សេដ្ឋវិទូ​៖ កំណើន​ឥណទាន​កើនឡើង​ខ្ពស់​ជាង GDP មាន​ទាំង​ផល​វិជ្ជមាន និង​អវិជ្ជមាន


​រាជធានី​ភ្នំពេញ​៖ យោង​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា គិត​ត្រឹម​ដំណាច់ត្រីមាស​ទី​១​ឆ្នាំ ២០១៩ ទំហំ​ឥណទាន​ក្នុង​ប្រព័ន្ធ​ធនាគារ បាន​កើនឡើង​ដល់​ជាង​២៧​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ទំហំ​ឥណទាន​នេះ​ស្មើនឹង​ប្រមាណ​១១៤ ភាគរយ​នៃ GDP របស់​កម្ពុជា ពោល គឺ​ខ្ពស់​ជាង ផលិតផល​ក្នុងស្រុក​សរុប​ទៅ​ទៀត ។ កំណើន​ខ្ពស់​បែប​នេះ សេដ្ឋវិទូ​កម្ពុជា​បាន​និយាយ​ថា គឺ​មាន​ទាំង​ផល​វិជ្ជមាន និង​អវិជ្ជមាន ហើយ​បើសិន​ការ​គ្រប់គ្រង​ឥណទាន​នេះ​មិន​បាន​ល្អ​នោះ ផល​អវិជ្ជមាន​នឹង​មាន​ច្រើន​ជាង​វិជ្ជមាន ។ ​

លោក ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន EMC បានអោយ​ដឹង​ថា ការ​ផ្ដល់​ឥណទាន​កាន់តែ​ច្រើន​ក្នុង​វិស័យ​ឯកជន វា​មិនអាក្រក់​ទេ​បើសិនជា​ឥណទាន​នោះ ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ដើម្បី​ភាព​រីក​ចម្រើន និង​បង្កើន​ប្រាក់​ចំណូល ដូច​ជា​យក​ទៅ​បង្កើត​អាជីវកម្ម បង្កើត​ការងារ​ជូន​ពលរដ្ឋ​រក​ប្រាក់​ចំណូល​ជាដើម ហើយ​អាច​មាន​លទ្ធភាព ក្នុង​ការ​សង​ត្រលប់​ទៅ​កាន់​ធនាគារ​វិញ​។ ម្យ៉ាងទៀត​វា​ក៏​នឹង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​យើង​កាន់តែ​រីក​ចម្រើន​លឿន​រហ័ស​ផង​ដែរ ។ ​ផ្ទុយ​ទៅ​វិញ​បើសិនជា​កម្ចី​ឥណទាន​ច្រើន​មែន តែ​ជា​កម្ចី​ឥណទាន​ដែល​មិន​បាន​បង្កើន​ប្រាក់​ចំណូល ដូច​ជា​កម្ចី​សម្រាប់​បង់​រំលស់ នានា គឺ​វា​បាន​ចូលរួម​ចំណែក​តិចតួច​ក្នុង​ការ​រីក​ចម្រើន ពីព្រោះ​កម្ចី​ប្រភេទ​នេះ គឺ​មិន​ទាក់ទង​នឹង​ការ​ផលិត​ការ​បង្កើត​ដើម្បី​បង្កើន​ផលិតភាព​ផលិតផល​ក្នុងស្រុក​បន្ថែម​នោះ​ទេ ។ ​

លោក ង៉ែត ជូ បាន​បន្ត​ថា «​ប្រព័ន្ធ​ធនាគារ ក៏​ត្រូវ​តែ​មាន​យុទ្ធសាស្ត្រ​គ្រប់គ្រង​ឥណទាន​ឲ្យ​បាន​ម៉ត់ចត់​ដែរ ព្រោះ​ការ​ផ្ដល់​ឥណទាន​ដោយ​មិន​បាន​សិក្សា​ពី​ចំណូល​ច្បាស់លាស់ វា​នឹង​បង្ក​ជា​ហានិភ័យ​នៅ​ថ្ងៃ​អនាគត »​។ លោក​បន្ត​ថា វា​ក៏​ជា​ការ​ព្រួយបារម្ភ​មួយ​ផង​ដែរ​នូវ​កម្ចី​ឥណទាន​ដែល​មាន​ទំហំ​ធំ​ជាង​ផលិតផល​ក្នុងស្រុក ដូច្នេះ​ត្រូវ​ទាមទារ​ឱ្យ​មានការ​ត្រួតពិនិត្យ​ឡើង​វិញ ឬ​ត្រូវ​រក​យន្តការ​មួយ​ចំនួន ដើម្បី​ដាក់​ចេញ​ឲ្យ​មាន​ប្រសិទ្ធភាព ធ្វើ​យ៉ាងណា​ត្រូវ​ប្រាកដ​ថា កំណើន​នៃ​ទំហំ​ឥណទាន​ជា​កំណើន​ប្រកបដោយ​ចីរភាព និង​ចូលរួម​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ពិតប្រាកដ ។

​យោង​តាម​របាយការណ៍​របស់​ការិយាល័យ​ឥណទាន​កម្ពុជា បាន​បង្ហាញ​ផង​ដែរ​ថា ឥណទាន​ដែល​ផ្ដល់​ទៅ​វិស័យ​ឯកជន​ភាគច្រើន​គឺ​នៅ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ ហើយ​ធនាគារពិភពលោក ក៏​បាន​ស្នើ​អោយ​បណ្ដាញ​ធនាគារ​នានា​គិតគូរ​អោយ​បាន​ម៉ត់ចត់​ផង​ដែរ ពី​ការ​ផ្ដល់​ប្រាក់​កម្ចី​ទៅ​ក្នុង​វិស័យ​សំណង់​និង​អចលនទ្រព្យ​នេះ ក្នុង​ពេល​វា​កំពុង​មាន​សន្ទុះ​ងើបឡើង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ ។ ​

លោក លី សូ​ដេ​ត សេដ្ឋវិទូ​ជាន់ខ្ពស់​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា​នៅ​ក្នុង​វិស័យ​និង​អចលនទ្រព្យ​នៅ​កម្ពុជា​កំពុង​សន្ទុះ​ងើបឡើង​ខ្លាំង ដូច្នេះ​ហើយលោក​ចង់អោយ​ធនាគារ​ទាំងអស់ គួរ​រឹត​បន្តឹង​ចំពោះ​ការ​ផ្ដល់​កម្ចី​ឥណទាន​បន្ថែម​ទៀត​ក្នុង​វិស័យ​នេះ ដើម្បី​ការពារ​ហានិភ័័យ​ដែល​នឹង​កើតឡើង​នៅ​ពេល​អនាគត ។ ​លោក លី សូ​ដេ​ត បាន​បន្ថែម​ថា «​យើង​មិន​ហាម​ធនាគារ​ផ្ដល់​កម្ចី​ដល់​វិស័យ​នេះ​ទេ តែ​យើង​សូម​អោយ​ធនាគារ​រឹត​បន្តឹង​ដោយ​សិក្សា​ច្បាស់លាស់​មុន​នឹង​ផ្ដល់​កម្ចី​ទៅ​លើ​វិស័យសំណង់ ព្រោះថា​វិស័យ​សំណង់​នៅ​កម្ពុ​ជានា​ពេល​នេះ វា​បាន​ឡើង​ដល់​ចំណុចកំពូល​មួយ​ហើយ ដូច្នេះ​ហើយ​យើង​មិនដឹង​ថា​វា​នឹង​ធ្លាក់​ចុះ​វិញ​នៅ​ពេល​ណា​នោះ​ទេ​» ។

​លោក​ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ពេល​ថ្មី​ៗ​នេះ​បានឱ្យ​ដឹង​ថា គិត​ត្រឹម​ដំណាច់​ខែមីនា ឆ្នាំ ២០១៩ ទំហំ​ប្រាក់​បញ្ញើ​ពី​ប្រជាពលរដ្ឋ​ក្នុង​វិស័យ​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ មាន​ចំនួន ២៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ចំណែក​ឥណទាន​ឯកជន​វិញ​មាន​រហូត​ដល់​២៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​ច្រើន​ជាង GDP ក្នុងស្រុក​របស់​កម្ពុជា​ទៅ​ទៀត ដែល​មាន​ត្រឹមតែ​ជាង​២៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ។ លោក​បន្ត​ថា វិស័យ​ធនាគារ​នៅ​កម្ពុជា​បាន​និង​កំពុង​បន្ត​រីក​ចម្រើន​ទាំង​ទំហំ​និង​វិសាលភាព​ប្រកបដោយ​សុវត្ថិភាព និង​បរិ​យា​ប័ន្ន ក្នុង​នោះ​គិត​ត្រឹម​ត្រីមាស​ទី​១​ឆ្នាំ ២០១៩ ប្រាក់​បញ្ញើ​ក្នុង​ប្រព័ន្ធ​ធនាគារ​បាន​កើនឡើង​ជិត​២៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង​១០៨​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប ។​ចំណែក​ឥណទាន​ក្នុង​វិស័យ​ឯកជន​បាន​កើនឡើង​ជិត​២៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ស្មើនឹង​១១៤​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​។

គួរ​បញ្ជាក់​ថា យោង​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា ធនាគារពាណិជ្ជ​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​មាន​ចំនួន​៤៣, ធនាគារ​ឯកទេស​ចំនួន​១៤, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​មាន​៧, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មិន​ទទួល​ប្រាក់​បញ្ញើ​ពី​អតិថិជន​មាន​៧៤, គ្រឹះស្ថាន​ឥណទាន​ជនបទ​មាន​២៧៣, ក្រុម​ភតិសន្យា​ហិរញ្ញវត្ថុ​មាន​១៥ ក្រុមហ៊ុន​ក្រេ​ឌី​ត​ប្យូ​រ៉ូ ខេ​ម​បូ​ឌា​មាន​១ ក្រុមហ៊ុន​សវន​កម្ម​មាន​១០ និង គ្រឹះស្ថាន​ផ្ដល់​សេវា​ទូទាត់​សង​ប្រាក់​១៤ ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ