ទីក្រុងកៀវ៖ ប្រមុខដឹកនាំអ៊ុយក្រែនដែលបានជួបលោកត្រាំនៅរដ្ឋផ្លរីដាកាលពីយប់មិញនោះឆ្លៀតព្រមានប្រទេសរុស្ស៊ី ជាពិសេសលោកពូទីន ថាអាមេរិក និងអឺរ៉ុបឈរនៅខាងអ៊ុយក្រែន។ ដូច្នេះបើសិនរុស្ស៊ីមិនព្រមបញ្ចប់សង្គ្រាមទេ អ៊ុយក្រែនក៏នៅតែទទួលបានជំនួយយោធាដើម្បីឈរតតាំងគ្នាជានិច្ច។ នៅក្នុងកិច្ចជំនួបលើកនេះ លោកត្រាំចាត់ទុកថាដំណើរការចរចារីកចម្រើនទៅមុខ។ លោកថាជំហររបស់រុស្ស៊ី និងអ៊ុយក្រែនកាន់តែខិតជិតគ្នាខ្លាំងជាងពេលណាៗទាំងអស់។

កាលពីថ្ងៃអាទិត្យ លោកហ្សេឡិនស្គីចាត់ទុកផែនការសន្តិភាពដែលមានម្ភៃចំណុចនោះសម្រេចបានឯកភាពគ្នា៩០%រួចជាស្រេច។ ប៉ុន្តែលោកត្រាំទទួលស្គាល់ថាចំណុចរសើបមួយចំនួននៅតែខ្វែងគំនិតគ្នានៅឡើយទេ។ នៅក្នុងចំណុចឯកភាពគ្នានោះក៏មាននិយាយអំពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែនផងដែរ។ ហ្សេឡិនស្គីបានស្នើសុំឱ្យលោកត្រាំធានាសន្តិសុខអ៊ុយក្រែនរហូតដល់៥០ឆ្នាំ។

ដោយឡែក អ្វីដែលជាចំណុចរសើបខ្លាំងគឺបញ្ហាបូរណភាពទឹកដី។ ជាពិសេតំបន់ដុនបាស់ដែលកងទ័ពរុស្ស៊ីវាយយកបានពីអ៊ុយក្រែន៩០% ខណៈដែលអ៊ុយក្រែននៅបន្តកាន់កាប់១០%។ លោកត្រាំទទួលស្គាល់ថាបញ្ហាដុនបាស់មិនទាន់និយាយត្រូវរ៉ូវគ្នានៅឡើយទេ។ ប៉ុន្តែយ៉ាងហោចណាស់លោកអះអាងថាភាគីទាំង២និយាយស៊ីសង្វាក់គ្នាជាងមុនច្រើន។ នេះជាបញ្ហាដែលពិបាកចរចាគ្នាបំផុត។ ប៉ុន្តែលោកនៅតែមានជំនឿថាបញ្ហានេះអាចដោះស្រាយចេញ។

ទន្ទឹមនឹងនោះ វិមានក្រឹមឡាំងបញ្ជាក់ឡើងវិញថាអ៊ុយក្រែនត្រូវតែដកកងទ័ពពីតំបន់ដុនបាស់។ ក្រឹមឡាំងថាខ្លួននៅតែរក្សាជំហរដដែល។ បើអ៊ុយក្រែនមិនព្រមប្រគល់ដីតាមសម្រួលទេ រុស្ស៊ីនឹងវាយយកដីដោយកម្លាំងយោធា។ និយាយមួយម៉ាត់ដោយខ្លី រុស្ស៊ីថាខ្លួនត្រូវតែសម្រេចគោលដៅឱ្យបាន។

ទោះបីរដ្ឋាភិបាលរបស់លោកហ្សេឡិនស្គីយល់ព្រមទទួលយកផែនការសន្តិភាពនេះក្ដី លោកថាត្រូវតែយកផែនការនេះទៅដាក់ជូនសភាអនុម័ត ឬដាក់ជូនប្រជាជនបោះឆ្នោតប្រជាមតិតែម្ដង។ លោកថាសង្គមរបស់យើងត្រូវតែជ្រើសរើស ហើយត្រូវតែបោះឆ្នោត។ នេះជាទឹកដីរបស់យើងដែលប្រជាជនយើងត្រូវរស់នៅតជំនាន់។

នាខែមករាខាងមុខនេះ លោកត្រាំនឹងរៀបចំកិច្ចជំនួបជាមួយអង្គការណាតូ និងថ្នាក់ដឹកនាំអឺរ៉ុបដើម្បីសម្រេចយកជាបានការនូវផែនការសន្តិភាពនោះ។ លោករំពឹងថាអឺរ៉ុបនឹងដើរតួនាទីសំខាន់នៅក្នុងការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។ ក្នុងនោះមានការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពទៅអ៊ុយក្រែននៅពេលចប់សង្គ្រាម។ ប៉ុន្តែគម្រោងបញ្ជូនកងទ័ពបរទេសទៅឈរជើងនៅអ៊ុយក្រែននេះជាបញ្ហាចម្រូងចម្រាសដែលរុស្ស៊ីតែងតែបដិសេធជានិច្ច។

អ្នកនាំពាក្យវិមានក្រឹមឡាំងថ្លែងថានៅក្នុងការសន្ទនាគ្នារវាងលោកត្រាំ និងលោកពូទីនមុនកិច្ចជំនួបរវាងត្រាំ និងហ្សេឡិនស្គីនៅផ្លរីដានោះ លោកទាំង២ (ត្រាំ និងពូទីន) បាននិយាយពាក់ព័ន្ធនឹងបទឈប់បាញ់។ លោកពូទីនថ្លែងប្រាប់លោកត្រាំថាបទឈប់បាញ់ដូចដែលអ៊ុយក្រែនបានស្នើសុំនោះរឹតតែអូសបន្លាយសង្គ្រាមឱ្យកាន់តែយូរ។ ប៉ុន្តែអ៊ុយក្រែនថាបើគ្មានបទឈប់បាញ់ទេ ខ្លួនមិនអាចរៀបចំការបោះឆ្នោតប្រជាមតិពាក់ព័ន្ធនឹងការកាត់ខ្វៀលតំបន់ដុនបាស់ទៅឱ្យរុស្ស៊ីបានឡើយ។ នេះបើតាមការផ្សាយរបស់ញូស្វីក (Newsweek) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ