ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ​កម្ពុជា ​ប្រកាស​បដិសេធ​ការ​ចោទប្រកាន់​ពី​ភាគី​ថៃ​ថាដាក់​មីន​ថ្មី​ធ្វើ​ឲ្យ​ទាហាន​ថៃ​គ្រោះថ្នាក់ ជា​ការ​មិន​ពិត

50 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​របស់​ភាគី​ថៃ​មក​លើ​កម្ពុជា​ថា បាន​ដាក់​មីន​ថ្មី​នៅ​តាម​ព្រំដែន ជា​ការ​មិន​ពិត ហើយ​មីន​ដែល​ផ្ទុះ​នោះ​សល់​ពី​សម័យ​សង្គ្រាមស៊ីវិល​កន្លង​មក ។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​លោក​ជំទាវ ឧត្តមសេនីយ៍ឯក…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​របស់​ភាគី​ថៃ​មក​លើ​កម្ពុជា​ថា បាន​ដាក់​មីន​ថ្មី​នៅ​តាម​ព្រំដែន ជា​ការ​មិន​ពិត ហើយ​មីន​ដែល​ផ្ទុះ​នោះ​សល់​ពី​សម័យ​សង្គ្រាមស៊ីវិល​កន្លង​មក ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៥​បាន​លើក​ឡើង​ថា ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​សម្តែង​ការ​សោកស្តាយ​ចំពោះ​ឧបទ្ទវហេតុ​នៃ​ការ​ផ្ទុះ​គ្រាប់​មីន​ដែល​បណ្តាល​ឱ្យ​កងទ័ព​ថៃ​មួយ​ចំនួន​រង​របួស​នៅ​ពេល​ដើរ​ល្បាត​ចូល​តំបន់​ចម្ការ​មីន​ចាស់​ដែល​បន្សល់​ទុក​ពី​សង្គ្រាមស៊ីវិល​របស់​កម្ពុជា កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៥​។

ជាមួយ​គ្នា​នេះ ក្រសួងការពារជាតិ​កត់សម្គាល់​ឃើញ​ថា ចាប់តាំងពី​ថ្ងៃ​ម្សិលមិញ​រហូត​មក​ដល់​ថ្ងៃនេះ​បណ្តាសារ​ព័ត៌មាន​របស់​ថៃ​មួយ​ចំនួន បាន​ចេញផ្សាយ ដោយ​ដកស្រង់​សម្តី​ថ្នាក់ដឹកនាំ​ប្រទេស​ថៃ និង​មន្ត្រី​នៃ​កង​យោធា​ថៃ ដែល​បាន​ចោទប្រកាន់​មក​លើ​កម្ពុជា​ថា បាន​ដាក់​គ្រាប់​មីន​ថ្មី និង​បណ្តាល​ឱ្យ​យោធា​របស់​ខ្លួន​ជាន់​ផ្ទុះ និង​រង​របួសធ្ងន់ នៅ​ខេត្តព្រះវិហារ ។ ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ប្រកាស​បដិសេធ​ការ​ចោទប្រកាន់​ទាំងនេះ​របស់​ភាគី​ថៃ​មក​លើ​កម្ពុជា ។

ក្រសួងការពារជាតិ សូម​បញ្ជាក់​យ៉ាង​មុតមាំ​ថា ចាប់តាំងពី​ក្លាយជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អូ​តា​វ៉ា កម្ពុជា​តែងតែ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ និង​កាតព្វកិច្ច​របស់​ខ្លួន​នៅ​ក្រោម​ច្បាប់​អន្តរជាតិ ដោយ​មិន​ដែល​ដាក់​មីន​ថ្មី​ដែល​គំរាមកំហែង​ដល់​សន្តិសុខ និង​សុវត្ថិភាព​របស់​មនុស្សជាតិ​នោះ​ឡើយ ។

ជា​ការ​ពិត​ណាស់ បើ​ទោះបីជា​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បោសសម្អាត​មីន អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​មកនេះ​ក៏​ដោយ​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ ដែល​ជា​សំណល់​ពី​សង្គ្រាម​នៅ​តែ​បន្ត​គំរាមកំហែង​ដល់​សន្តិសុខ និង​សុវត្ថិភាព​ប្រជាជន​ស្លូតត្រង់​កម្ពុជា នៅ​តាម​តំបន់​ជា​ច្រើន ជា​ពិសេស​នៅ​តាម​តំបន់​ព្រំដែន កម្ពុជា និង​ប្រទេស​ជិតខាង​ក្នុង​នោះ​រួម​ទាំង​ថៃ​ផង​ដែរ ។

ក្នុង​ន័យ​នេះ ក្រសួងការពារជាតិ អំពាវនាវ​ឱ្យ​ភាគី​ថៃ​ចៀសវាង​ការ​ដើរ​ល្បាត​ចូល​ក្នុង​តំបន់​ចម្ការ​មីន​ចាស់​ៗ​ជា​ពិសេស​តំបន់​ដែល​ត្រូវ​បាន​អន្តរជាតិ​ទទួលស្គាល់​ថា ជា​ចម្ការ​មីន​ដែល​ជា​សំណល់​ពី​សង្គ្រាម ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដោយសារ​ការ​ផ្ទុះ​មីន​ចាស់​ទាំងនេះ​ដែល​អាច​បង្ក​ឱ្យ​មាន​ភាព​តានតឹង​ដោយ​មិន​ចាំបាច់ ។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា យោង​តាម​ព័ត៌មាន​ដែល​ទទួល​បាន​ពី​យោធភូមិ​ភាគ​ទី​៤ របស់​កម្ពុជា​បាន​បញ្ជាក់​ថា ក្រោយ​ពេល​កើត ហេតុ​រួច​កងកម្លាំង​ទាំង​សងខាង ដែល​នៅ​ជួរ​មុខ​បាន​ធ្វើការ​ទំនាក់ទំនង​គ្នា ហើយ​គិត​មក​ដល់​ម៉ោង​នេះ​សភាពការណ៍​មាន​ភាព​ស្ងប់ស្ងាត់​មិន​មាន​ភាព​តានតឹង​ទេ ។

ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ប្តេជ្ញា​ចិត្ត ក្នុង​ការ​ធ្វើការ​ឱ្យ​បាន​ជិត​ស្និទ្ធ​ជាមួយ​ភាគី​ថៃ​ក្នុង​ការ​លើកកម្ពស់​សន្តិភាព និង​ស្ថិរភាព​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​ធានា​ដល់​សន្តិសុខ និង​សុវត្ថិភាព​របស់​ប្រជាជន​ស៊ី​វិល ស្រប​តាម​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​សន្តិភាព​រវាង​កម្ពុជា និង​ថៃ ដែល​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ