សារព័ត៌មានបរទេសផ្សាយថា លិខិតអនុញ្ញាតបរបាញ់ និងសម្លាប់សត្វជិតផុតពូជដូចជារមាសជាដើមនៅក្នុងប្រទេសណាមីប៊ី ត្រូវដេញថ្លៃបានក្នុងតម្លៃ៣៥០.០០០ដុល្លារ នៅឯមជ្ឈមណ្ឌលដេញថ្លៃក្រុងដាលឡាស រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ប៉ុន្តែរងការប្រឆាំងពីក្រុមអភិរក្សសត្វជាង៨០.០០០នាក់ តាមប្រព័ន្ធអីុនធើរណេត ។
ពិធីដេញថ្លៃនោះមានការការពារដ៏តឹងរ៉ឹង ព្រោះក្រុមបាតុករជាច្រើននាក់ប្រមូលផ្តុំនៅបរិវេណខាងមុខកន្លែងដេញថ្លៃ ។ អាមេរិកជាអ្នកឈ្នះក្នុងការដេញថ្លៃនោះបញ្ជាក់ថា ពួកគេបរបាញ់តែរមាសឈ្មោលមានអាយុច្រើន មិនអាចបង្កាត់ពូជបាន ខណៈមជ្ឈមណ្ឌលរៀបចំការដេញថ្លៃបញ្ជាក់ថា ការបរបាញ់រមាសគឺជាការជួយសត្វរមាសអាយុច្រើន ព្រោះវាកាចតែងតែដេញវាយប្រហារ និងសម្លាប់រមាសដែលទន់ខ្សោយ ។ ប្រាក់ទទួលបានពីការដេញថ្លៃ នឹងប្រគល់ដល់រដ្ឋាភិបាលណាមីប៊ីទាំងអស់ ដើម្បីអភិរក្សសត្វ ។
លោកជេហ្វហ្វ្រ៊ី ផ្លុកកេន មកពីមូលនិធិអភិរក្សសត្វព្រៃ (IFAW) បានតបតថា អំណះអំណាងរបស់មជ្ឈមណ្ឌលដេញថ្លៃ «ដាលឡាស សាហ្វារី ក្លឹប» គឺជារឿងគួរឱ្យចង់សើច ។ ការដេញថ្លៃនេះបង្ហាញថា ជនជាតិអាមេរិកយល់ព្រមចំណាយគ្រប់យ៉ាងដើម្បីសម្លាប់សត្វព្រៃ ។
ប្រទេសណាមីប៊ី មានរមាសប្រហែល១ភាគ៣ នៃចំនួនរមាសដែលសេសសល់ប្រហែល៥.០០០ក្បាល នៅលើពិភពលោក និងចេញលិខិតអនុញ្ញាតឱ្យបរបាញ់ចំនួន៣ច្បាប់ ក្នុងមួយឆ្នាំ ។
អ្នកជំនាញបញ្ជាក់ថា បរិមាណតម្រូវការកុយរមាស នៅអាស៊ីកើនខ្ពស់ បង្កឱ្យការបរបាញ់សត្វដោយខុសច្បាប់កើនឡើង ។ ជនជាតិចិន និងវៀតណាម មានជំនឿថា កុយរមាសមានប្រយោជន៍ផ្នែកឱសថ អាចព្យាបាលជំងឺមហា រីក ។ កុយរមាសមួយគីឡូក្រាមតម្លៃ៦៥.០០០ដុល្លារ ៕
ចែករំលែកព័តមាននេះ