អ្នក​ប្រដាល់​ប្រុស​-​ស្រី​កម្ពុជា​2​រូប​ត្រៀម​ឡើង​សង្វៀន​ ONE ​បរទេស​ខែ​ក្រោយ


រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​យុទ្ធ​សិល្ប៍ ចម្រុះ​កម្ពុជា​២​រូប​ត្រៀម​ធ្វើ​ដំណើរ​ទៅ​ចូលរួម ប្រកួត​ជាមួយ​កីឡាករ​បរទេស​នៅ​លើ​សង្វៀន ONE​ប្រទេស​សិង្ហ​បុរី និង​មី​យ៉ា​ន់​ម៉ា នា​ខែ​ក្រោយ​នេះ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក កែវ ប៉ិន​សូរ​ស្មី ប្រធាន​សហព័ន្ធ​កីឡា​យុទ្ធ​សិល្ប៍​ចម្រុះ​កម្ពុជា​ដែល​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ កក្កដា​។

តាម​រយៈ​សន្និសីទ​សារព័ត៌មាន លោក កែវ ប៉ិ​ន​សូរ​ស្មី បានឱ្យ​ដឹង​ថា អ្នក​ប្រដាល់​យុទ្ធ​សិល្ប៍ចម្រុះ​កម្ពុជា​ទាំង​២​រូប​នោះ​គឺ​កីឡាករ ចាន់ សំអាត និង​កីឡាការិនី អេ ព្រី​យ៉ា​នុ​ត កូនស្រី​បង្កើត​របស់​លោក​អេ​ភូ​ថង ។ កីឡាករ ចាន់ សំអាត​នឹង​ត្រូវធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ប្រទេស​សិង្ហ​បុរី ជាមួយ​អ្នក​ប្រដាល់​មី​យ៉ា​ន់​ម៉ា​ឈ្មោះ​Punny Say​នៅ​ថ្ងៃ​ទី​៦ សីហា ។ ចំណែក​កីឡាការិនី អេ ព្រី​យ៉ា​នុ​ត វិញ​ត្រូវ​ប្រកួត​ជាមួយ​កីឡាការិនី​បារាំង​ឈ្មោះ Souris Manfredi​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​នៅ​ថ្ងៃ​ទី​២ សីហា ។

លោក ហ៊ុន ចាន់​រាជ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​យុទ្ធ​សិល្ប៍​ចម្រុះ​បានឱ្យ​ដឹង​ថា សមត្ថភាព​ប្រកួត​រវាង​កីឡាការិនី អេ ព្រី​យ៉ា​នុ​ត និង​កីឡាការិនី​បារាំង​Souris Manfredi​មាន​កម្រិត​ប្រហាក់ប្រហែល​គ្នា​អាច​ស៊ីសង​គ្នា​បាន​និង​ធ្វើ​ឱ្យ​អ្នក​ទស្សនា​មានការ​ចាប់អារម្មណ៍​ខ្លាំង​។ ចំណែក​គូប្រកួត​របស់​កីឡាករ ចាន់ សំអាត​វិញ​គេ​រស់នៅ​សហរដ្ឋអាមេរិក​តែ​គេ​មក​ហ្វឹក ហាត់​យុទ្ធ​គុន​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​។

ចំពោះ​ក្បាច់​ប្រយុទ្ធ​របស់​គេ​ល្អ​យ៉ាងណា​នោះ លោក​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ដូច្នេះ​កីឡាករ ចាន់ សំអាត ត្រូវ​ស្វែងរក​ចំណុច ខ្សោយ​របស់​គូប្រកួត​ដោយ​ខ្លួនឯង​។ កីឡាករ ចាន់ សំអាត បាន​និយាយ​ថា លោក​បាន​ត្រៀមខ្លួន​រួចរាល់​អស់ហើយ​ទាំង​កម្លាំង​និង​សុខភាព ។ លោក​ថា កំពុង​រង់ចាំ​យ៉ាង​អន្ទះសារ​ចង់ឱ្យ​ការ​ប្រកួត​នោះ​មក​ដល់​ឆាប់​ៗ​ថែម​ទៀត​ផង ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ