ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​វៀតណាម​រំពឹង​ថា GDP ជាតិ​នឹង​ឈាន​ដល់​គោលដៅ​កំណើន ៨% នៅ​ឆ្នាំ​នេះ

2 នាទី មុន

ទីក្រុង​ហាណូយ ៖ នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផាំ មិ​ញ​ជិ​ញ (Pham Minh Chinh) បានឱ្យ​ដឹង​ថា…

ទីក្រុង​ហាណូយ ៖ នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផាំ មិ​ញ​ជិ​ញ (Pham Minh Chinh) បានឱ្យ​ដឹង​ថា ប្រទេស​វៀតណាម​អាច​សម្រេច​បាន​គោលដៅ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន ៨% ឬ​ខ្ពស់​ជាង​នេះ ប្រសិនបើ​គ្មាន​ផល​រំខាន​ធំដុំ​កើតឡើង​ក្នុង​ប៉ុន្មាន​ខែ​សេសសល់​នៃ​ឆ្នាំ ២០២៥​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន Vietnam Express ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៥​។

ការ​លើក​ឡើង​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី​ទេសភាព​សេដ្ឋកិច្ច​ឯកជន​វៀតណាម​ឆ្នាំ ២០២៥ កាលពី​ថ្ងៃ​ទី​១០ តុលា កន្លង​ទៅ ដោយ​លោក​បញ្ជាក់​ថា នេះ​គឺជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ស្មារតី​វៀតណាម​ផ្អែក​លើ​សម្ពាធ​កាន់តែ​ខ្លាំង ការ​ខិតខំ​ប្រឹងប្រែង​ក៏​កាន់តែ​ខ្លាំង​។

នៅ​ក្នុង​ត្រីមាស​ទី ៣ ឆ្នាំ​នេះ ផលិតផល​ក្នុងស្រុក​សរុប​របស់​វៀតណាម (GDP) បាន​កើនឡើង ៨,២% ដែល​នាំ​ឱ្យ​មាន​អត្រាកំណើន​៩​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ គឺ​ឈរ​នៅ ៧,៨៥% ។ ការិយាល័យ​ស្ថិតិ​ទូទៅ​វៀតណាម​បាន​គណនា​ថា កំណើន GDP ៨,៤% នៅ​ក្នុង​ត្រីមាស​ទី 4 គឺ​ត្រូវការ​ចាំបាច់ ដើម្បី​បំពេញ​តាម​គោលដៅ​ពេញ​មួយ​ឆ្នាំ​នៅ​អត្រា ៨%​។

លោកនាយក​រដ្ឋមន្ត្រី​វៀតណាម​បាន​បន្ថែម​ថា ប្រាក់​ចំណូល​ក្នុងឆ្នាំនេះ ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​លើស​ពី​គោលដៅ​ចំនួន ៧៥,៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ឬ ២៥% ជាមួយនឹង​អតិរេក​ដែល​បាន​កំណត់​សម្រាប់​គំនិត​ផ្តួចផ្តើម​សំខាន់​ៗ និង​ធានា​សុខុមាលភាព​សង្គម​សម្រាប់​ប្រជាជន​។ លោក​បាន​សង្កត់ធ្ងន់​ថា គោលដៅ និង​ភារកិច្ច​ប្រកបដោយ​មហិច្ឆតា​បាន​ជំរុញ​ប្រជាជន​វៀតណាម​ខិតខំ​ប្រឹងប្រែង និង​ធ្វើ​សកម្មភាព​កាន់តែ​សម្រេច​បាន​លទ្ធផល​។

ទន្ទឹម​ជាមួយ​គ្នា លោក​ក៏​បាន​ជំរុញ​ឱ្យ​បណ្តា​អាជីវកម្ម​បង្កើន​លើស​ពី​ដែន​កំណត់​របស់​ពួក​គេ ដើម្បី​រីក​ចម្រើន​កាន់តែ​លឿន និង​រឹង​មាំ ជា​ពិសេស​នៅ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ការ​ច្នៃប្រឌិត សេដ្ឋកិច្ច​បៃតង និង​ឌី​ជី​ថ​ល​។

លោក​បាន​អំពាវនាវ​ឱ្យ​សហគ្រាស​ឯកជន​តម្រង់​ទិស​ដៅ​អភិវឌ្ឍន៍ ជាមួយនឹង​គោលដៅ​ជាតិ ពិសេស​គោលដៅ​របស់​វៀតណាម ដើម្បី​ក្លាយជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​មាន​មូលដ្ឋាន​ឧស្សាហកម្ម​ទំនើប និង​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៤៥៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ