ទីក្រុងម៉ូស្គូ៖ វិមានក្រឹមឡាំងថ្លែងថាបើអ៊ុយក្រែនពិតជាចង់បានសន្តិភាពមែនគួរតែប្រញាប់ដកកងទ័ពរបស់ខ្លួនថយចេញទាំងស្រុងពីតំបន់ដុនបាស់។ ក្រឹមឡាំងថាបើនៅតែច្បាំងគ្នាជាមួយរុស្ស៊ីជាបន្តទៀត អ៊ុយក្រែនប្រឈមនឹងការបាត់បង់ទឹកដីកាន់តែច្រើន។ សព្វថ្ងៃនេះ កងទ័ពរុស្ស៊ីវាយយកបានតំបន់ដុនបាស់ប្រហែល៩០% ខណៈដែលអ៊ុយក្រែនកាន់កាប់១០%។ បន្ទាប់ពីសន្ទនាគ្នាតាមទូរស័ព្ទរវាងលោកត្រាំ និងលោកពូទីនមុនពេលជំនួបកំពូលរវាងលោកត្រាំ និងលោកហ្សេឡិនស្គីនៅរដ្ឋផ្លរីដា អ្នកនាំពាក្យវិមានក្រឹមឡាំងថ្លែងថាការសន្ទនាគ្នារវាងពូទីន និងត្រាំអាចនឹងធ្វើឡើងនៅក្នុងពេលឆាប់ៗនេះព្រោះភាគីទាំង២បានរៀបចំផែនការរួចហើយ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោកប៉េស្កូស សូមមិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចសេរីនៅដុនបាស់ទេ ហើយក៏បដិសេធមិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងអនាគតនៃសិទ្ធិកាន់កាប់រោងចក្រនុយក្លេអ៊ែរនៅហ្សាប៉ូរីហ្សៀដែរ។ រោងចក្រនេះសព្វថ្ងៃស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ វិមានក្រឹមឡាំងយល់ថាការធ្វើអត្ថាធិប្បាយអំពីបញ្ហាទាំងនេះសម្រាប់កាលៈទេសៈនេះហាក់ដូចជាមិនសមទំនងទេ។

នៅពេលអ្នកសារព័ត៌មានសាកសួរពាក់ព័ន្ធនឹងការធ្វើអត្ថាធិប្បាយរបស់លោកយូរី អ៊ូសាកូសទីប្រឹក្សាលោកពូទីនដែលថាអ៊ុយក្រែនត្រូវតែសម្រេចចិត្តឱ្យលឿននៅក្នុងបញ្ហាដុនបាស់ លោកប៉េស្កូសឆ្លើយដោយខ្លីថាអ៊ុយក្រែនគួរតែដកកងទ័ពចេញពីតំបន់ដែលខ្លួនកំពុងកាន់កាប់ដើម្បីប្រគល់ទៅឱ្យរុស្ស៊ី។ លោកថាយើងកំពុងជជែកគ្នាអំពីការដកកងទ័ព (អ៊ុយក្រែន) ពីដុនបាស់។

ចំពោះសំណួរថាតើអ៊ុយក្រែនគួរដកកងទ័ពពីតំបន់ដទៃទៀតទេដូចជាហ្សាប៉ូរីហ្សៀ និងខឺសុនជាដើម? លោកប៉េស្កូសសូមមិនឆ្លើយ។ សព្វថ្ងៃនេះ រុស្ស៊ីកាន់កាប់ទឹកដីអ៊ុយក្រែនប្រហែល២០% គិតទាំងតំបន់គ្រីម៉េដែលរុស្ស៊ីដាក់បញ្ចូលជាទឹកដីរបស់ខ្លួនតាំងពីឆ្នាំ២០១៤, តំបន់ដុនបាស់រុស្ស៊ីកាន់កាប់៩០%, តំបន់ហ្សាប៉ូរីហ្សៀ និងខឺសុនរុស្ស៊ីកាន់កាប់៧៥%។ ក្រៅពីនេះ រុស្ស៊ីកាន់កាប់បានមួយផ្នែកៗនៃតំបន់ខាគីវ (Kharkiv), ស៊ូមី (Sumy), មីកូឡាយ (Mykolaiv) និងឌីនីប្រូប៉េត្រូស (Dnipropetrovsk)។

រុស្ស៊ីអះអាងថាដុនបាស់, ហ្សាប៉ូរីហ្សៀ និងខឺសុនជាទឹកដីរបស់ខ្លួន។ ប៉ុន្តែប្រទេសភាគច្រើននៅលើសាកលលោកគិតថាតំបន់ទាំងនេះជាទឹកដីអ៊ុយក្រែន។ អ្នកនាំពាក្យវិមានក្រឹមឡាំងបង្ហើបឱ្យដឹងថាគម្រោងសន្ទនាគ្នាតាមទូរស័ព្ទរវាងលោកពូទីន និងលោកត្រាំអាចកើតមាន។ ប៉ុន្តែគម្រោងសន្ទនាគ្នារវាងលោកពូទីន និងលោកហ្សេឡិនស្គីហាក់ដូចជាគ្មាននរណាលើកមកនិយាយទាល់តែសោះ។ អ្នកនាំពាក្យរូបនេះនិយាយនៅចុងបញ្ចប់ថាប៉ុន្មានខែខាងមុខនេះ អ៊ុយក្រែនអាចនឹងបាត់បង់ទឹកដីថែមទៀតបើមិនព្រមទទួលយកកិច្ចព្រមព្រៀងសន្តិភាព។ នេះបើយោងតាមការផ្សាយរបស់រ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ