ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារ​ផ្ដាំ​ផ្ញើ​របស់​អគ្គ​លេខា​ UN​​ ចុង​ឆ្នាំ​អំពាវនាវ​ឱ្យ​ពិភព​លោក​ខិត​ខំ​អភិ​វឌ្ឍ​ជា​ជាង​បំផ្លិច​បំផ្លាញ

2 ម៉ោង មុន

ទី​ក្រុង​ញូយ៉ក៖ អគ្គ​លេខាធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ លោក​អង់​តូនីញ៉ូ ហ្គូតេរ៉េស​ មាន​សារ​ផ្ដាំ​ផ្ញើ​នៅ​គ្រា​ចុង​ឆ្នាំ​ និង​សម្រាប់​ដើម​ឆ្នាំ​ថ្មី​ដោយ​អំពាវ​នាវ​ទៅ​មេ​ដឹក​នាំ​ប្រទេស​ទាំង​អស់​ទូទាំង​ពិភព​លោក​​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្វី​ដែល​ជា​ចំណុច​អាទិ​ភាព​ និង​វិនិយោគ​ទៅ​លើ​ការ​អភិ​វឌ្ឍ​ជា​ជាង​ការ​អន្តរាយ​។ លោក​ថ្លែង​ថា​គ្រោះ​ភ័យ​ និង​ភាព​មិន​ប្រាកដ​ប្រជា​កំពុង​ហ៊ុម​ព័ទ្ធ​យើង​រាល់​គ្នា​។ មនុស្ស​ជុំ​វិញ​ពិភព​លោក​កំពុង​ដាក់​ជា​សំណួរ​ថា​តើ​មេ​ដឹក​នាំ​របស់​ពួក​គេ​កំពុង​ស្ដាប់​ពួក​គេ​…

ទី​ក្រុង​ញូយ៉ក៖ អគ្គ​លេខាធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ លោក​អង់​តូនីញ៉ូ ហ្គូតេរ៉េស​ មាន​សារ​ផ្ដាំ​ផ្ញើ​នៅ​គ្រា​ចុង​ឆ្នាំ​ និង​សម្រាប់​ដើម​ឆ្នាំ​ថ្មី​ដោយ​អំពាវ​នាវ​ទៅ​មេ​ដឹក​នាំ​ប្រទេស​ទាំង​អស់​ទូទាំង​ពិភព​លោក​​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្វី​ដែល​ជា​ចំណុច​អាទិ​ភាព​ និង​វិនិយោគ​ទៅ​លើ​ការ​អភិ​វឌ្ឍ​ជា​ជាង​ការ​អន្តរាយ​។ លោក​ថ្លែង​ថា​គ្រោះ​ភ័យ​ និង​ភាព​មិន​ប្រាកដ​ប្រជា​កំពុង​ហ៊ុម​ព័ទ្ធ​យើង​រាល់​គ្នា​។ មនុស្ស​ជុំ​វិញ​ពិភព​លោក​កំពុង​ដាក់​ជា​សំណួរ​ថា​តើ​មេ​ដឹក​នាំ​របស់​ពួក​គេ​កំពុង​ស្ដាប់​ពួក​គេ​ និង​ត្រៀម​ខ្លួន​ចាត់​វិធាន​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ហើយ​ឬ​នៅ​។

យោង​តាម​ស្ថិតិ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ ទំហំ​នៃ​ការ​រង​ទុក្ខ​វេទនា​នៅ​តែ​មាន​​កម្រិត​ស្រួច​ស្រាល់​​​។ មនុស្ស​ជាង​២៥%​រស់​នៅ​ក្នុង​តំបន់​ដែល​កើត​មាន​ជម្លោះ​ប្រដាប់​អាវុធ​, មនុស្ស​ជាង​២​រយ​លាន​នាក់​ត្រូវ​ការ​ជំនួយ​មនុស្ស​ធម៌​ និងមនុស្ស​ជិត​​១២០​​លាន​នាក់​ត្រូវ​ផ្លាស់​ប្ដូរ​ទី​លំ​នៅ​ទៅ​កន្លែង​ថ្មី​ដោយ​សារ​សង្គ្រាម​, វិបត្តិ​សង្គម, គ្រោះ​ធម្ម​ជាតិ ឬ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​។

ទោះ​បី​ពិភព​លោក​ប្រឈម​នឹង​បញ្ហា​ទាំង​នេះ​យ៉ាង​ណា​ក្ដី ប្រទេស​នានា​នៅ​ទូទាំង​ពិភព​លោក​មិន​សូវ​ខ្វាយ​ខ្វល់​ប៉ុន្មាន​ទេ​។ ពួក​គេ​ខ្វាយ​ខ្វល់​អំពី​ការ​ទិញ​​អាវុធ​យុទ្ធ​ភ័ណ្ឌ​ទុក​បាញ់​គ្នា​។ ជាក់​ស្ដែង​ការ​ចំណាយ​លើ​វិស័យ​យោធា​ទូទាំង​ពិភព​លោកនៅ​តែ​បន្ត​កើន​ឡើង​ជា​និច្ច​។ លោកហ្គូតេរ៉េស​កត់​សម្គាល់​ថា​ទំហំ​នៃ​ការ​ចំណាយ​លើ​វិស័យ​យោធា​សរុប​ទូទាំង​ពិភព​លោក​កើន​​ឡើង​ដល់​២,៧​ទ្រី​លាន​ដុល្លារ​។​ ពោល​គឺ​កើនឡើង​ជិត​១០%​បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ ប្រសិន​បើ​​កើន​ឡើង​ថេរ​នៅ​ក្នុង​អត្រា​នេះ ទំហំ​នៃ​ការ​ចំណាយ​លើ​យោធា​​នឹង​កើន​ឡើង​ដល់​៦,៦​ទ្រី​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​២០៣៥​។​

អគ្គ​លេខា​ធិការ​ UN រូប​នេះចង់​សង្កត់​ធ្ងន់​ថា​ការ​ចំណាយ​ទៅ​លើ​អាវុធ​មាន​ទំហំ​១៣​ដង​ច្រើន​ជាង​​​​ការ​ផ្ដល់​ជំនួយ​អភិ​វឌ្ឍ​ទូទាំង​សាកល​លោក​ ហើយ​​​សឹង​តែស្មើ​​នឹង​ទំហំ​ជីឌី​ភី​សរុប​នៅទូទាំង​​ទ្វីប​អាហ្វ្រិក​។ របាយ​ការណ៍​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​​​ចេញ​ផ្សាយ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២៥​បង្ហាញ​ថា​ការ​បង្កើន​ខ្ទង់​ចំណាយ​លើ​​វិស័យ​យោធា​បើ​យក​ទៅ​ធ្វើ​អ្វី​ផ្សេង​បាន​ផល​ប្រយោជន៍​ច្រើន​ណាស់​។ ​បើ់​ដកថវិកា​ត្រឹម​តែ​​៤%​នៃ​ខ្ទង់​ចំណាយ​យោធា​​​ទៅ​​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​​អាច​បិទ​បញ្ចប់​ការ​អត់​-​ឃ្លាន​ត្រឹម​ឆ្នាំ​២០៣០​, បើ​ដក​ជាង​​​១០%​​​អាចទិញ​វ៉ាក់​សាំង​ចាក់​ឱ្យ​​ក្មេង​ៗ​ទូទាំង​សាកល​លោក​, ហើយ​បើ​ដក​​ថវិកា​នោះ​១៥%​មក​ប្រើ​ប្រាស់​អាច​គ្រប់​គ្រាន់​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ប្រែ​ប្រួល​អាកាស​ធាតុ​ប្រចាំ​ឆ្នាំ​នៅ​ប្រទេស​កំពុង​អភិ​វឌ្ឍ​។

នៅ​ចុង​បញ្ចប់​ លោ​កហ្គូតេរ៉េស​ថ្លែង​ថា​ពិភព​លោក​មាន​ធន​ធាន​គ្រប់​គ្រាន់​ដើម្បី​លើក​ស្ទួយ​ជីវិត​រស់​នៅ​, ជួយ​ស្រោច​ស្រង់​ភព​ផែន​ដី​របស់​យើង និង​ជួយ​ធានា​អនាគត​នៃ​សន្តិ​ភាព​ និង​យុត្តិ​ធម៌​។ លោក​សូម​អំពាវ​នាវ​ទៅ​មេដឹកនាំ​នានា​ទូទាំង​សាកល​​លោក​សូម​ជ្រើស​រើស​យក​ការ​លើក​ស្ទួយ​ជីវិត​ប្រជា​ជន និង​ភព​ផែន​ដី​ជា​ជាង​ជ្រើស​រើស​យក​ការ​ធ្វើ​សង្គ្រាម និង​វិនាស​កម្ម​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ស៊ីន​ហួ និង​ប្រភព​ដទៃ​ទៀត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com