ប្រែប្រួល​នឹក​ស្មាន​មិន​ដល់…អា​មេ​រិ​ក «OK» ឱ្យ​តែ​មានការ​លក់​ផលិតផល​ឱ្យ Huawei !


ក្រុង​វ៉ា​ស៊ី​ន​តោន​៖ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អា​មេ​រិ​ក លោក Wilbur Rose បានឱ្យ​កាលពី​ថ្ងៃ​អង្គា​រ៍ ទី ០៩ ខែកក្កដា ឆ្នាំ​២០១៩ នេះ​ថា រដ្ឋាភិបាល​អា​មេ​រិ​ក​នឹង​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​អា​មេ​រិ​ក ណា​ដែល​កំពុង​ស្វែងរក​ការ​លក់​ផលិតផល​ទៅ​ឱ្យ​ក្រុមហ៊ុន​ប​ចេ្ច​ក​វិទ្យា​ចិន Huawei សម្រាប់​តែ​ផលិតផល​ណា​ដែល​មិន​មានការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​របស់​អា​មេ​រិ​ក​។ ការ​សម្រេច​នេះ ហាក់​ធ្វើ​ឲ្យ​ក្រុម​អ្នក​សង្កេតការណ៍​ផ្នែក​ឧស្សាហកម្ម មិនដឹង​ពិតប្រាកដ​នៅឡើយ​ទេ​ថា ផលិត​ផល​ណាខ្លះ​ដែល​នឹង​ទទួល​បាន​អាជ្ញាប័ណ្ណ​នោះ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ភ្នាក់ងារ Reuters ។

​ការ​ស្វែងរក​កិច្ចចរចា​ពាណិជ្ជកម្ម​ឡើង​វិញ​ជាមួយ​ប្រទេស​ចិន លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេ​រិក Donald Trump បាន​ប្រកាស​កាលពី​ខែ​មុន​ថា ក្រុមហ៊ុន​អា​មេ​រិ​ក​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លក់​ផលិតផល​ទៅ​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei ដែល​ជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ទូរគមនា​គមន៍​ដ៏​ធំ​បំផុត​របស់​ពិភពលោក​ ។

ការ​អត្ថាធិប្បាយ​របស់​លោក Trump បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​ដាក់​ក្រុមហ៊ុន Huawei នៅ​ក្នុង​បញ្ជីខ្មៅ (Entity List) កាលពី​ខែឧសភា​ទាក់ទង​នឹង​បញ្ហា​សន្តិសុខ​ជាតិ​។ ផលិតផល​អា​មេ​រិ​ក​ដូច​ជា គ្រឿងបន្លាស់ និង​សមាស​ភាគ​មួយ​ចំនួន របស់​អា​មេ​រិ​ក​ជា​ទូទៅ​មិន​ត្រូវ​បាន​អនុញ្ញាតិ​លក់​ទៅ​ឱ្យ​អ្នក​ដែល​នៅ​ក្នុង​បញ្ជី​ដោយ​គ្មាន​អាជ្ញា​បណ្ណ​ពិសេស​នោះ​ទេ​។

ខណៈ​ដែល​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប (Chipmakers) របស់​អា​មេ​រិ​កបាន​ស្វាគមន៍​ដល់​ការ​ប្រកាស​របស់​លោក Trump ប៉ុន្តែ​អ្នក​រកស៊ី​ខាង​វិស័យ​ឧស្សាហកម្ម និង​មន្ត្រី​រដ្ឋាភិបាល​ជា​ច្រើន​មិន​បាន​យល់​ច្បាស់​អំពី​គោលនយោបាយ​ថ្មី​នេះ​ឡើយ ។

​ថ្លែង​នៅ​ក្នុង​សន្និសីទ​មួយ​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន លោក Ross បាន​អះអាង​ថា​ក្រុមហ៊ុន Huawei នឹង​នៅ​តែ​ស្ថិត​នៅ​ក្នុង​បញ្ជីខ្មៅ (Entity List) ដែល​មាន​ន័យ​ថា​ការ​ទទួល​បាន​អាជ្ញា ប័ណ្ណ​នឹង​ទាមទារ​ឱ្យ​មាន​យកឈ្នះ​ឲ្យ​បាន​នូវ​ការ​បដិសេធ​ណាមួយ និង​បាន​និយាយ​ថា​វិសាលភាព​នៃ​ទំនិញ​ដែល​ត្រូវការ​អាជ្ញាប័ណ្ណ​នឹង​មិន​មានការ​ប្រែប្រួល​នោះ​ទេ ។ ទោះជា​យ៉ាងណា​ក៏​ដោយ គាត់​បាន​បើកទ្វារ​ស្វាគមន៍​ចំពោះ​ការ​សម្រេច​យល់ព្រម​មួយ​ចំនួន​ណា​នោះ ។

លោក Ross បាន​និយាយ ដោយ​យោង​ទៅ​លើ​ការ​ប្រកាស​របស់​លោក Trump នៅ​ឯ​កិច្ចប្រជុំ​មេដឹកនាំ​ពិភពលោក​នៅ​ក្នុង​ប្រទេស​ជប៉ុន​ថា «​ដើម្បី​អនុវត្ត​តាម​កិច្ចប្រជុំ​កំពូល G20 របស់​លោក​ប្រធានាធិបតី​កាលពី​ពី​រស​ប្តា​ហ៍​មុន ក្រសួងពាណិជ្ជកម្ម​នឹង​ចេញ​អាជ្ញាប័ណ្ណ​ឱ្យ សម្រាប់​តែ​ផលិត​ផល​ណា​ដែល​មិន​មានការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក​។ នៅ​ក្នុង​បរិបទ​នោះ យើង​នឹង​ព្យាយាម​ធ្វើ​ឱ្យ​ប្រាកដ​ថា យើង​មិន​ត្រឹមតែ​ផ្ទេរ​ប្រាក់​ចំណូល​ពី​សហរដ្ឋអាមេរិក​ទៅ​កាន់​ក្រុមហ៊ុន​បរទេស​នោះ​ទេ​» ។

​លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា «​នៅ​ក្នុង​ព្រំដែន​ទាំងនោះ យើង​នឹង​ព្យាយាម​ធ្វើ​ឱ្យ​ប្រាកដ​ថា​យើង​មិន​គ្រាន់តែ​ផ្ទេរ​ប្រាក់​ចំណូល​ពី​អា​មេ​រិ​ក​ទៅ​ឱ្យ​ក្រុមហ៊ុន​បរទេស​ប៉ុណ្ណោះ​ទេ​» ។

បន្ទាប់​ពី​ក្រុមហ៊ុន Huawei ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​បញ្ជី Entity List នោះ ក្រុមហ៊ុន​ឧស្សាហ​កម្ម​បាន​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​អា​មេ​រិ​ក​ឱ្យ​អនុញ្ញាត​សម្រាប់​ការ​លក់​ផលិតផល​ណា​ដែល​មិន​មាន​លក្ខណៈ​តឹងតែង​ឬ​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ ដែល​ក្រុមហ៊ុន Huawei អាច​ទិញ​បាន​ស្រួល​នៅ​បរទេស ដោយ​អះអាង​ថា​ការ​ហាមប្រាម អាច​នឹង​ប៉ះពាល់​ដល់​ក្រុមហ៊ុន​អា​មេ​រិ​ក​ខ្លាំង​។

​អ្នក​អង្កេត​ការណ៍​ឧស្សាហកម្ម​និយាយ​ថា​ការ​អត្ថាធិប្បាយ​របស់​លោក Ross ខ្វះ​នូវ​ភាព​ច្បាស់លាស់ និង​បន្ថយ​ក្ដី​សង្ឃឹម​ក្រោយ​ពី​ការ​ប្រកាស​របស់ Trump ។

​មេធាវី​ពាណិជ្ជកម្ម​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​លោក Doug Jacobson បាន​និយាយ​ថា «​គោលនយោបាយ​ជាក់ស្តែង​ស្ដី​ពី​អ្វី​ដែល​នឹង​មិន​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​អា​មេ​រិច គឺ​មិន​ច្បាស់លាស់​។ មធ្យោបាយ​តែ​មួយ​គត់​ដែល​ឧស្សាហកម្ម​អាច​កំណត់​បាន​គឺ ដោយ​ការ​ដាក់​ពាក្យ​ស្នើ​សុំ (​អាជ្ញាប័ណ្ណ​) និង​អាច​ដឹង​ថា​ប្រភេទ​ផលិតផល​ណាខ្លះ​នឹង​ត្រូវ​បាន​អនុម័ត ហើយ​ប្រភេទ​ណាខ្លះ​នឹង​ត្រូវ​បាន​បដិសេធ​នោះ »​។

សូម​បញ្ជាក់​ថា សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​ក្រុមហ៊ុន Huawei ពី​បទ​លួច​កម្មសិទ្ធិបញ្ញា​របស់​អា​មេ​រិ​ក និង​រំលោភ​លើ​ការ​ដាក់​ទណ្ឌកម្ម​ប្រទេស​អ៊ី​រ៉​ង់​។ ក្រុមហ៊ុន​នេះ​ក៏​បាន​ខិត ខំប្រឹង​ប្រែង​ដើម្បី​បញ្ចុះបញ្ចូល​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក ក្នុង​ការ​រក្សា​ក្រុមហ៊ុន Huawei ចេញពី​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ 5G ដោយ​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​ថា​ក្រុមហ៊ុន​អាច​ធ្វើ​ចារកិច្ច​លើ​អតិថិជន​បាន ប៉ុន្តែ​ក្រុមហ៊ុន Huawei បាន​បដិសេធ​លើ​ការ​ចោទប្រកាន់​នេះ​៕

ប្រភព ៖ reuters , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ