ទីក្រុងវ៉ាស៊ីនតោន៖ បន្ទាប់ពីជួបនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនៅផ្លរីដារួច លោកត្រាំបានចេញសេចក្ដីព្រមានទៅអ៊ីរ៉ង់ និងក្រុមហាម៉ាស់។ លោកថាអ៊ីរ៉ង់អាចនឹងទទួលរងការវាយប្រហារជាថ្មី ខណៈដែលក្រុមហាម៉ាស់អាចនឹងបង់នូវតម្លៃដ៏ខ្ពស់បើពួកគេមិនព្រមទម្លាក់អាវុធចុះ។ កាលពីយប់មិញ លោកត្រាំហាក់ដូចជាបង្ហាញការចុះសម្រុងគ្នា និងការរួបរួមគ្នាជាធ្លុងតែមួយជាមួយលោកណឺតាន់យ៉ាហ៊ូ។

ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន លោកត្រាំព្រមានកម្ចាត់ឱ្យដល់ឫសគល់បើសិនអ៊ីរ៉ង់ព្យាយាមកសាងឡើងវិញនូវកម្មវិធីនុយក្លេអ៊ែរ ឬមីស៊ីលផ្លោងបន្ទាប់ពីកម្មវិធីទាំងនេះត្រូវអាមេរិក និងអ៊ីស្រាអែលទម្លាក់គ្រាប់បែកខ្ទេចខ្ទីអស់កាលពីខែមិថុនា។ លោកត្រាំក៏សូមបដិសេធនូវពាក្យចចាមអារ៉ាមថាលោក និងលោកណឺតាន់យ៉ាហ៊ូមានភាពតានតឹងនឹងគ្នាពាក់ព័ន្ធនឹងការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សាដំណាក់កាលទី២។

លោកថាអ៊ីស្រាអែលបានអនុវត្តត្រឹមត្រូវតាមការសន្យារបស់ខ្លួន។ ណាស់តែក្រុមហាម៉ាស់ទៅវិញទេដែលមិនគោរពសន្យា។ លោកថ្លែងថាបើពួកគេ (ហាម៉ាស់) មិនព្រមកាត់រំសាយអាវុធដូចអ្វីដែលពួកគេធ្លាប់សន្យាទេ ពេលនោះពួកគេនឹងទទួលរងតម្លៃខាតបង់ដ៏ខ្ពស់។ ពួកគេត្រូវតែទម្លាក់អាវុធចុះនៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ កាលពីថ្ងៃចន្ទ សាខារបស់ក្រុមហាម៉ាស់បញ្ជាក់ជាថ្មីថាពួកគេនឹងមិនទម្លាក់អាវុធចុះជាដាច់ខាត។

លោកណឺតាន់យ៉ាហ៊ូចាត់ទុកការជួបគ្នាជាមួយលោកត្រាំលើកនេះប្រកបដោយសាច់ការជាទីបំផុត។ លោកប្រកាសថាអ៊ីស្រាអែលត្រៀមផ្ដល់គ្រឿងឥស្សរិយយសខ្ពស់បំផុតជូនលោក។ លោកត្រាំកំពុងទន្ទឹងរង់ចាំមើលការអនុវត្តបទឈប់បាញ់នៅដំណាក់កាលបន្ទាប់។ ក្នុងនោះ មានគម្រោងបង្កើតរដ្ឋាភិបាលនៅហ្កាហ្សាដែលមានសមាសភាពជាក្រុមអ្នកបច្ចេកទេស និងគម្រោងបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពអន្តរជាតិទៅទីនោះ។

មន្ត្រីសេតវិមានបារម្ភថាលោកណឺតាន់យ៉ាហ៊ូប្រហែលជាអនុវត្តបទឈប់បាញ់រាងយឺតយ៉ាវបន្តិចមែន។ ប៉ុន្តែលោកត្រាំអះអាងថាលោក និងលោកណឺតាន់យ៉ាហ៊ូមានចំណុចខ្វែងគំនិតតិចតួចជាទីបំផុត។ លោកមិនបារម្ភនូវអ្វីដែលអ៊ីស្រាអែលកំពុងតែធ្វើនោះទេ។ ចំណែកលោកណឺតាន់យ៉ាហ៊ូក៏ព្យាយាមអូសទាញលោកត្រាំឱ្យងាកមកចាប់អារម្មណ៍អំពីបញ្ហាអ៊ីរ៉ង់។

ប៉ុន្មានខែចុងក្រោយនេះ មន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែល និងសារព័ត៌មានអ៊ីស្រាអែលសម្ដែងការព្រួយបារម្ភថាអ៊ីរ៉ង់ទោះបីទទួលរងការវាយប្រហារនៅក្នុងសង្គ្រាមរយៈពេល១២ថ្ងៃកាលពីខែមិថុនាយ៉ាងណាក្ដី ក៏ប្រទេសនេះមិនរាងចាលទេ។ អ៊ីស្រាអែលបារម្ភថាអ៊ីរ៉ង់ទំនងជាចាប់ផ្ដើមកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួនឡើងវិញ។ លោកត្រាំថ្លែងថាអ៊ីរ៉ង់ប្រហែលជាកំពុងធ្វើសកម្មភាពដ៏អាក្រក់ ហើយទំនងជាកំពុងរកមើលទីតាំងថ្មីសម្រាប់អភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរជំនួសទីតាំងចាស់ដែលត្រូវអាមេរិកវាយប្រហាររួចហើយ។

លោកត្រាំសង្ឃឹមថាអ៊ីរ៉ង់នឹងមិនព្យាយាមអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងជាបន្តទៀតទេ។ បើមិនដូច្នេះទេ យើងគ្មានជម្រើសអ្វីក្រៅពីវាយប្រហារទីតាំងរបស់ពួកគេឱ្យខ្ទេចខ្ទីតែម្ដង។ លោកព្រមានថាលើកនេះ អាមេរិកនឹងវាយប្រហារខ្លាំងជាងលើកមុនទៅទៀត។ ប៉ុន្តែលោកជឿជាក់អ៊ីរ៉ង់នៅតែមានចិត្តចង់សម្រេចឱ្យបានកិច្ចព្រមព្រៀងជាមួយអាមេរិកនៅក្នុងបញ្ហានុយក្លេអ៊ែរ និងមីស៊ីល។ នេះបើយោងតាមឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ