ខេត្តមណ្ឌលគិរី ៖ ចុងខែមេសានេះគឺជាពេលវេលាដ៏ល្អ ក្នុងការប្រមូលផលស្ពៃក្តោបរបស់ប្រជាកសិកររស់នៅខេត្តមណ្ឌលគិរី ខណៈបន្លែមួយប្រភេទនេះបានក្លាយជាផលិតផលដ៏ពេញនិយមរបស់ភ្ញៀវទេសចរណ៏ដែលធ្វើដំណើរកម្សាន្តក្នុងខេត្ត។
លោក ភិន ផន កសិករដាំស្ពៃក្តោបរស់នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ បានឲ្យដឹងថា ស្ពៃក្តោបរបស់គាត់កំពុងពេញប្រមូលផលហើយនាចុងខែ៤នេះ និងកំពុងមានការបញ្ជាទិញពីអតិថិជនទាំងក្នុងខេត្តនិងក្រៅខេត្ត ។ ដោយសារដំណាំស្ពៃក្តោបនៅខេត្តមណ្ឌលគិរី មានឱជារសផ្អែមស្រួយឆ្ងាញ់បែបធម្មជាតិ ល្បីល្បាញដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលទៅទស្សនាកម្សាន្តនៅខេត្តមណ្ឌលគិរី តែងតែទិញយកទៅទទួលទានស្ទើរគ្រប់គ្នាៗ។
ការចាប់អារម្មណ៏និងចលនាគាំទ្រផលិតផលក្នុងស្រុកពីសំណាក់មហាជន ជាពិសេសប្រជាកសិករដាំបន្លែផ្សេងៗគ្រប់ប្រភេទក្នុងខេត្តមណ្ឌលគិរីនិយាយជារួម និងនិយាយដោយឡែកបន្លែស្ពៃក្តោប គឺធ្វើឲ្យជីវភាពពួកគាត់ដែលជាកសិករ បានល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
បើតាមការបញ្ជាក់ពីកសិករខាងលើ គាត់អាចលក់ស្ពៃក្តោបនៅចំការផ្ទាល់បានថ្លៃ៥ ០០០រៀល ក្នុងមួយគីឡូក្រាម ហើយក្នុងស្ពៃមួយក្តោបអាចមានទម្ងន់ចាប់ពីកន្លះគីឡូក្រាមទៅមួយគីឡូក្រាម ៕






ចែករំលែកព័តមាននេះ