ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​១​គ្រួសារ ដាំ​ដើម​ឫស្សី​ជាង​៤​ហិ​កតា ​ទុក​ទល់​ដើម​មៀន​ប៉ៃលិន​ និង​លក់​ឱ្យ​អ្នក​ជិតខាង​ធ្វើ​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ

13 ម៉ោង មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នៅ​ក្នុង​ចំការ​ដ៏​ធំ​ល្វឹងល្វើយ​មួយ​កន្លែង ដែល​មាន​ពេញ​ទៅ​ដោយ​ដើម​ឫស្សី​រាប់​ពាន់​គុម្ព ស្ថិត​នៅ​ចំណុច​ក្បាល​ឡាន ក្នុងភូមិ​ភ្នំ​ស្ពង់ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន គឺ​មាន​ប្រជាពលរដ្ឋ​មួយ​គ្រួសារ…

ខេត្ត​ប៉ៃលិន ៖ នៅ​ក្នុង​ចំការ​ដ៏​ធំ​ល្វឹងល្វើយ​មួយ​កន្លែង ដែល​មាន​ពេញ​ទៅ​ដោយ​ដើម​ឫស្សី​រាប់​ពាន់​គុម្ព ស្ថិត​នៅ​ចំណុច​ក្បាល​ឡាន ក្នុងភូមិ​ភ្នំ​ស្ពង់ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន គឺ​មាន​ប្រជាពលរដ្ឋ​មួយ​គ្រួសារ បាន​ចំ​ណាយ​ដី​ដ៏​ច្រើន​នេះ ដាំ​ដើម​ឫស្សី​សម្រាប់​យក​ទៅ​ទល់​ដើម​មៀន​ប៉ៃលិន ពេល​ដែល​មាន​ផ្លែ​ច្រើន ការពារ​កុំឱ្យ​បាក់​ដើម ថែម​ទាំង​លក់​ឱ្យ​អ្នក​ភូមិ​យក​ទៅ​ប្រើប្រាស់​ធ្វើ​សម្ភារៈ​ផ្សេង​ៗ​។ រីឯ​ទំពាំង ម្ចាស់​ចំការ​ប្រមូល​ផល​យក​ឱ្យ​កម្មករ​ធ្វើ​ម្ហូប​អា​ហារ និង​ទុក​សម្រាប់​ទទួល​ទាន​ខ្លួនឯង ព្រមទាំង​លក់ដូរ ឱ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ និង​រហូត​ដល់​រាជធានី​ភ្នំពេញ​។

បើ​តាម​ការ​រៀបរាប់​ពី​បុរស​ម្នាក់ ឈ្មោះ ភក្តី អាយុ​២៥​ឆ្នាំ ជា​កម្មករ​ក្នុង​ចំការ​ខាងលើ បាន​រៀបរាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៥​នេះ​ថា ម្ចាស់​ចំការ​ឫស្សី​ខាងលើ មាន ឈ្មោះ កែម ភេទ​ប្រុស អាយុ​៧០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ភ្នំ​ស្ពង់ ដោយ​គាត់​បាន​ដាំ​ចំការ​ឫស្សី​នេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក៏​ធំ​លូតលាស់​យ៉ាង​ល្អ អាច​កាប់​យក​ទៅ​ប្រើប្រាស់​ទល់​ដើម​មៀន​ប៉ៃលិន ពេល​ដែល​មាន​ផ្លែ​ច្រើន ដើម្បី​ការពារ​កុំឱ្យ​បាក់មែក ឬ​រលំ​ដើម ពេល​មាន​ខ្យល់​បោកបក់​ខ្លាំង​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ចំការ​ឫស្សី​ខាងលើ​នេះ ត្រូវ​បាន​ម្ចាស់​កាប់​ដើម​ជា​រៀង​រាល់​ឆ្នាំ ខណៈ​ពេល​ដែល​គាត់​ដាក់​អក​ម៉ូ​ន​បញ្ចេញ​ផ្លែ​មៀន​ប៉ៃលិន រាប់​ពាន់​ដើម​នៅ​ក្នុង​ចំការ​ក្បែរ​នោះ​។

លោក​បន្ថែម​ទៀត​ថា ទោះបីជា​យ៉ាងណា ការ​ដាំ​ដើម​ឫស្សី​នេះ គឺ​ម្ចាស់​ចំការ​ដាំ​នៅ​រដូវវស្សា ដោយ​មិន​ចំណាយ​ថវិកា ក្នុង​ការ​បូមទឹក​ស្រោច​ឡើយ ដោយ​គ្រាន់តែ​ដាំ​រួច ក៏​ត្រូវ​ទឹកភ្លៀង បណ្តាល​ឱ្យ​ដុះ​លូតលាស់​យ៉ាង​ល្អ ហើយ​ថៅកែ​ចំការ ក៏​បានឱ្យ​កម្មករ​កាត់​ដើម​ណា ដែល​អាច​ប្រើ​ការ​បាន យក​ទៅ​ទល់​ដំណាំ​របស់​គាត់ មិន​ឱ្យ​បាក់មែក ឬ​ដួល​ខូ​ត​ខាត​នោះ​ឡើយ​។ មិន​ត្រឹមតែ​យក​ទៅ​ទល់​ដំណាំ​ប៉ុណ្ណោះ​ទេ ដើម​ឫស្សី​ដ៏​ខ្ពស់​ត្រង់​ទៅ​លើ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង ភូមិ​ចូល​ទៅ​ទិញ ដើម្បី​យក​ទៅ​ធ្វើ​ជា​រនាប​គ្រែ ឬ​ធ្វើ​ជា​រនូត​ផ្ទះ និង​ធ្វើ​ជា​របង​ក្រោលគោ​នៅ​តាម​ភូមិ​ថែម​ទៀត​ផង​ដែរ​។

លោក​ក៏​បញ្ជាក់​ថែម​ទៀត​ថា ចំការ​ឫស្សី​ដ៏​ធំ​ល្វឹងល្វើយ​នេះ ជា​ផ្នែក​មួយ​ជួយ​ទប់​ខ្យល់ ដែល​បក់​បោក​មក​ពី​ទិស​ខាងលិច មិន​ឱ្យ​ដួល​រលំ​ដើម​តា​ង៉ែ​ន​របស់​ថៅកែ​ថែម​ទៀត​ផង ព្រោះ​ដើម​ឫស្សី​បាន​ឈរ​បាំង​ខ្យល់​យ៉ាង​រឹង​មាំ ទោះបីជា​មាន​ភ្លៀង​លាយ​ដោយ​ខ្យល់​កន្ត្រាក់​ក៏​មិន​អាច​ធ្វើ​ឱ្យ​ដួល​រលំ​ផ្ទះ​ឬ​ដំណាំ​នៅ​ពីក្រោយ​គុម្ព​ឫស្សី​ទាំងនោះ​បាន​ឡើយ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ដើម​ឫស្សី​ពិតជា​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងភូមិ ដែល​មាន​ជំនាញ អាច​យក​ទៅ​ផលិត​ជា​គ្រឿង​សិប្បកម្ម ដូច​ជា ចង្អេរ​, កញ្ជើ​,​ល្អី​, បង្គី​, កញ្ច្រែង និង​សម្ភារៈ​ផ្សេង​ៗ​ជា​ច្រើន​ទៀត លក់​បាន ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​ផង​ដែរ ។ រីឯ​ដើម​ឫស្សី​តូច​ៗ​ល្មម គេ​អាច​យក​ទៅ​កាត់​ជា​កង់​ៗ ដើម្បី​ដុត​នំក្រឡាន​ថែម​ទៀត​ដែរ​។ ដូច្នេះ ប្រ​សិន​នរណា​ម្នាក់ មាន​ជំនាញ​ខាងលើ ត្រូវការ​ដើម​ឫស្សី អាច​ទៅ​រក​ទិញ​ម្ចាស់​ចំការ​ខាងលើ ដោយ​គាត់​លក់ដូរ​ក្នុង​តម្លៃ​សមរម្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ