រាជធានីភ្នំពេញ ៖ មានករណីប្រទះឃើញសពស្ត្រីវ័យ ៣០ម្នាក់អណ្ដែតក្នុងទឹកប្រឡាយលូស្ទឹងមានជ័យ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកហ៊ុមព័ទ្ធខ្សែនៅកន្លែងកើ់តហេតុ ដើម្បីពិនិត្យ ។
ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤ជាងទៀបភ្លឺ ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៥ ស្ថិត តាមបណ្ដោយផ្លូវបេតុងប្រឡាយស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះមានឈ្មោះ សែម ស្រីអូន អាយុ ៣០ឆ្នាំ មុខរបរបម្រើការនៅការ៉ាអូខេ ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុ គាត់បានអង្គុយហូបចុកនៅខាងមុខផ្ទះជាមួយមិត្តភក្តិ លុះមកដល់វេលាម៉ោង គាត់បានដើរទៅបត់ជើងតូច នៅប្រឡាយលូទល់មុខផ្ទះគាត់ ខណៈកំពុងបត់ជើងបានបន្តិច ក៏ស្រាប់តែប្រទះឃើញសាកសពស្ត្រីរងគ្រោះផុសចេញពីក្នុងទឹក ធ្វើអោយគាត់ភ្ញាក់ និងស្រែកផ្អើលអ្នកជិតខាងនាំគ្នារត់មើល នឹងបានប្រទះឃើញសាកសពស្ត្រីរងគ្រោះ ដោយគ្មានពាក់អាវ ។ ស្របពេលនោះប្រជាពលរដ្ឋបានយកខ្សែចងសពស្ត្រីរងគ្រោះរួចស្រង់ឡើងមកដាក់លើគោក រួចប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះអន្តរាគមន៍ ។
បន្ទាប់ពីទទួលដំណឹងភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានធ្វើការហ៊ុមព័ទ្ធខ្សែ នឹងបន្តទាក់ទងទៅកាន់មន្ត្រីជំនាញចក្ខុកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកដល់ធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ។
ក្រោយនគរបាលជំនាញ ត្រួតពិនិត្យចប់សព្វគ្រប់ បានសន្និដ្ឋានថា ស្ត្រីរងគ្រោះខាងលើបានស្លាប់ដោយសារ លង់ទឹក ពិតប្រាកដមែន ។ ចំណែកឯសពស្ត្រីរងគ្រោះត្រូវបានយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីទុកប្រគល់ជូនសាច់ញតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕



ចែករំលែកព័តមាននេះ