ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្សេឡិនស្គី​ថា​អាមេរិក​យល់​ព្រម​ធានា​សន្តិ​សុខ​អ៊ុយ​ក្រែន​រយៈ​ពេល​១៥​ឆ្នាំ

9 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​អាមេរិក​ផ្ដល់​ការ​ធានា​សន្តិ​សុខ​សម្រាប់​អ៊ុយ​ក្រែន​រយៈ​ពេល​១៥​ឆ្នាំ​ដោយ​ទុក​ជា​ផ្នែក​មួយ​នៃ​ផែន​ការ​សន្តិ​ភាព​។ នេះ​បើ​យោង​តាម​​ការ​បង្ហើប​ឱ្យ​ដឹង​ពី​លោក​ហ្សេឡិនស្គី​។ ចំនួន​ប៉ុណ្ណេះ​ប្រហែល​ជា​មិន​ទាន់​សម​តាម​បំណង​របស់​អ៊ុយ​ក្រែន​ទេ​ ព្រោះ​បើ​តាម​ចិត្ត​របស់​លោក​ហ្សេឡិនស្គី​លោក​ចង់​បាន​ការ​ធានា​រហូត​ដល់​៥០​ឆ្នាំ​​ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​រុស្ស៊ី​លើក​កង​ទ័ព​វាយ​ប្រហារ​ជា​ថ្មី​។ លោក​ត្រាំ និង​លោក​ហ្សេឡិនស្គី​បាន​ជួប​គ្នា​នៅ​រដ្ឋ​ផ្លរីដា​។ លោក​ទាំង​២​​ទទួល​ស្គាល់​ថា​ភាគី​ជម្លោះ​ទាំង​២​​ រុស្ស៊ី និង​អ៊ុយ​ក្រែន​មាន​ជំហរ​ខិត​ជិត​គ្នា​ជាង​ពេល​ណា​ៗ​ទាំង​អស់​ដែល​អាច​​ជា​សញ្ញាថា​នឹង​មាន​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ឆាប់​ៗ​នេះ​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​អាមេរិក​ផ្ដល់​ការ​ធានា​សន្តិ​សុខ​សម្រាប់​អ៊ុយ​ក្រែន​រយៈ​ពេល​១៥​ឆ្នាំ​ដោយ​ទុក​ជា​ផ្នែក​មួយ​នៃ​ផែន​ការ​សន្តិ​ភាព​។ នេះ​បើ​យោង​តាម​​ការ​បង្ហើប​ឱ្យ​ដឹង​ពី​លោក​ហ្សេឡិនស្គី​។ ចំនួន​ប៉ុណ្ណេះ​ប្រហែល​ជា​មិន​ទាន់​សម​តាម​បំណង​របស់​អ៊ុយ​ក្រែន​ទេ​ ព្រោះ​បើ​តាម​ចិត្ត​របស់​លោក​ហ្សេឡិនស្គី​លោក​ចង់​បាន​ការ​ធានា​រហូត​ដល់​៥០​ឆ្នាំ​​ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​រុស្ស៊ី​លើក​កង​ទ័ព​វាយ​ប្រហារ​ជា​ថ្មី​។

លោក​ត្រាំ និង​លោក​ហ្សេឡិនស្គី​បាន​ជួប​គ្នា​នៅ​រដ្ឋ​ផ្លរីដា​។ លោក​ទាំង​២​​ទទួល​ស្គាល់​ថា​ភាគី​ជម្លោះ​ទាំង​២​​ រុស្ស៊ី និង​អ៊ុយ​ក្រែន​មាន​ជំហរ​ខិត​ជិត​គ្នា​ជាង​ពេល​ណា​ៗ​ទាំង​អស់​ដែល​អាច​​ជា​សញ្ញាថា​នឹង​មាន​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ឆាប់​ៗ​នេះ​។ ទោះ​ជា​យ៉ាង​ណា​ក្ដី​ ការ​ព្រម​ព្រៀង​គ្នា​បាន​តែ​ចំណុច​សើ​ៗ​លំ​ៗ​តែ​ប៉ុណ្ណោះ។​ ប៉ុន្តែ​ចំណុច​រសើប​ពាក់​ព័ន្ធ​នឹង​បញ្ហា​បូរណ​ភាព​ទឹក​ដី​និយាយ​​មិន​ទាន់​ត្រូវ​គ្នា​ទេ​។ បើ​ទុក​ជា​រដ្ឋាភិបាល​ទី​ក្រុង​កៀវ​យល់​ព្រម​កាត់​ទឹក​ដី​តាម​ការ​ទាម​ទារ​របស់​រុស្ស៊ី​ក៏​ត្រូវ​​ឆ្លង​​កាត់​ការ​អនុម័ត​ពីសភា​​ ឬ​​ត្រូវ​បោះ​ឆ្នោត​ប្រជា​មតិ​តែ​ម្ដង​។​ ដូច្នេះ​បើ​លទ្ធ​ផល​ឆ្នោត​ចេញ​មក​ប្រឆាំង​មិន​ឱ្យ​កាត់​ដី​ មាន​ន័យថា​កិច្ច​ព្រមព្រៀង​នៅ​តែ​មិន​ទាន់​សម្រេច​បាន​ជា​ដដែល​។

លោក​ហ្សេឡិនស្គី​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​បើ​គ្មាន​ការ​ធានា​សន្តិ​សុខ​ (សម្រាប់​អ៊ុយ​ក្រែន) សង្គ្រាម​​​នឹង​មិន​ចប់​ទេ​។ លោក​និយាយ​នេះ​និយាយ​តាម​បែប​ប្រាកដ​និយម​។ ​តាម​ពិត​ អ៊ុយ​ក្រែន និ​ងរុស្ស៊ី​ច្បាំង​គ្នា​មិន​មែន​ទើប​តែ​​ឆ្នាំ​២០២២​​ទេ​។ ប៉ុន្តែ​ចាប់​ផ្ដើម​តាំង​ពី​ពេល​ដែល​រុស្ស៊ី​កាត់​ខ្វៀល​យក​តំបន់​គ្រី​ម៉េ​កាល​ពី​ឆ្នាំ​២០១៤​។ មិន​តែ​ប៉ុណ្ណោះ​ រុស្ស៊ី​គាំទ្រ​ពួក​ឧទ្ទាម​ផ្ដាច់​ទឹក​ដី​នៅ​អ៊ុយ​ក្រែន​ខាង​កើត​ដោយ​ផ្ដល់​ជា​អាវុធ​យុទ្ធ​ភ័ណ្ឌ​ និង​ជំនួយ​ដទៃ​ទៀត​។

​​​ការ​ធានា​សន្តិ​សុខ​សម្រាប់​អ៊ុយ​ក្រែន​​មិន​ទាន់​​ប្រកាស​​ជា​សា​ធារណៈ​នៅ​ឡើយ​ទេ។​​ ប៉ុន្តែ​លោក​ហ្សេឡិនស្គី​ចេញ​មុខ​ប្រកាស​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ជា​បណ្ដើរ​ៗ​ចាប់​ពី​ពេល​នេះ​ទៅ​ហើយ​។ ក្រៅ​ពី​នេះ លោក​ក៏​បង្ហើប​ឱ្យ​ដឹង​ពី​ការ​បង្កើត​ក្រុម​សង្កេត​ការណ៍​ដើម្បី​តាម​ដាន​​ការ​អនុវត្ត​តាម​ផែន​ការ​សន្តិ​ភាព​។ ​នេះ​ជា​អ្វី​ដែល​​លោក​និយាយ​ជាឯកតោ​ភាគី​តែ​ប៉ុណ្ណោះ​ព្រោះ​រុស្ស៊ី​ធ្លាប់​ប្រកាស​តាំង​ពី​​យូរ​មក​ហើយ​ថា​ខ្លួន​មិន​ទទួល​យក​ជា​ដាច់​ខាត​នូវ​ការ​បញ្ជូន​កង​ទ័ព​ណាតូ​ទៅ​ឈរ​ជើង​នៅ​អ៊ុយ​ក្រែន​។

លោក​ត្រាំ​ថ្លែង​ថា​លោក​នឹង​ពិចារណា​បន្ថែម​ពេល​វេលា​​​ដើម្បី​ធានា​សន្តិ​សុខ​សម្រាប់​អ៊ុយ​ក្រែន​លើស​ពី​រយៈ​ពេល​១៥​ឆ្នាំ​។ នេះ​បើ​យោ​ងតាម​ការ​អះ​អាង​របស់​លោ​កហ្សេឡិនស្គី​។ លក្ខ​ខណ្ឌ​នៃ​ការ​ធានា​សន្តិ​សុខ​នេះ​នឹង​ត្រូវ​យក​ទៅ​ឆ្លង​កាត់​ការ​ពិនិត្យ និង​អនុម័ត​ពី​សភា​ខង់​ហ្ក្រែស​របស់​អាមេរិក និង​ពី​សភា​នៃ​បណ្ដា​ប្រទេស​ដែល​ជា​ភាគី​ហត្ថ​លេខី​នៃ​កិច្ច​ព្រម​ព្រៀង​។

តាម​មើល​ទៅ​ កិច្ច​ព្រម​ព្រៀង​ទាំង​ម្ភៃ​ចំណុច​នេះ​មិន​មែន​ងាយ​ស្រួល​ប៉ុន្មាន​ឡើយ​ព្រោះ​បើ​តាម​លោក​ហ្សេឡិនស្គី​ថា​លោក​ចង់​យក​ផែន​ការ​ទាំង​ម្ភៃ​ចំណុច​នោះ​ទៅ​ឱ្យ​ប្រជា​ជន​អ៊ុយ​ក្រែន​​ជា​អ្នក​សម្រេច​ដោយ​ផ្ទាល់​តាម​រយៈ​ការ​បោះ​ឆ្នោត​​ប្រជា​មតិ​​។ ត្រង់​នេះ​ហើយ​ដែលលោក​ចង់​ស្នើ​សុំ​ឱ្យ​រុស្ស៊ី​ផ្អាក​បាញ់​គ្នា​៦០​ថ្ងៃ​សិន​ដើម្បី​រៀប​ចំ​ការ​បោះ​ឆ្នោត​ប្រជា​មតិ​។ ប៉ុន្តែ​រុស្ស៊ី​មិន​ព្រម​ទេ​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​អេភី (AP) និង​ប្រភព​ដទៃ​ទៀត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com