ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានចាត់តាំងកម្លាំង ដឹកជញ្ជូនគ្រឿងឈើ និងសម្ភារៈសំណង់ សម្រាប់សាងសង់ជម្រកស្នាក់នៅបណ្តោះអាសន្ន ជូនគ្រួសារវីរៈយុទ្ធជន គ្មានផ្ទះស្នាក់នៅ ភូមិកប់ថ្លុក ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលស្វាមីរបស់គាត់កំពុងជាប់ដៃ ក្នុងភារកិច្ចការពារបូរណភាពទឹកដី នៅតំបន់ព្រំដែនកម្ពុជាថៃ ទិសយោធភូមិភាគទី ៤។ នេះបើយោងតាមផេកកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានប្រកាសនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លោកស្រី កាន ឡឹង មានអាយុ ៣៥ឆ្នាំ មានកូនតូចៗនៅក្នុងបន្ទុកចំនួន៦នាក់ ហើយកន្លងមកបានទៅរស់នៅក្នុងអង្គភាពកងការពារព្រំដែនកម្ពុជា ថៃលេខ៤០៣ ជាមួយស្វាមី រហូតដល់ថ្ងៃសៀមឈ្លានពានទឹកដីកម្ពុជា នៅតំបន់មុំបី ទើបស្វាមីគាត់បានឲ្យគាត់មករស់ជាមួយបងប្អូននៅស្រុកកំណើតវិញ ដោយមានកូនប្រុសទើបតែបានអាយុ៣ ថ្ងៃប៉ុណ្ណោះ តែពេលមកដល់ភូមិកំណើត គាត់មិនមានផ្ទះស្នាក់នៅទេ ដោយសុំផ្ទះបងប្អូនស្នាក់នៅបណ្តោះអាសន្ន ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់បន្ថែមទៀតថា ដោយទទួលបានព័ត៌ មានពីការលំបាកខ្វះខាតនេះ បានខិតខំប្រឹងប្រែងរកសប្បុរសជន និងរៀបចំស័ង្កសី ដែលជាអំណោយរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ ដើម្បីទៅរៀបចំសាងសង់ជម្រកស្នាក់នៅបណ្តោះអាសន្នជូនគ្រួសារលោកស្រី កាន ឡឹង ឲ្យបានរួចរាល់នៅពេលដ៏ខ្លីខាងមុខនេះ ។

ហើយឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជាទីបំផុតចំពោះបងប្អូនលោកស្រីកានឡឹង និងអាជ្ញាធរដែនដីដែលបានផ្ដល់ដីធ្លី ជូនគ្រួសារលោកស្រី កាន ឡឹង សាងសង់ជម្រកស្នាក់នៅបណ្តោះ អាសន្ននៅពេលនេះ និងសូមគោរពជូនពរលោក លោកស្រីទាំងអស់គ្នាសូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ៕


ចែករំលែកព័តមាននេះ