារប៉ុណ្ណោះទេ គឺគាត់ថែមទាំងបានយកថវិកា ដែលខ្លួនខិតខំប្រឹងប្រែងរក ដោយសន្សំបាន យកទៅទិញដីចំការជាង១ហិកតា នៅក្បែរក្រុងប៉ៃលិន រួចចាប់ផ្តើមជីកស្រះទឹក ធ្វើរបងព័ទ្ធជុំវិញ និងដាំដំណាំហូបផ្លែជាច្រើនប្រភេទដូចជា ទុរេន ខ្នុរ ដូងក្រអូប ត្របែក ចេក និងដំណាំផ្សេងៗ ជាច្រើនមុខទៀត។ តែក្រោយពេលដាំដុះរួចរាល់ត្រឹមរយៈពេល៣ទៅ៥ឆ្នាំ ក៏ទទួលបានផលផ្លែលក់ដូរជាបន្តបន្ទាប់ ទទួលបានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារបន្ថែមពីលើមុខរបរលក់ដូរ កាន់តែធូរធារមួយកម្រិតទៀត។

បើតាមប្រភពព័ត៌មានពីបុរសម្នាក់ ឈ្មោះ ទូច ប៉ង់ អាយុ៥២ឆ្នាំ រស់នៅក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបរាប់ឱ្យភ្នាក់ងារយើងដឹងថា ៖ ក្រោយពេលលក់ដូរនៅក្នុងផ្សារសាមគ្គីហៅបាហ៊ី សន្សំបានថវិកាមួយចំនួន ក៏ឆ្លៀតយកទៅទិញដីចំការមួយកន្លែងនៅក្បែរក្រវ៉ាត់ក្រុងប៉ៃលិន ទំហំជាង១ហិកតា ។ បន្ទាប់ពីទិញរួចរាល់កាលពីជាង៥ឆ្នាំមុន លោកក៏បានឆ្លងដែនទៅប្រទេសថៃ ទិញកូនទុរេនពូជល្អៗ ជាង២០០ដើម ដើម្បីដាំសាកល្បងមើល ក៏ទិញកូនចេកអំបូងជាង២០គុម្ព ចេកក្រចកម្ចាស់ក្សត្រីជាង២០គុម្ព ទាបស្វិតជាង២០ដើម ត្របែកប្រភេទ៣រសជាតិជាង២០ដើម ខ្នុរជាង២០ដើម ស្លាហូបផ្លែជាង១០០ដើម និងដូងក្រអូបជាង១០០ដើម ។

លោកបន្តទៀតថា រហូតមកដល់ពេលនេះ ដំណាំទុរេន បានប្រមូលផលចំនួន១លើករួចមកហើយ តែកាលពីមុនប្រមូលផល បានជាង៣០០ផ្លែប៉ុណ្ណោះ ខណៈដែលនៅឆ្នាំ២០២៥នេះ គឺផ្លែកើនឡើងរហូតដល់ជាង១០០០ផ្លែឯនោះ ដោយលោកដាំទុរេនប្រភេទម៉ាន់ថងម្យ៉ាង មានក្លិនឈ្ងុយ រសជាតិឆ្ងាញ់ ហើយលក់រាយឱ្យម៉ូយនៅក្នុងផ្សារ១គីឡូក្រាម តម្លៃ២ម៉ឺនរៀល បើលក់ដុំអាចចុះថ្លៃទាបជាងនេះបន្តិចដែរ ។

ដំណាំដែលប្រមូលផលជាបន្តបន្ទាប់ ហើយបានច្រើនជាងគេនោះ គឺផ្លែត្របែកប្រភេទ៣រសជាតិ លោកលក់បាន១គីឡូក្រាមតម្លៃ៥០០០រៀល ដោយក្នុង១ថ្ងៃ ម៉ូយអាចចូលទៅបេះខ្លួនឯង យកទៅលក់ដូរបន្តចាប់ពី៤០ទៅ៥០គីឡូក្រាម ។ ចំណែកខ្នុរក៏ផ្លែច្រើនគួរឱ្យកត់សម្គាល់ផងដែរ ដោយទុំបេះលក់បាន១គីឡូក្រាម តម្លៃ៣០០០រៀល ផ្លែចេកប្រភេទម្រាមម្ចាស់ក្សត្រី ចាស់ៗ លក់១ស្ទង ៣ទៅ៤ម៉ឺនរៀល។

ប្រភពដដែលបានបញ្ជាក់ទៀតថា គ្រប់ដំណាំទាំងអស់ គឺលោកប្រើជីកំប៉ុស ជាលក្ខណៈធម្មជាតិ ដែលបានផលិតដោយខ្លួនឯង ពោលគឺលោកទិញអង្កាម កាកដំឡូងមី លាមកសត្វមាន់ ស្បែកសត្វគោ យកទៅផ្អាប់លាយផ្សំគ្នាបង្កើតទៅជាជីទឹកបាញ់ដាក់ស្លឹក និងដើមឈើ ហើយជីគោកយកទៅដាក់នៅតាមគល់ដើមរុក្ខជាតិទាំងអស់ក្នុងចំការ ដែលធ្វើឱ្យរុក្ខជាតិលូតលាស់យ៉ាងល្អ ហើយពេលបងប្អូនប្រជាពលរដ្ឋទិញយកទៅទទួលទាន មិនប៉ះពាល់ដល់សុខភាពនោះទេ ។ ដូច្នេះ លោកក៏ចង់ចូលរួមក្នុងការជួយនាំយកដំណាំធម្មជាតិលក់ដល់ប្រជាពលរដ្ឋ ដើម្បីក្រោយពេលទទួលទានរួច មានសុខភាពល្អ កម្លាំងមាំមួន និងមិនសូវកើតមានជម្ងឺរោគាច្រើន ឬប៉ះពាល់ដល់សុខភាពរាងកាយផងដែរ។

លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលដាំដំណាំនៅដីចំការរបស់ខ្លួនក្នុងខេត្តប៉ៃលិនទាំងអស់ សូមឱ្យងាកបែរមកប្រើជីធម្មជាតិ ដែលមិនប៉ះពាល់ដល់សុខភាព ហើយធ្វើឱ្យអ្នកទិញយកទៅទទួលទាន អាចរស់រានមានអាយុយឺនយូរ មិនសូវកើតជំងឺចូលពេទ្យញឹកញាប់នោះឡើយ ។




ចែករំលែកព័តមាននេះ