កម្មករកម្មការិនីរោងចក្រតំបន់សេដ្ឋកិច្ចពិសេសតាយសេង៣ នៅបាវិត លើកគ្នាតវ៉ារឿងថៅកែចិនមិនបើកប្រាក់ខែ
- ស្វាយរៀង
ខេត្តស្វាយរៀង៖កម្មករកម្មការនីរោងចក្រផលិតសាឡុងចំនួន១,៥៣២នាក់បានធ្វើកូដកម្មរយៈពេល២ថ្ងៃជាប់គ្នាមូលហេតុថៅកែររោងចក្រមិនបើកប្រាក់ខែឲ្យតាមកាលកំណត់ថ្ងៃទី១០ រាល់ខែនិងលើកទី២ថ្ងៃទី២៨ ទើបនាំគ្នាធ្វើកូដកម្មមិនចូលធ្វើការរហូតបិទផ្លូវបង្កឲ្យមានការកកស្ទះចរាចរណ៍ផងដែរដោយទាមទាសុំឲ្យមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀងជួយអន្តរាគមន៍ដោះស្រាយ ដោយថៅកែរោងចក្រមិនព្រមបើកប្រាក់ខែឲ្យតាមកាលកំណត់ ដែលកម្មករកម្មការនីត្រូវការប្រាក់ខែផ្គត់ផ្គង់ជីវភាពគ្រួសារដែលកំពុងខ្វះខាត។ករណីនេះបានកើតឡើងរយៈពេល២ថ្ងៃជាប់គ្នាគឺចាប់ពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១០និង១១តុលា២០២៥ នៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង៣ ស្ថិតក្នុងភូមិព្រៃគគីរឃុំព្រៃគគីរស្រុកចន្ទ្រា។
បើតាមតំណាងកម្មករកម្មការនី បានប្រាប់កោះសន្តិភាពថា ការធ្វើកូដកម្មនេះ មូលហេតុ ថៅកែ មិនបើកប្រាក់ខែ តាមកាលកំណត់(ថ្ងៃទី១០បើកលើកទី១) ហើយការបើកប្រាក់ខែកន្លងមកកម្មករកម្មការនីមួយចំនួនបានបាត់ប្រាក់មិនគ្រប់តាមសកម្មភាពការងារ។ទី២ កម្មករកម្មការនីតវា ទាមទាសូមឲ្យបញ្ឈប់បុគ្គលជំនួយការថៅកែម្នាក់ចេញពីការងារដោយបុគ្គលនោះ គ្មានសុជីវធម៌ ការនិយាយស្តីអសុរស មាក់ងាយកម្មករកម្មការនី។
ប្រភពបន្តថា កម្មករកម្មការនីរោងចក្រផលិតសាឡុង មានចំនួន១,៥៣២នាក់ ហើយបញ្ហាក្រុមបាតុករបិទផ្លូវដោយសារការតវ៉ានៅថ្ងៃទី១០តុលាមិនមានដំណោះស្រាយទើបនៅព្រឹកថ្ងៃទី១១តុលាមានការបិទផ្លូវដើម្បីសុំឲ្យក្រុមការងារនៃមន្ទីរការងារនិងបណ្តោះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀងមកជួយអន្តរាគមន៍និងដោះស្រាយ។
លោកអ៊ូ សាខឿន ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀងបានប្រាប់កោះសន្តិភាពនារសៀលថ្ងៃទី១២តុលា២០២៥នេះថា កម្មករកម្មការនីរោងចក្រតំបន់សេដ្ឋកិច្ចពិសេសតាយសេង៣ មានចំនួន១,៥៣២នាក់ នាំគ្នាតវ៉ា ដោយកម្មករកម្មការនី គាត់ទាមទា២ចំណុច ទី១-ទាមទារបើកប្រាក់ខែ តាមកាលកំណត់(រាល់ថ្ងៃទី១០)
ទី២-ទាមទារឲ្យដក បញ្ឈប់ការងារបុគ្គលិកជំនួយការថៅកែម្នាក់ចេញពីរោងចក្រ ទើបការដោះស្រាយមិនឈានដល់កិច្ចព្រមព្រៀងបញ្ចប់ ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមការងារបានដោះស្រាយបានមួយជំហ៊ាន ថៅកែបានបើកប្រាក់បៀវត្សឲ្យកម្មករកម្មការនីបានមួយចំនួនហើយម្សិលម៉ិញ ក្នុងចំណោមកម្មករកម្មការនី១,៥៣២នាក់គឺបើកប្រាក់ខែជូនចំនួន១,៣៥៨នាក់នៅសល់ចំនួន១៧៤នាក់ទៀតមិនទាន់បានបើក។
លោកអ៊ូ សាខឿន បន្តទៀតថា នៅថ្ងៃទី១៣តុលា២០២៥ក្រុមការងារបន្តដោះស្រាយម្តងទៀត លទ្ធផលយ៉ាងណារង់ចាំមើលការដោះស្រាយនៅថ្ងៃស្អែក ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕























ចែករំលែកព័តមាននេះ