ទីក្រុងម៉ូស្គូ៖ អ្វីដែលគេធ្លាប់តែសង្ឃឹមថាសន្តិភាពនឹងកើតមានឆាប់ៗនៅអ៊ុយក្រែនប្រែជាអស់សង្ឃឹមទៅវិញបន្ទាប់ពីរុស្ស៊ី និងអ៊ុយក្រែនចោទប្រកាន់គ្នាទៅវិញទៅមកថាជាអ្នកបំផ្លាញផែនការសន្តិភាព។ កាលពីល្ងាចមិញ រុស្ស៊ីថ្លែងថាខ្លួនត្រូវតែផ្លាស់ប្ដូរគោលជំហរក្នុងការចរចាបន្ទាប់ពីអ៊ុយក្រែនរៀបផែនការវាយប្រហារផ្ទះរបស់លោកពូទីន។ រុស្ស៊ីថាខ្លួនត្រូវតែសងសឹកចំពោះរឿងនេះ។

អ៊ុយក្រែនបានចេញមុខបដិសេធ និងចាត់ទុកថានោះជាការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់។ អ៊ុយក្រែនយល់ថារុស្ស៊ីចង់យកជើងរាទឹកនៅក្នុងការចរចាសន្តិភាពដែលព្រមព្រៀងគ្នា៩០%រួចទៅហើយ។ ក្រោយការចោទប្រកាន់រួច រុស្ស៊ីចេញសេចក្ដីថ្លែងការណ៍ថាខ្លួននឹងពិនិត្យមើលឡើងវិញនូវការប្រកាន់ជំហរក្នុងការចរចាដើម្បីជាការឆ្លើយតបទៅនឹងការប៉ុនប៉ងវាយប្រហារផ្ទះរបស់លោកពូទីន។

លោកត្រាំថ្លែងថានៅក្នុងការសន្ទនាគ្នាតាមទូរស័ព្ទកាលពីពេលថ្មីៗនេះ លោកពូទីនបានជម្រាបជូនលោកអំពីគម្រោងវាយប្រហារទៅលើផ្ទះរបស់លោក (ពូទីន)។ ដំណឹងនេះធ្វើឱ្យលោកត្រាំមានកំហឹង។ ប៉ុន្តែលោកនៅតែមានជំនឿថាកិច្ចព្រមព្រៀងសន្តិភាពអាចនឹងកើតមានឆាប់ៗនេះ។ កាលពីថ្ងៃអាទិត្យ លោកត្រាំ និងលោកហ្សេឡិនស្គីបានជួបគ្នានៅរដ្ឋផ្លរីដា។ លោកត្រាំខំអួតប្រាប់គេថាភាគីជម្លោះទាំង២មានជំហរខិតជិតគ្នាជាងពេលណាៗទាំងអស់។ គ្រាន់តែថាចំណុចរសើបពាក់ព័ន្ធនឹងបញ្ហាបូរណភាពទឹកដីមិនទាន់និយាយត្រូវរ៉ូវគ្នានៅឡើយទេ។

ស្រាប់តែកាលពីថ្ងៃចន្ទ លោកពូទីនដំឡើងសំឡេងខ្លាំងៗ។ លោកថាកងទ័ពរុស្ស៊ីនឹងបន្តយុទ្ធនាការយោធាវាយយកតំបន់ហ្សាប៉ូរីហ្សៀមកគ្រប់គ្រង។ ចំណែកវិមានក្រឹមឡាំងទាមទារឱ្យអ៊ុយក្រែនដកកងទ័ពថយចេញពីតំបន់ដុនបាស់ទាំងស្រុងដើម្បីប្រគល់ទៅឱ្យរុស្ស៊ី។ ស្ថានការណ៍ចាប់ផ្ដើមប្រែប្រួល។ លោកពូទីនថ្លែងប្រាប់លោកត្រាំតាមទូរស័ព្ទថារុស្ស៊ីនឹងពិនិត្យមើលជំហររបស់ខ្លួនឡើងវិញបន្ទាប់ពីមានករណីប៉ុនប៉ងវាយប្រហារផ្ទះរបស់គាត់។ នេះបើយោងតាមជំនួយការរបស់លោកពូទីន។

លោកហ្សេឡិនស្គីច្រានចោលការចោទប្រកាន់របស់រុស្ស៊ី និងចាត់ទុកថានេះជាការប្រឌិតសុទ្ធសាធដើម្បីបានជាលេសធ្វើសង្គ្រាមជាបន្តទៀត។ លោកត្រាំថ្លែងថាលោកមិនចង់ឮដំណឹងបែបនេះទេ។ នៅពេលអ្នកសារព័ត៌មានសួរថាតើភ្នាក់ងារស៊ើបការណ៍អាមេរិកមានភស្តុតាងនៃការវាយប្រហារផ្ទះលោកពូទីនដែរឬទេ លោកត្រាំឆ្លើយតបថាយើងនឹងខិតខំស្វែងរកភស្តុតាង។

រុស្ស៊ីទំនងជាប្រកាន់ជំហររឹងនៅក្នុងការបញ្ចប់សង្គ្រាម
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកសឺហ្គេ ឡាវរ៉ូស (Sergei Lavrov) ថ្លែងថាអ៊ុយក្រែនប៉ុនប៉ងវាយប្រហារផ្ទះរបស់លោកពូទីននៅនូវហ្គោរ៉ូត (Novgorod) ភាគខាងលិចទីក្រុងម៉ូស្គូចាប់ពីថ្ងៃទី២៨-២៩ ខែធ្នូ។ លោកថាអ៊ុយក្រែនបញ្ជូនដ្រូន៩១គ្រឿងទៅវាយប្រហារ។ ប៉ុន្តែមិនទាន់ហោះទៅដល់គោលដៅផង ដ្រូនទាំងនោះត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី។ ហេតុការណ៍នោះមិនបានបណ្ដាលឱ្យនរណាម្នាក់រងរបួស ស្លាប់ ឬខូចខាតទ្រព្យសម្បត្តិទេ។ រដ្ឋមន្ត្រីរូបនេះសច្ចាថារុស្ស៊ីត្រូវតែសងសឹក។ រុស្ស៊ីបានជ្រើសរើសគោលដៅសម្រាប់វាយប្រហាររួចហើយ។ លោកហ្សេឡិនស្គីយល់ថារុស្ស៊ីយកបញ្ហានេះធ្វើជាលេសដើម្បីវាយប្រហារអគាររដ្ឋាភិបាលនៅទីក្រុងកៀវ។ នេះបើតាមការផ្សាយរបស់រ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ