ពលរដ្ឋចិនបានភ្ញាក់ផ្អើល នៅពេលមឈូសសពអាថ៌កំបាំងនៅលើជញ្ជាំងថ្ម ជាមរតកប្រវត្តិសាស្ត្រ និងផ្នែកវប្បធម៌ជាច្រើនរយឆ្នាំស្ថិតនៅស្រុកកុង ខេត្តស៊ីឈួន ភាគខាងលិចឆៀងខាងត្បូងប្រទេសចិនមិនខូចខាតក្រោយពីរញ្ជួយដី ។
រញ្ជួយដីក្នុងកម្រិត៥,៤រិកស្ទ័រនៅភាគខាងត្បូងប្រទេសចិនកាលពីថ្ងៃទី២២ មិថុនា ២០១៩ បង្កឲ្យមានអ្នកស្លាប់៤នាក់ ១២៨នាក់រងរបួស និងមានផ្ទះជាច្រើនខ្នងរងការខូចខាត ប៉ុន្តែមឈូសជាច្រើនរបស់ជនអំបូរ«ប៉ូ» (Bo) ដែលបាត់បង់នៅក្នុងរាជវង្សមីញអំឡុងពីឆ្នាំ១៣៦៨-១៦៤៤នោះនៅល្អ ។
លោកហ្វាន់ យូហុង (Fan Yuhong) មន្ត្រីមន្ទីរវប្បធម៌ វិទ្យុ ទូរទស្សន៍ និងទេសចរណ៍របស់ខេត្តថ្លែងថា «ក្រោយពីកើតរញ្ជួយដីយើងបានបញ្ជូនមន្ត្រីទៅពិនិត្យមើលមឈូសសពដែលចងព្យួរ ឃើញថាគ្មានអ្វីរងការខូចខាត ជាសញ្ញាមួយបង្ហាញពីភាពអច្ឆរិយរបស់មនុស្សបុរាណក្នុងសម័យនោះ» ។
ជនអំបូរ«ប៉ូ»ធ្លាប់រស់នៅលើភ្នំដ៏ឆ្ងាយក្នុងភាគខាងត្បូងប្រទេសចិនយូរជាង២២០០ឆ្នាំ និងមានទំនៀមទម្លាប់គោរពដល់អ្នកដែលចែកឋាន ដោយការព្យួរមឈូសនៅខ្ពស់ពីដី ខណៈពេលអ្នកខ្លះមានជំនឿថាការព្យួរនៅទីកាន់តែខ្ពស់គឺមានការគោរពកាន់តែខ្លាំង ។ មឈូសសពដែលព្យួរនៅទីខ្ពស់ជាព្រឹទ្ធបុរសរបស់ក្រុមជនអំបូរនេះ។ លើសពីនេះក៏មានពលរដ្ឋជាច្រើនទៀតយល់ថាការប្រតិបត្តិនេះបង្ហាញពីការគោរពដល់ភ្នំ និងទន្លេ ថែមទាំងបង្ហាញឲ្យឃើញពីសម្ព័ន្ធភាពរវាងអ្នកស្លាប់មានទៅលើភ្នំ ។ ក្រៅពីនេះការព្យួរ ឬដាក់ជាធ្នើសពនៅទីលំហក៏ជួយការពារមឈូសពីសំណើម និងសត្វព្រៃ ។
តឹកតាងដែលនៅសេសសល់នៃពិធីបុណ្យសពរបស់ជនអំបូរ«ប៉ូ»ដែលបានផុតពូជនោះគឺជាទីបញ្ចុះសពនៅលើជញ្ជាំងថ្មភ្នំមានភាពពេញលេញបំផុត ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ